កង​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​ម្នាក់​បើក​រថយន្ត​បុក​ម៉ូតូ ហើយ​បើក​រត់​ទៅ​បុក​រះ​រថយន្ត​២​គ្រឿង​ទៀត​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខឹង​ព្រួត​គ្នា​វៃ​ឡើង​ប៉ោង​មុខ

ភ្នំពេញ៖ បុរស​ម្នាក់​ដែល​មាន​មុខ​ងារ​ជា​អនុ​សេនីឯក បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស ផ្នែក​អន្តរាគមន៍​១៤៤ បាន​បើក​រថយន្ត​សាំយ៉ុង​ទៅ​បុក​ម៉ូតូ​នៅ​ឯ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ហើយ​បន្ត​បើក​រត់​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ រហូត​មក​ដល់​ក្បែរ​ច្រក​ចូល​វត្ត​ព្រែក​ថ្លឹង ក៏​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ពីរ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត ដោយ​ឡែក​អ្នក​បើក​រថយន្ត​បង្ក​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខឹង ក៏​នាំ​គ្នា​ព្រួត​វៃ​ឡើង​ប៉ោង​មុខ ។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើនេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែ​ឧសភា​ឆ្នាំ​២០១៧ ដែល​ស្ថិត​នៅ​ឯ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ហើយ​រថយន្ត​បង្ក​នេះ​បាន​បង្ក​ឲ្យ​រថយន្ត​ពីរ​គ្រឿង​ដែល​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ ស្ថិត​ក្នុង​សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រង​ការ​ខូច​ខាត​ថែម​ទៀត។

បុរស​ម្នាក់​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ខាង​នោះ​មាន​ឈ្មោះ មុំ វីរៈ មាន​មុខ​ងារ​ជា​អនុសេនីឯក បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស ផ្នែក​អន្តរាគមន៍​១៤៤​និង​មាន​កាន់​កាប់​អាវុធ​ខ្លី​មួយ​ដើម​ម៉ាក Beretta ផង​ដែរ។

យោង​តាម​សេចក្ដី​រាយការណ៍​ពី​ប្រជា​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​រថយន្ត​សាំយ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ2AL-4359 បាន​បើក​បុក​ម៉ូតូ​១គ្រឿង​មិន​ចាំ​ម៉ាក ហើយ​បើក​រត់​តាំង​ពី​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ។ ខណះ​ពេល​នោះ​រថយន្ត​បង្ក​បាន​បន្ត​បើក​រត់​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ រហូត​មក​ដល់​ក្បែរ​ច្រក​ចូល​វត្ត​ព្រែក​ថ្លឹង ក៏​បាន​បុក​រះ​រថយន្ត​ពីរ​គ្រឿង​ដែល​កំពុង​ធ្វើ​ដំណើរ​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​ថែម​ទៀត សំណាង​ណាស់​ដែល​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ។ ភ្លាមៗ​នោះ​ដែរ​ក៏​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ដែល​នៅ​ក្បែរ​កន្លែង​កើត​ហេតុ និង​បាន​ខឹង​ទៅ​លើ​អ្នក​បើកបរ ក៏​នាំ​គ្នា​ព្រួត​វៃ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ប៉ោង​មុខ ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច។

ក្រោយ​កើត​ហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ឃាត់​ខ្លួន​អ្នក​បើក​រថយន្ត​បង្ក​និង​ឃើញ​មាន​កាំភ្លើង​ខ្លី​មួយ​ដើម​នៅ​ក្នុង​រថយន្ត​បង្ក​ផង​ដែរ ។

បន្ទាប់​មក​សមត្ថកិច្ច​ក៏​យក​រថយន្ត​បង្ក​រួម​ទាំង​អ្នក​បើកបរ​និង​រថយន្ត​រង​គ្រោះ​បញ្ចូន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​រង់​ចាំ​ដោះ​ស្រាយ​គ្នា​នៅ​ពេល​ក្រោយ​តាម​ផ្លូវ​ច្បាប់ ៕