រមណីយ​ដ្ឋាន​​វត្ត​ភ្នំ​​មាន​​បម្រើ​សេវា​​កង់​​មាន​លំ​នឹង សម្រាប់​​ភ្ញៀវ​​ទេស​ចរណ៍​​ជិះ​​កម្សាន្ត

រាជធានី​​ភ្នំពេញ ៖ ពិត​ជា​​កម្រ​​ឃើញ​​មាន​ស្ថាបន​​រដ្ឋ ដែល​​រៀប​ចំ​​ឲ្យ​​ភ្ញៀវ​​ទេស​ចរណ៍ ប្រើ​មធ្យោបាយ​​យាន​ជំនិះ ជិះ​​ទស្សនា​​កម្សាន្ត នៅ​តាម​​រមណីយ​ដ្ឋាន​​នា​នា​​ទេ គឺ​​ធ្លាប់​​ឃើញ​​មាន​តែ​​វិស័យ​​ឯក​ជន ប៉ុន្តែ​​សម្រាប់​​ពេល​​នេះ រាជធានី​​ភ្នំពេញ មាន​ការ​​រៀប​ចំ​​ឲ្យ​​មាន​​សេវា មធ្យោបាយ កង់​​មាន​​លំ​នឹង ឬ balance wheel ដាក់​​បម្រើ​​ជូន​​ភ្ញៀវ​​ទេស​ចរណ៍​​ជាតិ និង​​អន្តរជាតិ ដើម្បី​​ជិះ​​កម្សាន្ត​​ទស្សនា​​ក្នុង​បរិវេណ​​រមណីយ​ដ្ឋាន​​វត្ត​​ភ្នំ​​សម្រាប់​​ការ​ទាក់​ទាញ​​ភ្ញៀវ​​ទេស​ចរណ៍​​ដែរ ហើយ​​ក៏​​មិន​​ធ្លាប់​មាន​​ពី​​មុន​​មក​ ។

លោក ម៉េ​ត មាស​ភក្តី អ្នក​នាំ​ពាក្យ​​រដ្ឋបាល​​រាជធានី​​ភ្នំពេញ បាន​​ឲ្យ​​ដឹង​​ថា ដោយ​​មាន​​សំណូមពរ​​ពី​​ប្រជា​ពលរដ្ឋ ក៏​​ដូច​ភ្ញៀវ​​ទេស​ចរណ៍ រដ្ឋ​បាល​​រាជធានី​​ភ្នំពេញ​​បាន​កុម្ម​ង់​​ទិញ កង់​​មាន​​លំ​នឹង​( balance wheel )​ដើម្បី​​ដាក់​​បម្រើ​​ជូន​​ភ្ញៀវ​​ទេស​ចរណ៍​​ជាតិ និង​អន្តរជាតិ ជិះ​​កម្សាន្ត​​ទស្សនា​​ក្នុង​​បរិវេណ​រមណីយ​ដ្ឋាន​​វត្ត​​ភ្នំ​ ។

លោក​​បន្ត​ថា កង់​​មាន​​លំ​នឹង ឬ Balance Wheel ដាក់​​បម្រើ​​ជូន​​ភ្ញៀវ​​ទេស​ចរណ៍ ក្នុង​ពេល​​នេះ មាន​​ចំនួន​​១០​​គ្រឿង ដែល​​ក្នុង​រយៈ​ពេល​​កន្លះ​​ម៉ោង​​មាន​​តម្លៃ​​២,៥​​ដុល្លារ​សហ​រដ្ឋ​អាមេរិក ឬ​​១​​ម៉ឺន​​រៀល​ក្នុង​​មួយ​​គ្រឿង ហើយ​ប្រសិន​បើ​​មាន​ការ​​គាំ​ទ្រ​​ច្រើន រដ្ឋ​បាល​​រាជធានី​ភ្នំពេញ​​នឹង​​ទិញ​​បន្ថែម​​ទៀត ឬ​​ក៏​​អាច​​ដាក់​​បម្រើ​ជូន ភ្ញៀវ​​ទេស​ចរណ៍​​នៅ​​តំបន់​​ទេស​ចរណ៍​ផ្សេង​​ទៀត​​ផង​​ដែរ​។ លោក ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ដាក់​បម្រើសេវា កង់​មាន​លំនឹង ឬ Balance Wheel នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​នេះ មាន​គោលដៅ​សំខាន់​បម្រើ​ជូន​ភ្ញៀវ​ទេសចរណ៍​ទស្សនា​កម្សាន្ត​ទេសភាព​ដ៏​ស្រស់​ស្អាត​របស់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ជា​ពិសេស​ទៅ​ទៀត​នោះ កម្លាំង​​រក្សា​​សន្តិសុខ​​នៅ​​ទី​នោះ ក៏​​អាច​​ជិះ​​បាន ព្រោះ​មាន​​ភាព​​ងាយ​ស្រួល ដើម្បី​​រក្សា​​ស​រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់​​ជូន​​ប្រជា​ពលរដ្ឋ និង​ភ្ញៀវ​​ទេសចរណ៍​​ទៀត​​ផង​។

អ្នក​នាំ​ពាក្យ​​ដដែល បាន​​បញ្ជាក់​​ថា Balance Wheel នេះ មាន​​ន័យ​​ថា កង់​​មាន​​លំ​នឹង ដែល​​នាំ​​ចូល​​ពី​​បរទេស មាន​​កង់​​តែ​​ពីរ​​ទេ តែ​​វា​អាច​​ទប់​​លំ​នឹង​​បាន ដែល​​ដំណើរ​ការ​​ដោយ​ថាម​ពល​​អា​គុយ មិន​​ចាំ​បាច់​​ចាក់​​សាំង​​នោះ​​ទេ​។

ចំណែក​​មន្ត្រី​​រដ្ឋ​បាល​​រាជធានី​​ភ្នំពេញ ដែល​ទទួល​​បន្ទុក​​មើល​​ការ​​ខុស​​ត្រូវ​​រមណីយ​ដ្ឋាន​​វត្ត​ភ្នំ បាន​​អះ​អាង​​ថា បច្ចុប្បន្ន​​នេះ រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​​វត្ត​​ភ្នំ មាន​​ភ្ញៀវ​​ទេស​ចរណ៍​​ទាំង​ភ្ញៀវ​​ជាតិ និង​​អន្តរជាតិ ប្រមាណ​​៤០០​​នាក់ ក្នុង​​មួយ​​ថ្ងៃ ដែល​​បាន​​ចូល​​ទស្សនា និង​​កម្សាន្ត ហើយ​​ភ្ញៀវ​​ទេស​ចរណ៍​​ទាំង​នោះ ភាគ​ច្រើន គឺ​ជន​ជាតិ​​ចិន​​តែ​​ម្តង​៕