ស្ងោក​ចុច​ទូរសព្ទ​ ងាក​មក​វិញ​នោះ…

ភ្នំពេញ៖ បុរស​ម្នាក់​រវល់​តែ​ចុច​ស្ងោក​មើល​ទូរស័ព្ទ​ដៃ ក៏​រេ​ចង្កូត​ទៅ​បុករះ​សំ​យ៉ាប​ផ្ទះ​និង​សំភារះ​នៅ​មុខ​ផ្ទះ​របស់​ប្រជាពល​រដ្ឋ​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​ជា​ច្រើន ហើយ​រថយន្ត​បង្ក​បាន​ដាច់​ការ​ឡែ​កង់​មុខ​ទៅ​មុខ​លេង​រួច ។


គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អាធ្រាត ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​ក្នុង​បុរី​ពិភព​ថ្មី តាម​បណ្ដោយ​ផ្លូវ​១៩៦២ ស្ថិត​ក្នុង​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ ។

បើ​តាម​សម្ដី​បុរស​ម្នាក់​ដែល​ជា​ម្ចាស់​រថយន្ត​បង្ក​ម៉ាក​ហ្វត​រេន​ជ័រ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AI-1674 បាន​ប្រាប់​ឲ្យ​ដឹង​ថា រូប​គាត់​បាន​បើក​រថយន្ត​បង្ក​ខាង​លើ ដោយធ្វើដំណើតាមបណ្ដោយផ្លូវ១៩៦២ ទិស​ដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​លឿន​ល្មម ដោយ​រូប​គាត់​បាន​ស្ងោក​ចុច​ទូរស័ព្ទ​បន្តិច​សោះ ស្រាប់​តែ​ងើប​មក​វិញ​ស្រាប់​តែ​ជ្រុល​ចង្កូត​ទៅ​បុក​រះ​សំ​យ៉ាប​ផ្ទះ​និង​ថូ​ផ្កា​រួម​ទាំង​ការ៉ូ​ឡា ដែល​ប្រជា​ពលរដ្ឋ​ទុកនៅ​មុខ​ផ្ទះ​បណ្ដាល​ឲ្យ​រាយ​ពេញ​ផ្លូវ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ដោយ​ឡែក​រថយន្ត​បង្ក​ក៏​បាន​ដាច់​កាឡែរ​កង់​មុខ​ផ្នែក​ខាង​ស្ដាំ​ទៅ​មុខ​លេង​រួច​ផង​ដែរ ។

ក្រោយ​កើត​ហេតុ គេ​សង្កេត​ឃើញ​មាន​វត្តមាន​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​និង​ធ្វើ​កំណត់​ហេតុ​ផង​ដែរ តែ​ដោយ​សារ​ភាគី​ខាង​អ្នក​បង្ក​ហេតុ​សុំ​សម្រួល​ជា​មួយ​ម្ចាស់​ផ្ទះ​រងគ្រោះ និង​ធ្វើ​កិច្ចសន្យា​ថា ជួស​ជុល​នៃ​ការ​ខូច​ខាត​ទាំង​អស់​ដល់​ម្ចាស់​ផ្ទះ​រងគ្រោះ ទើប​សមត្ថកិច្ច​ប្រគល់​រថយន្ត​យក​ទៅ​ជួស​ជុល​ដោយ​ខ្លួន​ឯង និង​ដោះ​ស្រាយ​ជា​មួយ​ម្ចាស់​តែ​ម្ដង ៕