បុរស​ដែល​ហៅ​ក្មេងស្រី​លក់​អាកោ​មក​សួរ​រក​ទិញ​តាប៉ែ ស្ទើរក្អួតឈាម​ពេល​ឮ​ចម្លើយ​ថា​…

នា​វេលា​រសៀល​ថ្ងៃ​មួយ ក្នុង​ភូមិ​មួយ មាន​ខ្យល់​រហើយ ​ត្រសៀក​ៗ បក់​មក​ប៉ះ​កាយ​បុរស​វ័យ​កណ្ដាល​៤​នាក់ ដែល​បាន​​អង្គុយ​ហូប​ស្រា ​ស​ជុំ​គ្នា​​នៅ​លើ​គ្រែ១ ក្រោម​ដើម​ស្វាយ​ធំ​មួយ។ ពួក​គាត់​ហូប​បណ្ដើរ ក្លែម​សាច់​បណ្ដើរ ជជែក​គ្នា​លេង​ពី​នេះ​ពី​នោះ​បណ្ដើរ​មិន​ដាច់​សូរ។ ជា​ទម្លាប់​ពួក​គាត់ គាត់​ប្រើ​ពែង​តែ​មួយ ហូប​​ម្ដង​ម្នាក់​វិល​ជុំ។

កំពុង​តែ​ហូប ស្រាប់​តែ​ឮ​សំឡេង​អំពាវនាវ៖ អាកោ​អើ អា​កោ។ ជា​សំឡេង​របស់​ក្មេង​ស្រី​ម្នាក់​អាយុ​ប្រហែល ១៣​ឆ្នាំ ទូល​អាកោ​ដើរ​​លក់​តាម​ផ្លូវ។ ពូ​ម្នាក់​ក្នុង​ចំណោម​នោះ ដែល​ជា​អ្នក​សម្បូណ៌​វោហារ​ជាង​គេ បាន​ឮ​ហើយ​ក៏​គិត​ចង់​ញ៉េះញ៉ោះ​នាង​តូច​នោះ​លេង។ គាត់​ថា ចង់​ដឹង​មើល៍​នាង​ខឹង​អត់ បើ​ខឹង​មុខ​នាង​យ៉ាង​ម៉េច ប្រហែល​ល្អ​សើច​ហើយ​មើល៍​ទៅ

ពូៈ ក្មួយ​ស្រី​មក​នេះ​មក
ក្មេង​ស្រីៈ ចា៎ ពូ (​ហើយ​ក៏​ដើរ​ចូល​ទៅ)
ពូៈ ក្មួយ​មាន​លក់​តាប៉ែ​អត់ តាប៉ែ​កូន​មោក​នោះ​ណា?​
ក្មេង​ស្រីៈ គ្មាន​ទេ​ពូ ​តាប៉ែ​កូន​មោក មាន​តែ ​អាកោ​មី​ចូន
ពូៈ អុញ!​