បាញ់​ប្រហារ​ដល់​ស្នាក់​ការ​ព្រៃ​ឈើ​ក្តុល ជា​ច្រើន​គ្រាប់ បណ្តាល​អោយ​ស្លាប់​ម្នាក់ របួស​ធ្ងន់​៤​នាក់

កំពង់ឆ្នាំង : មនុស្ស​ម្នាក់​ត្រូវ​បាន​ស្លាប់ និង​៤​នាក់​រង​របួស​ធ្ងន់ ក្នុង​អំពើ​បាញ់​ប្រហារ​មួយ ខ្មាន់​កាំ​ភ្លើង​មាន​គ្នា​២​នាក់ ប្រដាប់​ដោយ AK ២​ដើម ចូល​ទៅ​បាញ់​ប្រហារ​ជា​ច្រើន​គ្រាប់ ដល់​ស្នាក់​ការ​រដ្ឋបាល​ព្រៃ​ឈើ​ក្តុល ស្ថិត​នៅ​ស្រុក​ទឹក​ផុស ខេត្ត​កំពង់ឆ្នាំង នា​វេលា​ម៉ោង​១៩ និង​៤០នាទី​យប់​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៧ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​មាន​ឈ្មោះ សឹង ហាត អាយុ​៥៥​ឆ្នាំ ជា​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ នៃ​តំបន់​ក្តុល ចំណែក​៤​ទៀត​ដែល​រង​របួសពុំ​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ ប៉ុន្តែ​ក្នុង​នោះ​៣​នាក់​រង​របួស​ធ្ងន់ មាន​មន្ត្រី​អាវុធ​ហត្ថ​ស្រុក​ម្នាក់ ទាហាន​២​នាក់ និង​ពល​រដ្ឋម្នាក់​ត្រូវ​រង​របួស​ស្រាល ។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ជន​រងគ្រោះ​ទាំង​អស់​កំពុង​ជជែក​គ្នា​លេង នៅ​បរិវេណ​ទី​ស្នាក់​ការ លុះ​វេលា​កើត​ហេតុ ស្រាប់​តែ​លិច​មុខ​ខ្មាន់​កាំភ្លើង​២​នាក់​ស្លៀក​ឯក​សណ្ឋាន​ឈុត​ប៉ា​រ៉ា ប្រដាប់​ដោយ​កាំ​ភ្លើង​ AK ២​ដើម ចូល​មក​ធ្វើ​សកម្មភាព​បាញ់​រះ​ជា​ច្រើន​គ្រាប់​ស្រោច​មក​លើ​ក្រុម​ជន​រងគ្រោះ បណ្តាល​អោយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ម្នាក់​ត្រូវ​ស្លាប់​នៅ​ហ្នឹង​កន្លែង និង​៣​នាក់​ទៀត​ត្រូវ​រង​របួស​ធ្ងន់ ។

ក្រោយ​ការ​បាញ់​ប្រហារ​ពួក​បាន​រត់​គេច​តាម​ដង​ផ្លូវ ហើយ​ក៏​បាន​បាញ់​រះ​ជា​ច្រើន​គ្រាប់​ទៀត បណ្តាល​អោយ​គ្រាប់​កាំ​ភ្លើង ត្រូវ​ចំ​ជើង​ពល​រដ្ឋ​ម្នាក់ ប៉ុន្តែ​សំណាង​ល្អ​ត្រូវ​រង​របួស​សើរ​ស្បែក ។ បន្ទាប់​មក​ខ្មាន់​កាំ​ភ្លើង​ទាំង​២​បាន​រត់​គេច​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​អំពើ​បាញ់​ប្រហារ​កម្លាំង​នគរបាល រួម​មាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើត​ហេតុ ដើម្បី​ពិនិត្យ​វិច្ច័យ​ផង​ដែរ ។ ដោយ​ឡែក​ជន​រង​គ្រោះ ត្រូវ​ដឹក​បញ្ចូន​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក ។

ប្រភព​មិន​ច្បាស់​ការណ៍​មួយ​អោយ​ដឹង​ថា ក្នុង​អំពើ​បាញ់​ប្រហារ​ដដែល​នេះ ក្រោយ​បាញ់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​អោយ​ស្លាប់​ហើយ​នោះ ខ្មាន់​កាំ​ភ្លើង​បាន​ដោះ​យក​ខ្សែ.​ក មាស របស់​ជន​រងគ្រោះ​ទម្ងន់​១​ជី ដែល​ពាក់​នៅ​ជាប់​នឹង​.ក យក​ទៅ​បាត់​ផង​ដែរ ។

ករណី​ខាង​លើ​នេះ មន្ត្រី​សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា ជា​ករណី​អ្វី​គំនុំ ឬ​ករណី​អ្វី​អោយ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ រង់​ចាំ​ការ​ស៊ើប​អង្គេត​បន្ថែម​នៅ​ពេល​ក្រោយ ៕