ពុទ្ធោ​អើយ! មាន​អ្វី​ជាទី​ពឹង​ទៀត ជា​ស្ត្រី​មេម៉ាយ កូន​៤​នាក់ ហើយ​ផ្ទះ​ត្រូវ​ឆេះ​ខ្ចេច រាប​ដល់​ដី

ឧត្តរមានជ័យ ៖ យោង​តាម​គេហទំព័រ អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង ថា ផ្ទះ​មួយ​ខ្នង​របស់​ស្ត្រី​មេម៉ាយ​ម្នាក់ ដែល​មាន​កូន ៤​នាក់​ក្នុង​បន្ទុក ត្រូវ​អគ្គីភ័យ​ឆេះ​ហ្មត់ ទាំងស្រុង​រាប​ដល់​ដី កាល​ពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៧ វេលា​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច នៅ​ចំណុច​ភូមិ​ពាម ក្នុង ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មានជ័យ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ផ្ទះ​ដែល​ឆេះ​មាន​ទំហំ ៦×៧ ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ហើយ​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​ទាំង​អស់ ដូច​ជា​ស្រូវ​៦​បេ អង្ក​១​បេ ទូរទស្សន៍ ០២​គ្រឿង ប៉ាស់​០២ សូឡា និង​អាគុយ​០១ លុយ​៣០​ម៉ឺន​រៀល និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត។

ម្ចាស់​ផ្ទះ ឈ្មោះ សៀង គន្ធា ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ ជា​ស្រី​មេម៉ាយ​មាន​កូន​៤​នាក់​ក្នុង​បន្ទុក រស់​នៅ​ភូមិ​ពាម​ក្នុង ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មា​នជ័យ។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា មូលហេតុ ដែល​បណ្តាលឲ្យ​ឆេះ​នោះ ដោយសារ​ឆ្លង​ចរន្ត​អគ្គិសនី សូឡា៕