បើក​លឿន​ពេក​មិន​ប្រយ័ត្ន ទៅ​បុក​រះ​រថយន្ត​ដឹក​ភេសជ្ជៈ​M-150 និង​រ៉ឺ​ម៉ក​ រង​របួស​ធ្ងន់​ម្នាក់

ភ្នំពេញ៖ រថយន្ត​ម៉ាក ​FUSO មួយ​គ្រឿង បាន​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ឋ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ភេសជ្ជៈ​M-150 ពី​ក្រោយ​និង​បន្ត​ទៅ​បុក​រុឺម៉ក​ម៉ូតូ​ថែម​ទៀត បណ្ដាល​ឲ្យ​បុរស​ម្នាក់​ភាគី​ខាង​រុឺម៉ក​ម៉ូតូ​រង​របួស​ធ្ងន់ ។

គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២​ ខែឧសភា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ផ្លូវ​២១៧ កែង​ផ្លូវ​ច្រក​ចូល​ផ្លូវ​បឹង​តា​ម៉ាត ស្ថិត​ក្នុង​ភូមិ​សំបូរ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ។

បុរស​រង​គ្រោះ​ដែល​ជា​ម្ចាស់​រុឺម៉ក​ម៉ូតូ​មាន​ឈ្មោះ ថៃ រ៉ូ អាយុ​១៩​ឆ្នាំ​មុខ​របរ​អ្នក​រុឺម៉ក ស្នាក់​នៅ​ភូមិ​ឬស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ដោយ​បាន​របួស​បាក់​ភ្លៅ​ឆ្វេង រង​របួស​ធ្ងន់។ រី​ឯ​អ្នក​រងគ្រោះ​បើក​រថយន្ត​ដឹក​ភេសជ្ជៈ​M-150 មាន​ឈ្មោះ នួន សេង​ហាក់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខ​របរ​បើក​រថយន្ត ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មាន​ស្រុក​កំណើត​នៅ​ភូមិ​ពោធិ៍​ជ្រៃ ឃុំ​ស្វាយ​អន្ទរ ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង ។ ដោយ​ឡែក​អ្នក​បើក​រថយន្ត​បង្ក​ម៉ាក​FU SO បាន​ចុះ​រត់​គេច​ខ្លួន​បាត់ បាន​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើត​ហេតុ ។

បើ​តាម​សាក្សី​ដែល​ឃើញ​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គឺ មាន​បុរស​ម្នាក់ រួម​ដំណើរ​ជា​មួយ​មនុស្ស​ស្រី​ម្នាក់ បាន​បើក​រថយន្ត​សាំ​យុង ដែល​ជា​របស់​ក្រុម​ហ៊ុន​ដឹក​ភេសជ្ជៈ​M-150 ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​2I .0523 បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​ល្មម ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ ក៏​បាន​សុី​ញ៉ូ​បត់​ឆ្វេង បំរុង​ចូល​ទៅ​ផ្លូវ​បឹង​តាម៉ាត ភ្លាម​នោះ​ក៏​ត្រូវ​​បាន​រថយន្ត​បង្ក​ម៉ាក​FU SO ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយរៀង 3A-1111 បាន​បើក​មក​ពី​ក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ចាប់​ហ្វាំង​មិន​ទាន់​ក៏​បុក​រថយន្ត​សាំយុង​ពី​ក្រោយ​ពេញ​ទំហឹង​ធ្វើ​ឲ្យ​រថយន្ត​សាំយុង​នោះ​វិល​ត្រឡប់​ក្រោយ​វិញ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ដោយ​ឡែក​រថយន្ត​បង្ក​ម៉ាក​FU SO នៅ​មិន​ទាន់​អស់​ល្បឿន ក៏​ទៅ​បុក​រុឺម៉ក​ម៉ូតូ​ពី​ក្រោយ​ទៀត បណ្ដាល​ឲ្យ​បុរស​ម្នាក់​របួស​បាក់​ភ្លៅ​ខាង​ឆ្វេង​រង​របួស​ធ្ងន់ ភ្លាម​ៗ​អ្នក​បើក​រថយន្ត​បង្ក​បាន​ចុះ​រត់​គេច​ខ្លួន​បាត់ ដោយ​បន្សល់​ទុក​រថយន្ត​បង្ក​នៅ​កន្លែង​កើត​ហេតុ ។

ក្រោយ​កើត​ហេតុ បុរស​ម្នាក់​ដែល​ជា​ម្ចាស់​រុឺម៉ក់​ម៉ូតូ​ហើយ​របួស​ធ្ងន់​នោះ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​ឯកជន សួគ៌ា ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។

បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន​ជំនាញ​ខាង​ចរាចរណ៍ បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ ហើយ​ធ្វើការ​វាស់​វែង​យក​រថយន្ត​បង្ក​និង​រថយន្ត​រង​គ្រោះ​រួម​ទាំង​រុឺម៉ក​ម៉ូតូ​រងគ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ រង់​ចាំ​ដោះ​ស្រាយ​គ្នា​តាម​នីតិវិធី​នៅ​ពេល​ក្រោយ ៕