មនុស្ស​មាន​វិបត្ដិ​៣​នាក់ហើយ លោត​សម្លាប់ខ្លួននៅភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ដែល​ជា​អតីត​និស្សិត​រៀន នៅ​សកល​វិទ្យាល័យ​កម្ពុជា បាន​លោត​ចេញ​ពី​បន្ទប់​ទឹក​ជាន់​ទី​៥ របស់​សកល​វិទ្យាល័យ​មួយ​នេះ សាខា​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ បណ្តាល​ឲ្យ​ស្លាប់​មួយ​រំពេច នា​រសៀល​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៧​នេះ បង្ក​ឲ្យ​មាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ នេះ​បើ​យោង​តាម​លោក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បាន​ប្រាប់​មុន​នេះ​បន្តិច។

លោក ម៉ក់ ហុង បាន​បញ្ជាក់​ថា «ជន​រង​គ្រោះ​មិន​មែន​ជា​សិស្ស​រៀន​នៅ​សាលា​ហ្នឹង​ទេ តែ​ពី​ធ្លាប់​រៀន​ពី​មុន​មក ហើយ​ការ​ធ្លាក់​ចុះ​ពី​អាគារ​ជាន់​ទី​៥​មក​នេះ មិន​ទាន់​ដឹង​ថា ជា​ការ​លោត​ចុះ​ធ្វើ​អត្តឃាត ឬ​ជា​ឃាត​កម្ម​ឡើយ រង់​ចាំ​ការ​ពិនិត្យ និង​ស៊ើប​អង្គេត​បឋម​សិន »។

យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​នេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុង​ធ្វើ​កោសល្យ​វិច្ច័យ​នៅ​កន្លែង​កើត​ហេតុ។ សម្រាប់​អត្ត​សញ្ញាណ​ជន​រងគ្រោះ សមត្ថកិច្ច​មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​ទេ ។

ក្នុង​នោះ​គេ​ក៏​សង្គេត​ឃើញ​មាន​សារ​ព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន បាន​ទៅ​ដល់​ទី​តាំង​ខាង​លើ ប៉ុន្តែ​បាន​ត្រឹម​ឈរ​ផ្តិត​យក​រូប​ភាព​នៅ​ក្រៅ​របង​សកល​វិទ្យា​ល័យ​ប៉ុណ្ណោះ ដោយ​សន្តិសុខ​យាម​កាម មិន​អនុញ្ញាតិ​អោយ​ចូល​ថត​រូប​ភាព ឬ​សាក​សួរ​នាំ​ព័ត៌​មាន​​នៅ​បរិវេណ​ខាង​ក្នុង​ឡើយ ។