លួច​ម៉ូតូ “តុកតុក”​ជិះ​ទៅ​បុក​រថយន្ដ​៥៧០ ឈប់​ភ្លើង​ស្ដុប​ត្រូវ​ចាប់​ខ្លួន

រាជធានីភ្នំពេញ​:​ បុរស​ជា​ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ក្រោយ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ ​បើក​រ៉ឺម៉ក​ម៉ូតូ​បុក​គូទ​រថយន្ត​ឡិច​ស៊ិស​៥៧០​ពី​ក្រោយ បណ្តាល​ឲ្យ​រង​ការ​ខូច​ខាត ​ប៉ុន្តែ​បែរ​ជា ធ្លាយ​រឿង សង្ស័យ​ថា​ជា​ចោរ​លួច​ម៉ូតូ​រ៉ឺម៉ក​ទៅ​វិញ​ក្រោយ​ម្ចាស់​រ៉ឺម៉ក​យក​ឯក​សារ​មក​ផ្ទៀង​ផ្ទាត់ ។

ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ មុខ​​សណ្ឋាគារ “អឹុន​ធើរ​កុង​ទី​ណង់​តាល់”​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​២​ខណ្ឌ​ចំការមន កាល​ពី​វេលា​ម៉ោង ១០​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ​២០១៧ ។

ជន​សង្ស័យ​មាន​ឈ្មោះ ថៃ សិដ្ឋ​ ​អាយុ​៤០ ជា​អតីត​ទាហាន មុខរបរ​សព្វថ្ងៃ​មិន​ពិត​ប្រាកដ ស្នាក់នៅ​បុរី​សូនី​ស្ថិត​នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ​។

ប្រភព​ព័ត៌​មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ ជន​សង្ស័យ​បាន​លួច​ម៉ូតូ​រ៉ឺម៉ក​ដឹក​ទំនិញ​មួយ​គ្រឿង ហើយ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​បំណង​គេច​ខ្លួន លុះ​មក​ដល់​ចំណុច​ស្តុប​ក៏​បាន​បើក​កៀរ​ពី​ក្រោយ​គូទ​រថយន្ត ​ឡិច​ស៊ិស​៥៧០​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ នគរបាល 2-5887 បណ្តាល​ឲ្យ​កំពិត​គូទ​រថយន្ត​និង​បែក​ស្តុប​ផ្នែក​ខាង​ស្តាំ​។ ​ភ្លាម​ៗ​នោះ​ម្ចាស់​រថយន្ត​ឡិច​ស៊ិស ក៏​បាន​មក​ធ្វើ​ការ​ឃាត់​ទាំង​រ៉ឺម៉ក និង​មនុស្ស ប្រគល់​ឲ្យ​សមត្ថកិច្ច ដើម្បី​ដោះ​ស្រាយ​គ្នា បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​កម្លាំង​នគរបាល​មូល​ដ្ឋាន និង​ជំនាញ ចុះ​អន្តរាគមន៍​វាស់​វែង យក​ទាំង​ម៉ូតូ​រ៉ឺ​ម៉ក និងរថយន្តមកដោះស្រាយ នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ខែ​ឆ្នាំ​ដ​ដែល សមត្ថកិច្ច​ផ្នែក​ព្រហ្ម​ទណ្ឌ នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការ​មន បាន​ទទួល​ពាក្យ​បណ្តឹង​ពី​បុរស​ម្នាក់​ស្តី​ពី​ការ​បាត់​រ៉ឺ​ម៉ក​ម៉ូតូ លុះ​ពេល​សមត្ថកិច្ច​បញ្ជូន​រ៉ឺម៉ក​ដែល​បង្ក​គ្រោះ​ថ្នាក់​ខាង​លើ​មក​ដល់ អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការ​មន ម្ចាស់​រ៉ឺម៉ក​បាន​ប្រទះ​ឃើញ ក៏​ទៅ​យក​ឯក​សារ​ពាក់​ព័ន្ធ​មក ហើយ​ពិនិត្យ​មើល​លើ​លេខ​តួ លេខ​ម៉ាស៊ីន ឃើញ​ថា ​ជា​រ៉ឺម៉ក​របស់​ខ្លួន​១០០​ភាគរយ ទើប​សមត្ថកិច្ច​សម្រេច​ឃាត់​ខ្លួន អ្នក​បើក​រ៉ឺម៉ក​តែ​ម្តង ដែលជាប់​សងស័យ​ថា​​ជា​ចោរ​ទើប​លួច​ព្រឹក​មិញ​នេះ ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់ ៕