សព​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ដែល​បាន​ពលី ៤​រូប បាន​បញ្ជូន​ដល់​មាតុភូមិ​វិញ​ហើយ

ភ្នំពេញ៖ សព​កង​កម្លាំង​មួក​ខៀវ​កម្ពុជា ៤​រូប ដែល​បាន​ពលី​ជីវិត ក្នុង​ពេល​បំពេញ​បេសកកម្ម​នៅ​ប្រទេស​អាហ្វ្រិក​កណ្ដាល​នោះ ត្រូវ​បាន​ដឹក​បញ្ជូន​មក​ដល់​ប្រលាន​យន្តហោះ​ពិសេស​នៃ​មាតុភូមិ​កម្ពុជា​វិញ​ហើយ កាល​ពី​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ​២០១៧ នៅ​វេលា​ម៉ោង​៨​និង​០០​នាទីយប់។

ដំណើរ​មក​ដល់​នៃ​សព វីរ​យុទ្ធជន​ទាំង ៤​រូប ត្រូវ​បាន​រៀបចំ​ពិធី​ទទួល​ប្រកប​ដោយ​កិត្តិយស​ខ្ពង់ខ្ពស់​​បំផុត ដោយ​បាន​ការ​ទទួល​​ពី សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល ព្រម​ទាំង​កង​កម្លាំង​ប្រដាប់​អាវុធ​ផង​ដែរ។

វត្តមាន​នៃ​អ្នក​មក​ទទួល​សព​នៃ​កង​កម្លាំង​ទាំង​៤​រូប​រូប មិន​ត្រឹមតែ ក្រុម​គ្រួសារ​ ដែល​បាន​បាត់បង់ កូន ស្វាមី ឪពុក ជាទី គោរព​ស្រឡាញ់​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ​ដែល​សោក​ស្ដាយ អាឡោះអាល័យ​ សូម្បីតែ ប្រមុខ​នៃ​រាជ​រដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន ព្រមទាំង​ថ្នាក់​ដឹក​នាំ និង​អ្នក​ចូលរួម​ដទៃ​ទៀត ក៏​បាន​សម្ដែង សេចក្ដី​ក្រៀមក្រំ សោកស្ដាយ អាឡោះអាល័យ ចំពោះ​ការ​បាត់បង់​កុលបុត្រ​ខ្មែរ​ដ៏​អង់អាច​ទាំង ៤​រូប ក្នុង​បុព្វហេតុ​ការពារ សន្តិភាព​ជាតិ មាតុភូមិ និង​សន្តិភាព​ពិភព​លោក។

បន្ទាប់​ពី​ធ្វើ​ពី​ធី​ទទួល​រួច សព​វីរ​យុទ្ធជន​កម្ពុជា​ទាំង ៤​រូប ត្រូវ​បាន​បញ្ជូន​ទៅ​គេហដ្ឋាន​រៀង​ៗ​ខ្លួន ដើម្បី​រៀបចំ​ពិធី​បុណ្យ​តាម​ប្រពៃណី ឲ្យ​បាន​អធិកអធម គឺ រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និង ខេត្តស្វាយរៀង ព្រម​ដោយ​ការ​ហែហម​ដំណើរ​តាម​ផ្លូវ​ដោយ កម្លាំង​អាវុធហត្ថ និង កម្លាំង​នគរបាល​ផង។

គួរ​រំលឹក​ដែរ​ថា កាល​ពី​ម៉ោង​ប្រមាណ​១​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ២០១៧ ម៉ោង​នៅ​ប្រទេស​កម្ពុជា កង​កម្លាំង​មួក​ខៀវ​កម្ពុជា បម្រើ​ការងារ​នៅ​ប្រទេស​អាហ្រ្វិក​កណ្តាល បាន​រង​ការ​វាយប្រហារ ដោយ​ក្រុម​ឧទ្ទាម បណ្ដាល​ឲ្យ​កម្លាំង​កម្ពុជា ៤​នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស។ កង​ទ័ព​មួក​ខៀវ​កម្ពុជា ដែល​បាន​ពលី​ជីវិត​នោះ​រួម​មាន៖ អនុ​សេនីយ៍​ទោ អ៉ឹម សំ អាយុ ៣៧​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុកពួក ខេត្តសៀមរាប, អនុ​សេនីយ៍​ឯក ម៉ៅ អេង អាយុ​៣៧​ឆ្នាំ មាន​លំនៅឋាន​ក្នុង​សង្កាត់ស្រះចក ខណ្ឌដូនពេញ, ព្រឹន្ទបាល​ទោ ស៊ាង នរិន្ទ អាយុ ៣៥ឆ្នាំ មាន​លំនៅឋាន​ក្នុង​ខេត្តកំពត និង​លោក​ព្រឹន្ទបាល​ទោ មុំ តុលា មាន​ស្រុកកំណើត​នៅ​ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។