រថយន្ដ ឡង់​គ្រីស័រ បើក​បុក​ម៉ូតូ​២​គ្រឿង​ហោះ​ជាង​​១០​​ម៉ែត្រ​ ចុះ​រត់​បាត់..

ភ្នំពេញ​៖ កាល​ពី​ម៉ោង​ជាង​១២​និង​៣៩​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​២១​ ខែ​ឧសភា ឆ្នាំ​២០១៧​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៥៥​កែង​និង​ផ្លូវ​លេខ​៤៥៦​ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ខណ្ឌ​ចំការ​មន រថយន្ត​ ឡង់​គ្រីស័រ មួយ​គ្រឿង បាន​បុក​ម៉ូតូ​២​គ្រឿង​នៅ​ផ្លូវ​បែក​ជា​បួន​បណ្តាល​ឲ្យ​ម៉ូតូ​និង​មនុស្ស​បើុង​ជាង​១០​ម៉ែត្រ​របួស​ធ្ងន់​និង​ស្រាល​៣​នាក់ ។

យោង​តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក ឡង់​គ្រីស័រ ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AL-8979 បើកបរ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើរ​ជា​មួយ​បុរស​ម្នាក់ សង្ស័យ​ស្រវឹង​ស្រា បាន​បើក​តាម​បណ្តោយ​ផ្លូវ​លេខ ៤៥៦​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ផ្លូវ​បែក​ជា​បួន​លេខ​១៣៥​ក៏​ស្រាប់​តែ​មាន​ម៉ូតូ​២​គ្រឿង​ដែល​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ឌ្រីម​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CS-8855​ជិះ​គ្នា​២​នាក់​និង​មួយ​គ្រឿង​មួយ​ទៀត​ម៉ាក ស្តុប​ពី​មីនី ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ​1BH​-5115​ជិះ​ម្នាក់​ឯង​ដែល​កំពុង​ជិះ​លើ​ផ្លូវ​ទន្ទឹម​គ្នា​ ធ្វើ​ដំណើរ​ពី​លេខ ១៣៥ ក្នុង​ទិស​ដៅ​ពី ត្បូង​ទៅ​ជើង ​ក៏​ត្រូវ​រថយន្ត ឡង់គ្រីស័រ ខាង​លើ បើក​ក្នុង​ល្បឿន ជ្រុល​មក​បុក​ម៉ូតូ​ទាំង​២​ចំ​ពាក់​កណ្តាល​យ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​ម៉ូតូ​ទាំង​២​គ្រឿង​ និង​មនុស្ស​៣​នាក់ ហោះ​ បើុង​ជាង​១០​ម៉ែត្រ រង​បួស​ធ្ងន់​និង​ស្រាល​៣​នាក់ បុរស​២​នាក់ របួស​ធ្ងន់​និង​ស្រាល​ម្នាក់​ហើយ​ចំណែក​ម៉ូតូ​ទាំង​២​វិញ ខូច​ខាត​ទាំង​ស្រុង​តែ​ម្ដង ។

ក្រោយ​ពី​កើត​ហេតុ​រថយន្ត​បង្ក​បើក​រថយន្ត​ថយ​បន្តិច​ដោយ​មើល​មិន​សូវ​ស្រួល​ចុះ​ពី​ថយន្ត​ចាក់​ចេញ​ទៅ​បាត់​ដោយ​បន្សល់​រថយន្ត​នៅ​កន្លែង​កើត​ហេតុ​ទុក​ឲ្យ​សមត្ថកិច្ច​វាស់​វែង​យក​រថយន្ត​និង​ម៉ូតូ​ទាំង​២​គ្រឿង​ខាង​លើ ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​ចំការមន រង់​ចាំ​ដោះ​ស្រាយ​​នាពេលក្រោយ ៕