សមត្ថកិច្ចនាំខ្លួនប្អូនថ្លៃដែលប្លន់សម្លាប់បងថ្លៃទើបសម្រាលកូន២ខែទៅធ្វើត្រាប់ (Video)

រាជធានី​ភ្នំពេញ៖ ជនសង្ស័យ​ដែល​រឹត​.ក​សម្លាប់​ស្រ្ដី​ម្នាក់ ប្លន់​យក​ទូដែក កាល​ពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៧ នេះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ឃាត់​ខ្លួន​បាន ហើយ​នាំ​យក​ទៅ​ធ្វើ​ត្រាប់​នៅ​ផ្ទះ​កើតហេតុ កាល​ពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំនុច​ផ្ទះ​លេខI ១៣ ភូមិ​ចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ស្ដ្រី​រង​គ្រោះ​ឈ្មោះ ទូច ម៉ារី អាយុ​៣៣​ឆ្នាំ មានកូន​៤​នាក់ ក្នុង​នោះ​កូន​ទី​១ ជា​កូនភ្លោះ ស្នាក់​នៅ​ផ្ទះ​លេខ​(I១៣) ក្រុម​ទី​៨ ភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទើប​សម្រាលកូន​បាន​រយៈពេល​ជិត​២​ខែ​ប៉ុណ្ណោះ។

ចំណែក​ជនសង្ស័យ​ឈ្មោះ រស់ រីម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិជីនីក ឃុំ​កំពង់សៀម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ត្រូវជា​ប្អូនថ្លៃ​ស្ត្រី​រង​គ្រោះ។

សមត្ថកិច្ច​ខេត្ដបាត់ដំបង​បាន​បញ្ជាក់​ថា ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាល​ពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិបឹងព្រីន ស្រុក​ថ្មគោល ខេត្តបាត់ដំបង រហូត​ដល់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង​ជាង​១០​ព្រឹក​ ទើប​សមត្ថកិច្ច​នាំ​ខ្លួន​មក​​ធ្វើ​ត្រាប់​នៅផ្ទះ​កើតហេតុ។

យោង​តាម​សាក្សី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ ដែល​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ខាង​លើ​នេះ គឺ​ត្រូវ​ជា​ប្អូន​ថ្លៃ​ស្ដ្រី​រងគ្រោះ ហើយ​ជន​សង្ស័យ​ជា​មនុស្ស​ញៀន​ល្បែង ហើយ​អត់​មាន​លុយ​លេង ទើប​សម្លាប់​ប្លន់​យក​ទ្រព្យ​សម្បត្តិ​បង​ថ្លៃ​ខ្លួនឯង​តែម្ដង​ លុះ​ពេល​ដល់​កូន​ច្បង​របស់​គាត់​មក​ពី​រៀន​ទើប​ប្រទះ​ឃើញ​ម្ដាយ​ដេក​ស្លាប់​ក្នុង​បន្ទាប់​ទឹក​ហើយ​គេ​សង្ស័យ​ជា​អំពើ​ឃាតកម្ម​ប្លន់​យក​ទូដែក តែម្ដង។

គួរ​បញ្ជាក់​ថា សមត្ថកិច្ច​ដកហូត​បាន​ លុយ​១.៩១០​ដុល្លារ លុយ​ខ្មែរ​១០​ម៉ឺន​រៀល ទូរស័ព្ទ​ដៃ​២​គ្រឿង និង​ម៉ូតូ​ហុងដា​ឌ្រី​ម សេ១២៥ គ្រឿង​។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ដបាត់បង​ប្រគល់​ឲ្យ​កម្លាំង​កង​រាជ​អាវុធហត្ថ​ក្រុងភ្នំពេញ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ៕