Update: រថយន្ត​ក្រឡុក​សុីម៉ង់ត៍​កិន​ម៉ូតូ ដែល​កំពុង​បត់​របួស​ធ្ងន់​ម្នាក់

ភ្នំពេញ៖ បុរស​ម្នាក់​បាន​បែក​ប្រអប់​ជើង​រង​របួស​ធ្ងន់ ហើយ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យភ្លាម​ៗ ខណៈ ពេលដែរ យុវជន​រងគ្រោះ​រូប​នោះ​ជិះ​ម៉ូតូ បត់​ត្រឡប់​ក្រោយ ត្រូវ​រថយន្ត​ក្រឡុក​សុីម៉ង់ត៍​បុក​ពី​ចហៀង​និង​កិន​ជើង​ជន​រង​គ្រោះ​រួម​ទាំង​ម៉ូតូ​ខ្ទិច ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ដែរ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​488 កែង​និង​ផ្លូវ​លេខ​155 ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន ។

ប្រជា​ពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​វេ​វអាំ​ហ្វា ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1FF. 5676 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៤៨៨ ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ យុវ​ជន​រងគ្រោះ​ក៏​បាន​បត់​ម៉ូតូ​ត្រឡប់​ក្រោយ ភ្លាម​ៗ​នោះ​ក៏​មាន​រថយន្ត​ក្រឡុក​សុីម៉ង់ត៍​មួយ​គ្រឿង ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ 5A.1563 បាន​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​ជា​មួយ​ម៉ូតូ ក្នុង​ល្បឿន​លឿន​ហើយ​ចាប់​ហ្វាំង​មិន​ទាន់ ក៏​កិន​ម៉ូតូ​យុវជន​រងគ្រោះ​ចំ​ពី​ចហៀង​មុខ​ពេញ​ទំហឹង បណ្ដាល​​អូស​ជិត​១០​ម៉ែត្រ និង​កិន​បែក​ប្រអប់​ជើង​យុវ​ជន​រងគ្រោះ​រង​របួស​ធ្ងន់ ។

ក្រោយ​កើត​ហេតុ​ភ្លាម​ៗ ម្ចាស់​រថយន្ត​ក្រឡុក​សុីម៉ង់ត៍​ក៏​បាន ចុះ​រត់​គេច​ខ្លួន​ដែរ តែ​ត្រូវ​ប្រជា​ពលរដ្ឋ​ជួយ​ចាប់​មក​វិញ​ប្រគល់​ឲ្យ​សមត្ថ​កិច្ច ចំណែក​ឯ​យុវជន​រងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីពេទ្យ​ឯក​ជន​ភ្លាម​ៗ ។

បន្ទាប់​មក​ម៉ូតូ​ជនរង​គ្រោះ​និង​រថយន្ត​បង្ក​រួម​ទាំង​ម្ចាស់ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ទទួល​ផ្នែក​ចរាចរណ៍ បាន​ធ្វើ​ការ​វាស់​វែង យក​ទៅ​រក្សា​ទុក​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ រង់​ចាំ​ដោះ​ស្រាយ​គ្នា​តាម​នីតិ​វិធី​ច្បាប់​នៅ​ពេល​ក្រោយ ៕