Update : ស្រវឹង​ស្រា​បើក​រថយន្ត​មិន​ប្រយត្ន័​ប៉ះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ក្រឡាប់​ផ្ងា​ជើង

ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ស្រា​ជោគ​ជាំ​បាន​បើក​រថយន្ត​ទៅ​ប៉ះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងា​ជើង​ឡើង​លើ​សំណាង​ល្អ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០​ខែ​ឧសភា​ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ត្រង់​ចំណុច​មុខ​ហាង​លក់​សំលៀក​បំពាក់​ម៉ូត​ថ្មី​ស្ថិត​ក្នុង​សង្កាត់​មិត្តភាព​ខណ្ឌ ៧មករា​រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ស្ដេះ​ពណ៌​ខ្មៅ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2L.​9773​បើក​បរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថាន​ភាព​ស្រវឹង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ខណះ​មក​ដល់​ចណុច​កើត​ហេតុ​រថយន្ត​បាន​រេចង្កូត​ទៅ​ប៉ះ​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​រង​ការ​ខូច​ខាត​បន្តិច​បន្តួច​ចំណែក​រថយន្ត​បង្ក​ក្រឡាប់​ផ្ងា​ជើង​ឡើង​លើ​តែ​សំណាង​ល្អ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដ៏​ទៃ​ភ្លាមៗ​គេ​ឃើញ​បុរស​ដែល​ជា​អ្នក​បើក​បរ​រថយន្ត​លួន​ចេញ​មក​ទាំង​ខ្លួន​អត់​មាន​អាវ​និង​បែក​ក្បាល​ហូ​ឈាម​ដើរ​ទប់​ខ្លួន​មិន​ចង់​ជាប់​ហើយ​និយាយ​ទៅ​មុខ​ទៅ​ក្រោយ​មិន​ដឹង​ថា​ផ្ទះ នៅ​ទី​ណា។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​រួច​ក៏​បាន​ទំនាក់​ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុង ដើម្បី​រង់​ចាំ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ ៕