ហ្គេមបាញ់ត្រីដុះស្លែដែលនៅក្បែរទីស្នាក់ការគណៈបក្សសង្គ្រោះជាតិ អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌមានជ័យមិនបង្ក្រាបព្រោះ

រាជធានី​ភ្នំពេញ៖ ប្រជាពលរដ្ឋ​ជា​ច្រើន ដែល​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ ហើយ​សង្កេត​ឃើញ​ទីតាំង​ហ្គេម​បាញ់ត្រី​មួយ​កន្លែង​នៅ​ត្រង់​ចំណុច​ខាងជើង​ទីស្នាក់ការ​គណៈបក្ស​សង្ក្រោះ​ជាតិ​ប្រហែល​៣០០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ឃើញ​មាន​យុវជន​ប្រុសស្រី​ចូល​លេង​ជា​ច្រើន ហើយ​ទីតាំង​នោះ​ក៏​ល្បី​ថា​មាន​បង្កប់​នូវ​គ្រឿងញៀន​ទៀត​ផង ដោយ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ឬ​ក៏​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌមានជ័យ​ហ៊ាន​ចុះ​ទៅ​ពិនិត្យ​មើល​និង​បង្ក្រាប​ឡើយ ដោយ​ប្រជាពលរដ្ឋ​បាន​ដាក់​ការ​សង្ស័យ​ថា មក​ពី​កន្លែង​ទីតាំង​នោះ​បាន​បង់​លុយ​កាក់​ប្រចាំ​ខែ​លើ​ពួក​គាត់​ហើយ​មើល​ទៅ ឬ​ក៏​មាន​ខ្នង​អ្នក​ធំ​ហើយ បាន​ជា​ទីតាំង​ហ្គេម​បាញ់ត្រី​ទី​នោះ បើក​លេង​យ៉ាង​រលូន​យ៉ាង​ដូច្នេះ។

បើតាម​ប្រសាសន៍​របស់​សម្ដេច​ក្រឡាហោម ស ខេង ថា​រាល់​បទ​ល្មើស​ល្បែង​សុីសង​គ្រប់​ប្រភេទ លើកលែង​តែល្បែង​សុីសង​ណា​ដែរ​ស្រប​ច្បាប់ ​ក្រៅ​ពី​នោះ​ត្រូវ​ចាប់​ទាំងអស់ ប៉ុន្តែ​ល្បែង​សុី​សង​ហ្គេម​បាញ់​ត្រី​ដុះ​ស្លែ​មួយ​កន្លែង ដែល​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ២ ស្ថិត​ក្នុង​សង្កាត់ចាក់អង្រែលើ​នេះ គឺ​មិន​ឃើញ​មាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ខណ្ឌមានជ័យ ចុះ​ទៅ​បង្ក្រាប​ទីនោះ​សោះ ប្រហែល​ជា​ត្រូវ​ថ្នាំ​សណ្ដំ​របស់​ថៅកែ​ហ្គេម​បាញ់​ត្រី​ហើយ​មើល​ទៅ។

សូម​បញ្ជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ ដែល​ពួក​គាត់​បាន​ជួល​ផ្ទះ​នៅ​ទី​កន្លែង​នោះ ពួកគាត់​មាន​ភាព​ភ័យ​ខ្លាច​ខ្លាំង​ណាស់ រាល់​ពេល​ពួកគាត់​ចេញ​ពី​ធ្វើការ​ទាំង​ថ្ងៃ​ទាំង​យប់ បាន​ដើរ​តាម​ផ្លូវ​កន្លែង​ហ្គេម​បាញ់​ត្រី​នោះ គឺ​សុទ្ធតែ​ក្មេង​ស្ទាវ​ញៀន​ថ្នាំ នៅ​ពាសពេញ​ផ្លូវ​ដែល​ធ្វើឲ្យ​ពួកគាត់​ភ័យខ្លាច​រៀងរាល់​ថ្ងៃយប់​តែម្ដង ហើយ​ពួក​គាត់​ក៏​សូម​ឲ្យ​អាជ្ញាធរ​មេត្តា​ជួយ​បង្រ្កាប​រាល់​ល្បែង​ខុស​ច្បាប់​ទាំងនេះ​ផង ដើម្បី​រក្សា​នូវ​សុវត្តិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ផង សម​នឹង​ពាក្យ​ស្លោក​ថា ភូមិ​ឃុំ​មាន​សុវត្តិភាព​ផងដែរ។

ភ្នាក់ងារ​អ្នក​សារព័ត៌មាន ដំណឹង​យប់មិញ យើងខ្ញុំ​ក៏​បាន​សាកសួរ​ទៅលោក តេង សុីណូ អធិការ​នគរបាល​ខណ្ឌមានជ័យតាម​រយៈ WhatsApp ដែរ តែ​លោក​មិន​តប៕