រថយន្ត​ពាក់​ស្លាកលេខ​ព្រឹទ្ធសភា​មួយគ្រឿង​ពាក់ព័ន្ធ​គេច​ពន្ធ ត្រូវ​ភាគី​ថៃ​ឃាត់​ទុក

បាត់ដំបង៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​អគ្គស្នងការនគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ​រថយន្ត​ដ៏​ទំនើប​មួយ​គ្រឿង ដែល​គេ​សន្និដ្ឋាន​ថា អាច​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចូល​គេច​ពន្ធ​នោះ ត្រូវ​បាន​ភាគី​ថៃ​ធ្វើការ​ឃាត់​ទុក​ជា​បណ្តោះអាសន្ន កាល​ពី​ម្សិលម្ងៃ​នេះ បន្ទាប់​ពីរ​ថយន្ត​ដែល​ពាក់​ស្លាកលេខ ព្រឹទ្ធសភា នេះ​បាន​បើកបរ​ចេញ​ពី​ក្នុង​ទឹកដី​ថៃ បម្រុង​ឆ្លងដែន​ចូល​មក​ប្រទេស​កម្ពុជា​វិញ​។​

ហេតុការ​នៃ​ការ​ចាប់​រថយន្ត​របស់​ព្រឹទ្ធសភា​នេះ​ គឺ​បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ក្នុង​ផ្សារបានឡែម ក្នុង​ទឹក​ដី​ថៃ ទល់​មុខ និង​ច្រក​អន្តរជាតិ​ដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដែល​រថយន្ត​ដែល​ត្រូវ​បាន​ភាគី​ថៃ​ចាប់​នោះ ម៉ាក TOYOTA FORTUNER ពណ៌​​ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០០៦ ពាក់​ស្លាក​លេខ ​ព្រឹទ្ធសភា៣. ​២.០៣៣ បើកបរ​ដោយ​ឈ្មោះ យ៉​ន រិទ្ធី ភេទ​ប្រុស អាយុ​​៣៥​​ឆ្នាំ រស់​នៅ​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន និង​​អ្នក​រួម​ដំណើរ​​៥​នាក់​​ក្នុង​នោះ​មាន ស្រី​​៤​នាក់ និង​​កូន​ក្មេង​ម្នាក់​ផង​។​

ក្រោយ​ពេល​ឃាត់ គឺ​មនុស្ស​ត្រូវ​បាន​ដោះលែង​មក​វិញ​ លើក​លែង​តែ​រថយន្ត​ប៉ុណ្ណោះ​មិន​ត្រូវបាន​ប្រគល់​មក​វិញ​ឡើយ​ ដោយ​តម្រួត​ថៃ​សំអាង​ថា​ខុស​ច្បាប់ ​ ពោល​គឺ​រថយន្ត​នេះ​ជា​ប្រភេទ​រថយន្ត​ចង្កូត​ស្តាំ ។​

បើ​តាម​ការ​អះអាង​ពី​ប្រភព​ច្បាស់​ការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា រថយន្ត​នេះ​បាន​ទិញ​មក​ពី​ថៃ​​មាន​រយៈ​ពេល​យូរ​មក​ហើយ​ បន្ទាប់​មក​ក៏​យក​មក​កឹប​ស្លាកលេខ​ព្រឹទ្ធសភា​ ដោយ​សារ តែ​ម្ចាស់​រថយន្ត​​ជា​សមាជិក​ព្រឹទ្ធសភា​ និង​ជា​អតីត​ខ្មែរ​ក្រហម ប្រចាំ​នៅ​ខេត្តប៉ៃលិន​ ហើយ រថយន្ត​នេះ​អាច​ទិញ​បង់​រំលោះ​មក​ពី​ប្រទេស​ថៃ​ ឬ​អាច​និយាយ​បាន​ថា​ បង់​ពន្ធ​មិន​គ្រប់​។​

ប្រភព​ដដែល​បាន​អះអាង​បន្ត​ថា ការ​ដែល​ត្រូវ​បាន​តម្រួត​ថៃ​ឃាត់​រថយន្ត​នេះ​ បន្ទាប់​ពី​អ្នក​បើកបរ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​រូប​​នេះ បាន​ដឹក​មនុស្ស ៤-៥​នាក់​ ចូល​ទៅ​តាម​ច្រក​អន្តរជាតិ​ដូង​ ឆ្លង​ចូល​ទៅ​ក្នុង​ផ្សារបានឡែម ទឹកដីថៃ ដើម្បី​ទិញ​សម្ភារ​​សម្រាប់​ភ្ជាប់ពាក្យ ប៉ុន្តែ​ចៃដន្យ​ត្រូវ​តម្រួត​ថៃ​ឃាត់​តែម្តង​ ប៉ុន្តែ​គេ​មិន​បាន​ដឹង​ថា កន្លង​មក​មាន​រថយន្ត​គេច​ពន្ធ​នាំ​ចូល​តាម​ច្រក​នេះ​ដែរ​ឬ​ទេ​?​