ថោកទាបមែន! ឪពុក​រំលោភ​កូន​ក្រមុំ​ខ្លួនឯងអាយុ​១៤​ឆ្នាំ​បាន​សម្រេច​ជា​ច្រើន​ដង

ខេត្តស្ទឹងត្រែង៖ បុរស​ម្នាក់​បាន​ចាប់​រំលោភ​សេព​សន្ថវៈ កូន​ស្រី​បង្កើត​របស់​ខ្លួនឯង បាន​សម្រេច​ជា​ច្រើន​ដង ឥឡូវ​ត្រូ​វបាន​បែក​ធ្លាយ​ដល់​ប្រពន្ធ​ប្តឹង​ទៅ​សមត្ថកិច្ច​ឱ្យ​ចាប់​វាយ​ខ្នោះ បញ្ជូន​ខ្លួន​មក​កាន់​ស្នងការរដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង កាល​ពី​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិកោះហិប ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក ហម សាវួន មេ​ប៉ុស្តិ៍​ឃុំអូរស្វាយ​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​មាន​ឈ្មោះ ជិត ម៉ៅ ភេទ​ប្រុស អាយុ​៣៥ឆ្នាំ មុខ​របរ​ជា​អ្នក​នេសាទ​និង​ជន​រងគ្រោះ​ត្រូវ​ជា​កូន​ស្រី​បង្កើត​មាន​ឈ្មោះ ជ ភ អាយុ​១៤​ឆ្នាំ អ្នក​ទាំងពីរ​នាក់​រស់​នៅជាមួយ​គ្នា​ក្នុង​​ភូមិ​ឃំុ​កើតហេតុ​ខាងលើ​។

លោក​មេ​ប៉ុស្ដិ៍​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា មុន​និង​ឈាន​ទៅ​ដល់​ចាប់​ខ្លួន គឺ​ដោយសារ​តែ​ជន​សង្ស័យ បាន​ចាប់​រំលោភ​សេពសន្ថវៈ ទៅ​លើ​កូន​ស្រី​បង្កើត​ជា​ច្រើន​លើក ជា​ច្រើន​សា​នៅ​ផ្ទះ ហើយ​ក៏​មាន​នាំ​កូន​ស្រី​ជា​ជន​រងគ្រោះ​ទៅ​ដាក់​មង ឆ្លៀត​ឱកាស​ចាប់​រំលោភ​នៅ​លើ​កោះ​ជា​រឿយៗ ដោយ​គំរាម​មិន​ឲ្យ​ប្រាប់​នរណា​ទេ សូម្បី​តែ​ម្តាយ បើ​ហ៊ាន​ប្រាប់ ​អញអារ​ក​ចោល​ទាំងអស់

តែ​នៅ​ពេល​ចាប់​រំលោភ​ចុង​ក្រោយ​នេះ កូន​ស្រី​ទ្រាំ​មិន​បាន​នូវ​ការ​ឈឺចាប់​នឹង​ពាក្យ​គំរាម​ពី​ឪពុក​ផង ក៏​លួច​ប្រាប់​ម្តាយ​ឱ្យ​ជួយ ទើប​ធ្វើ​ឱ្យ​មាន​ការ​បែកធ្លាយ​រឿង​ហ្នឹង​តែម្តង​ទៅ ទើប​ប្រពន្ធ​របស់​ជន​សង្ស័យ ដាច់​ចិត្ត​លួច​រាយការណ៍​ទៅ​មេ​ភូមិ​ឲ្យ​ជួយ លុះ​ក្រោយ​មក​លោក​មេ​ភូមិ​ក៏​បាន​ផ្តល់​ដំណឹង​នេះ​ទៅ​លោក​មេឃុំ និង​បាន​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍រដ្ឋបាល​អូរស្វាយ​ចុះ​ធ្វើការ​រឿង​នេះ​ភ្លាមៗ នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃទី​១៩ ខែឧសភា នេះ។

លោក ហម សាវួន ដែល​ជា​មេ​ប៉ុស្តិ៍​ឃុំ​អូរស្វាយ បាន​ឲ្យ​ដឹង​ទៀត​ថា លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​ផ្ទះ​ជន​សង្ស័យ​នៅ​ចំណុច​ភូមិ​ឃំុកើតហេតុ​ខាង​លើ​នោះ ដោយ​ផ្អែក​ទៅ​លើ​សម្ដី​ក្មេង​ស្រី​រងគ្រោះ​និង​ម្តាយ ត្រូវ​ជា​ប្រពន្ធ​ជន​សង្ស័យ​នោះ​ហើយ ទើប​បាន​ឈាន​ដល់​ចាប់ឃាត់​ខ្លួន​ជន​សង្ស័យ​តែម្តង រួច​ក៏​បាន​នាំខ្លួន មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​អូរស្វាយ ដើម្បី​សាកសួរ​ធ្វើ​កំណត់​ហេតុ លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ឧសភា​នេះ បាន​ធ្វើការ​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ខាងលើ​នោះ​មក​កាន់ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ចាត់ការ​បន្ត។

បច្ចុប្បន្ន​ជន​សង្ស័យ​កំពុង​ស្ថិត​នៅ​ស្នងការដ្ឋាន​នៅឡើយ​ ដោយ​មន្ត្រី​សមត្ថកិច្ច​ជំនាញ​នៅ​កំពុង​រៀបចំ​កសាង​សំណំុរឿង​បន្ថែម ដើម្បី​បញ្ជូន​ខ្លួន​ ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​បន្ត​ទៅ​តាម​ច្បាប់៕