ឈើ​ប្រណីត​ដឹក​ចេញ​ទៅ​វៀតណាម កើត​មាន​គគ្រឹកគគ្រេង

ខេត្តរតនគិរី ៖ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ល្មើសច្បាប់​ចាប់ផ្តើម​មាន​ទៀត​ហើយ​ នៅ​ខេត្តរតនគិរី គ្រាន់តែ​ប្តូរ​រូបភាព​ពី​ការ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ទៅ​វៀតណាម តាម​ច្រក​អន្តរជាតិ បង្វែរ​មក​នាំ​ចេញ​តាម​ច្រករបៀង​តូច​ៗ​វិញ ជាក់ស្តែង​កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ឧសភា ២០១៧ ប្រភេទ​រថយន្ត​កែ​ច្នៃ ជា​ច្រើន​គ្រឿង បាន​ដឹក​ជញ្ជូន​ឈើ​បន្តកន្ទុយ​គ្នា ឆ្លងកាត់​ចំណុច ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ ឆ្ពោះទៅ​ប្រទេស​វៀតណាម តាម​ច្រក​ភ្នំ​ក្រហម ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ៗតែច្រើន​​នេះ ឈើ​ត្រូវ​បាន​ចេញ​ទៅ​វៀតណាម​ទាំង​ព្រឹក ទាំង​ថ្ងៃត្រង់ រហូត​ដល់​ពេល​យប់​ក៏​មានដែរ ការ​នាំ​ចេញ​នេះយ៉ាង​អនាធិបតេយ្យ ហើយ​ការ​ដឹក​នោះ គឺ​ប្រភេទ​ឈើ​ហ៊ុ​ប និង​ឈើ​ប្រណីត មានមុខ​កាត់​ធំ​ៗ ដោយ​ដឹក​ជា​ចំហរ គ្មាន​ការ​លាក់លៀម​នោះ​ឡើយ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​នៅ​តំបន់​នោះ បានដឹង ឫ​អត់​នោះ​ទេ ?