យុវតី​ម្នាក់​លង់​ស្នេហ៍​តាម Facebook ពេល​ណាត់​ជួប​គ្នា ក៏​មាន​រឿង​មិន​នឹក​ស្មាន​ដល់​កើត​ឡើង

ខេត្តកណ្ដាល៖ បុរស​ម្នាក់​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ទាក់ទង​ជាមួយ​នារី​វ័យ​ជិត​២០​ឆ្នាំ​ម្នាក់ រហូត​ដល់​លង់​ស្នេហ៍ ហើយ​បាន​ណាត់​ជួប​ផ្ទាល់​មុខ​គ្នា ដើម្បី​បន្ត​និស្ស័យ​ស្នេហ៍​របស់​ពួក​គេ។ តែ​ផ្ទុយ​ទៅ​វិញ នៅ​ពេល​បាន​ឱកាស​ល្អ បុរស​កំហូច​បាន​ស៊ី​ដាច់​ម៉ូតូ​របស់​នាង​ទៅ​វិញ ហើយ​នាង​ក៏​បាន​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​ឃាត់​ខ្លួន​បាន​នៅ​ផ្ទះ​បុរស​កំហូច​នោះ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​ឧសភា ឆ្នាំ​២០១៧ ស្ថិត​ក្នុង​ភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។

យុវតី​រង​គ្រោះ​ឈ្មោះ ស៊ាវ ស្រីនាង អាយុ ១៩​ឆ្នាំ ជា​កសិករ រស់​នៅ​ភូមិ​ព្រែក​ស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។ ចំណែក​បុរស​ដែល​ជាជន​សង្ស័យ​ឈ្មោះ ហេង វិសាល អាយុ​៣៨​ឆ្នាំ ជា​ជាងកាត់សក់ រស់​នៅ​ភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកកោះធំ ខេត្តកណ្ដាល។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​យក​ទៅ​ម៉ាក ហុងដាឌ្រីម C125 ពណ៌​ខ្មៅ ស៊េរី​២០១១។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រងគ្រោះ​និង​ជន​សង្ស័យ​បាន​ស្គាល់​គ្នា​តាម facebook បាន​ប្រមាណ​កន្លះ​ខែ។ ជន​សង្ស័យ​បាន​កុហក​នារី​រង​គ្រោះ​ថា ខ្លួន​ជា​អ្នក​រកស៊ី​លក់​គ្រឿង​សមុទ្រ​នៅ​កំពង់សោម ហើយ​នៅ​លីវ មិន​ទាន់​មាន​ប្រពន្ធ​កូន​ទេ ហើយ​សុំ​នារី​រង​គ្រោះ​ជា​សង្សារ។ ដោយ​ជឿ​ពាក្យ​កុហក​និង​លោង​លោម​របស់ របស់​បុរស​កំហូច​ជា​ជន​សង្ស័យ​នោះ នារី​រង​គ្រោះ​ក៏​យល់​ព្រម​ធ្វើ​ជា​សង្សារ​នឹង​គ្នា។

លុះ​ដល់​ថ្ងៃទី ៩ ខែឧសភា ជន​សង្ស័យ​បាន​សុំ​មក​លេង​ផ្ទះ​នារី​រង​គ្រោះ ដោយ​បាន​ទិញ​អាហារ​សមុទ្រ មាន ម៉ឹក បង្គា បបែល យក​មក​ធ្វើ​ម្ហូប​ហូប​ជុំ​គ្នា​ជាមួយ​គ្រួសារ​នាង ហើយ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ដល់​ថ្ងៃទី ១១ ខែ​ឆ្នាំ​ដដែល ជន​សង្ស័យ​បាន​សុំ​មក​លេង​ផ្ទះ​នារី​រងគ្រោះ​ម្ដង​ទៀត​ដោយ​ណាត់​ជួប​គ្នា​នៅ​វត្តគរ ដែល​ស្ថិត​នៅ​ឃុំពោធិ៍បាន ស្រុកកោះធំ ដោយ​នារី​រងគ្រោះ​បាន​យក​ម៉ូតូ​ខ្លួន​ទៅ​ឲ្យ​ជន​សង្ស័យ​ឌុប​គ្នា​ដើរ​លេង។ ពួក​គេ​ក៏​បាន​ឌុប​គ្នា​ដើរ​លេង និង​បាន​ទៅលេង​វត្ត​ទួលរាជា។ បន្ទាប់​មក ពួក​គេ​បាន​ចូល​លេង​ផ្ទះ​ឈ្មោះ ចាន់ ថន ហៅ​ស្មី ត្រូវ​ជា​មេ​ជាង​សម្អាង​របស់​នារី​រងគ្រោះ។ ដោយ​ឃើញ​ម៉ូតូ​របស់​ឈ្មោះ ចាន់ ថន នៅ​ថ្មី​ស្អាត ក៏​រក​កល​ថា​ខ្លួន​មាន​ការ​ប្រញាប់​ត្រូវ​ត្រឡប់​ទៅ​ភ្នំពេញ​វិញ ហើយ​ឲ្យ​នារី​រង​គ្រោះ​ខ្ចី​ម៉ូតូ​ពី​មេជាង​ខ្លួន​ដោយ​យក​លេស​ថា ម៉ូតូ​មេជាង​មាន​កញ្ចក់ ស្រួល​ជិះ​ចូល​ក្រុង​ភ្នំពេញ។ នារី​រងគ្រោះ​ក៏​បាន​ខ្ចី​ម៉ូតូ​ពី​មេជាង​ខ្លួន​បាន​ដូច​ចិត្ត ហើយ​ក៏​ឌុប​គ្នា​មក​ភ្នំពេញ។

មក​ដល់​ភ្នំពេញ ជន​សង្ស័យ​ក៏​បាន​ប្រើ​ឧបាយ​ម្ដង​ទៀត ថា ខ្លួន​ត្រូវ​ប្រញាប់​ទៅ​យក​ឥវាន់​ដែល​គេ​ផ្ញើ​មក​ពី​កំពង់សោម ដោយ​ទុក​នារី​រងគ្រោះ​ឲ្យ​នៅ​រង់​ចាំ ក្នុង​ហាង​កាហ្វេ​មួយ​ក្បែរ​វិមាន​ឯករាជ ហើយ​ជន​សង្ស័យ​ក៏​យក​ម៉ូតូ​ទៅ​ដោះ​ស្លាក​លេខ​ចោល ហើយ​ឡើង​តែម​ទៅ​ស៊េរី ២០១៥ រួច​យក​ទៅ​លក់​បាត់។ ដោយ​រង់ចាំ​យូរ​ពេក ហើយ​ទាក់ទង​បាន ក៏​ត្រឡប់​មក​ផ្ទះ​វិញ។ មក​ដល់​ថ្ងៃ​ទី​១៨ ខែ​ឆ្នាំ​ដដែល​ទើប​នារី​រងគ្រោះ​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុកកោះធំ។

ក្រោយ​ទទួល​ពាក្យ​បណ្ដឹង កម្លាំង​សមត្ថកិច្ច និង​ជំនាញ សហការ​គ្នា ជាមួយ​ក្រុម​គ្រួសារ ស្រាវជ្រាវ​រក​ឃើញ​អាសយដ្ឋាន​របស់​ជន​សង្ស័យ​ដែល​ស្ថិត​នៅ​ភូមិ​ឃុំ​ខាង​លើ ក៏​ត្រូវ​បាន​ឃាត់ខ្លួន​តែម្ដង ព្រមទាំង​ដក​ហូត​យក​ម៉ូតូ​នោះ​មក​វិញ​ផង។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​សង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​ធ្វើ​សកម្មភាព​បោក​យក​ម៉ូតូ​នារី​រងគ្រោះ​ពិត​ប្រាកដ​មែន។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពង់​កសាង​សំណុំ​រឿង​ដើម្បី​ចាត់​ការ​បន្ត​តាម​ច្បាប់។