បុក​ធ្លាយ​ការ​ដ្ឋាន​អ៊ុត និង​គូស​ផ្លូវ បណ្តាល​អោយ​កម្មករ​២​នាក់​របួស​ធ្ងន់

រាជធានី​ភ្នំពេញ : បុរស​២​នាក់​ស្រវឹង​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក កាម​រី​ហាយ​ប្រ៊ីត ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ធ្លាយ​ទី​តាំង​ការ​ដ្ឋាន​អ៊ុត​ផ្លូវ​ខ្នាត​តូច​របស់​មន្ទីរ​សាធារណៈ​ការ​រាជធានី​ភ្នំពេញ បណ្ដាល​អោយ​កម្មករ​២​នាក់ ត្រូវ​រថយន្ត​បុក​ប៉ើង​ជាង​២០​ម៉ែត្រ​រង​របួស​ធ្ងន់ ។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ កើត​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីវង្ស ទល់​មុខ​មន្ទីរពេទ្យ កាល់​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ។

យោង​តាម​ប្រភព​ព័ត៌មាន នៅ​កន្លែង​កើត​ហេតុ អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ គេ​សង្កេត​ឃើញ​បុរស​២​នាក់ បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ហាយ​ប្រ៊ីត ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AK – 5300 បើក​បរ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីវង្ស​ ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង ក្នុង​ល្បឿន​លឿន និង​ពិសេស​ក្នុង​ស្ថាន​ភាព​ស្រវឹង​នោះ បាន​បើក​មក​ដល់​ចំណុច​កើត​ហេតុ មិន​ប្រយ័ត្ន​ជ្រុល​បុក​រះ ទី​តាំង​ការដ្ឋាន​ខ្នាត​តូច កំពុង​គូស​ស្លាក​សញ្ញា និង​អ៊ុត​ផ្លូវ​នៅ​ចំណុច​ខាង​លើ បណ្ដាល​អោយ​បុក​រះ​កម្មករ​២​នាក់​ដែល​កំពុង​ឈរ​ធ្វើការ ផ្លោង​ជិត​២០​ម៉ែត្រ​រង​របួស​ធ្ងន់​ធ្ងរ ត្រូវ​បាន​ក្រុម​កម្មករ​ដូច​គ្នា​ជួយ​ហៅ​រថយន្ត​សា មុយ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​មក​ទទួល​យក​ចូល​មន្ទីរ​ពេទ្យ​ដើម្បី​ធ្វើការ​សង្គ្រោះ ។

ភ្លាមៗ​ម្ចាស់​រថយន្ត​បង្ក​ទាំង​២​នាក់ ពុំ​បាន​រត់​គេច​ទៅ​ណា​ឡើយ ហើយ​ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​មូល​ដ្ឋាន​ឃាត់​ខ្លួន​បញ្ចូន​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្រះចក បណ្ដោះ​អាសន្ន ។

ក្រោយ​កើត​ហេតុ កម្លាំង​នគរបាល​មូល​ដ្ឋាន​សហការ​ជា​មួយ​ជំនាញ ចុះ​អន្តរាគមន៍​ធ្វើ​ការ​វាស់​វែង​អូស​យក​រថយន្ត​ខាង​លើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នី​តិ​វិធី​ច្បាប់ ។

ក្នុង​នោះ​ដែរ ជន​បើក​រថយន្ត​ទាំង​២​នាក់ ក៏​ត្រូវ​បាន​ឃាត់​ខ្លួន​បញ្ជូន ការិយាល័យ​ចរាចរណ៍​ក្រុង​ភ្នំពេញ​ជា​មួយ​គ្នា​ផង​ដែរ ៕