បុរស​ជនជាតិ អ៊ែកឡង់ម្នាក់ ចូល​ទៅ​ផឹក​ទឹក​តែ​ក្នុង​ហាង​បារាំង បណ្ដាល​ឲ្យ​គាំង​បេះ​ដូង​ស្លាប់

Update

ភ្នំពេញ៖ ហេតុការណ៍​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង បន្ទាប់​ពី បុរស​ជន​ជាតិ អ៊ែកឡង់ ម្នាក់​ចូល​ទៅ​ផឹក​ទឹក​តែ​ក្នុង​ហាង​បារាំង បណ្ដាល​ឲ្យ​គាំង​បេះដូង​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​កើត​ហេតុ កាល​ពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ហាង​បារាំង​យីហោ សា សា ទី​តាំង​ផ្ទះ​លេខ​១ ផ្លូវ​លេខ​១៧២​ភូមិ​១៤ សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ ។

ជន​រងគ្រោះ​ឈ្មោះ​Creagh Donal Eoin អាយុ​ជាង​៤០​ឆ្នាំ ជន​ជាតិ​អ៊ែក​ឡង់ ។

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​គេ​ឃើញ​បុរស​រូប​នេះ​បាន​ដើរ​ចូល​ទៅ​ក្នុង​ហាង​បារាំង ហើយ​ពេល​ចូល​ទៅ​ដល់​ជន​រងគ្រោះ​បាន​ហៅ​ទឹក​តែ​ផឹក ស្រាប់​តែ​ផឹក​បាន​មួយ​កែវ​ក៏​ដួល​ធ្លាក់​ខ្លួន​ពី​លើ​កៅ​អី​ទៅ​និង​ឥដ្ឋ ភ្លាម​នោះ​បុគ្គលិក​នៅ​ក្នុង​ហាង​បាន​នាំ​គ្នា​ជួយ​បឋម ដោយ​ខ្លះ​យក​ប្រេង​កូឡា​មក​រឹត​និង​ធ្វើ​ចលនា តែ​អកុសល​ជន​រងគ្រោះ​បាន​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​កន្លែង​កើត​ហេតុ​ដើម្បី​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​លើ​សាក​សព​ផង​ដែរ ។ចំណែក​ឯ​ករណី​នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ជំហាន​ដំបូង​ថា មូល​ហេតុ​គាំង​បេះដូង ។

ក្រោយ​ពេល​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិច័យ រួច​និង​ទំនាក់​ទំនង​ទៅ​ស្ថាន​ទូត​ដើម្បី​យក​សាក​សព​ទៅ​ប្រទេស​ដើម​វិញ ៕