ខឹង​គេ​ញ៉ែ​សង្សារ​តាម«ហ្វេស​ប៊ុក»យក​ប៉័ងតោ និង​ដំបង មក​បញ្ចប់​បញ្ហា ប៉ុន្តែ​មិន​ទាន់​បាន​កាប់​ប្រហារ​ផង ត្រូវ​សមត្ថកិច្ច​វាយ​ខ្នោះ

រាជធានី​ភ្នំពេញ ៖ សិស្ស​ទំនើង​២​នាក់ ក្នុង​ចំណោម​បក្ស​ពួក​ជា​ច្រើន ប្រដាប់​ទៅ​ដោយ​ដាវ ដំបង និង​ដុំ​ថ្ម គ្រប់​ដៃ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ ធ្វើការ​ឃាត់​ខ្លួន ក្រោយ​ពួក​គេ​ប៉ុង​ប៉ង​ធ្វើ​សកម្មភាព​វាយ​កាប់​ប្រហារ​ទៅ​លើ​យុវជន ជា​សិស្ស​វិទ្យាល័យ​បឹង​ត្របែក​ម្នាក់ ពាល់​ព័ន្ធ​នឹង​រឿង​ដណ្ដើម​សង្សារ​គ្នា ។

ការ​ឃាត់​ខ្លួន​ពួក​គេ នៅ​ចំណុច​ផ្លូវ​លេខ​៤៨៨​កែង​ផ្លូវ​លេខ​១០៥ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន កាល​ពី​វេលា​ម៉ោង ១០ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី ១៨ ឧសភា ឆ្នាំ២០១៧ ។

សិស្ស​ទំនើង​ទាំង​២​នាក់​ខាង​លើ មាន​ឈ្មោះ​ទី១​​ ផល បញ្ញា​ អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​សង្កាត់​បឹង​ទំពុន. ខណ្ឌ​មានជ័យ និង​ទី​២​ឈ្មោះ ភាព ម៉េង​គ្រុប អាយុ​១៨​ឆ្នាំ​ស្នាក់​នៅ​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ ។ អ្នក​ទាំង​២​ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ទួល​ទំពូង ។

មន្ត្រី​សមត្ថកិច្ច​អោយ​ដឹង​ថា ដំបូង​ឡើយ​កម្លាំង​នគរបាល​មូល​ដ្ឋាន បាន​ប្រទះ​ឃើញ​សិស្ស​វិទ្យាល័យ​ខាង​លើ​មួយ​ក្រុម​ធំ​មាន​គ្នា​ពី​១០ ទៅ​១៥​នាក់ ប្រដាប់​ដោយ​ដំបង និង​ដុំ​ថ្ម ប្រមូល​ម្តុំ​គ្នា​នៅ​ជិត​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ក មិន​ដឹង​ថា ពួក​គេ​បំណង​ប៉ុន​ប៉ង​វាយ​នរណា​នោះ​ទេ ។

ដោយ​ឃើញ​ដូច​នេះ សមត្ថកិច្ច​បាន​ជិះ​ទៅ​ក្បែរ ដើម្បី​សាក​សួរ​នាំ ប៉ុន្តែ​កំឡុង​ពេល​ឃើញ​សមត្ថកិច្ច​ពួក​គេ​បាន​ព្យាយាម​ជិះ​រត់​គេច​ខ្លួន ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ហៅ​គ្នា​តាម​វិទ្យុ​ទាក់​ទង​ស្ទាក់​ចាប់​បាន​២​នាក់ នៅ​ចំណុច​ផ្លូវ​៤៨៨​ កែវ​ផ្លូវ​១០៥ ដោយ​ឡែក​បក្ស​ពួក​ផ្សេង​ទៀត​បាន​ជិះ​ម៉ូតូ​រត់​គេច​អស់ ។

ក្នុង​ការ​ឃាត់​ខ្លួន​ជន​ទាំង​២​នាក់ សមត្ថកិច្ច​ដក​ហូត​បាន កាំបិទ ប៉័ង​តោ១ ដុំ​ថ្ម​៣​ដុំ ដំបង​ដែក​ធំ​១ នៅ​ក្នុង​កា​តាប​របស់​ពួក​គេ ។

ចំពោះ​មុខ សមត្ថកិច្ច​ពួក​គេ​បាន​ឆ្លើយ​សារ​ភាព​ថា មូល​ហេតុ​ដែល​ខ្លួន និង​បក្ស​ពួក​នាំ​គ្នា​មក​ប្រមូល​ម្តុំ​នៅ​ចំណុច​ខាង​លើ ដោយ​មាន​ប្រដាប់​ដោយ​ដាវ និង​ដុំ​ថ្ម នោះ​គឺ ដើម្បី​មក​គំរាម យុវជន​ម្នាក់​ជា​សិស្ស​រៀន​ថ្នាក់​ទី១១ រៀន​នៅ​វិទ្យាល័យ​បឹង​ត្របែក ដែល​បាន​ទាក់​ទង​មិត្ត​ស្រី​របស់​ពួក​ខ្លួន រៀន​ថ្នាក់​ទី​១១​ដូច​គ្នា នៃ​វិទ្យាល័យ​ខាង​លើ ឈ្មោះ​ស្រី​លីន អាយុ​១៧​ឆ្នាំ. ។

យ៉ាង​ណា​មិញ​បច្ចុប្បន្ន ពួក​ត្រូវ​ឃាត់​ខ្លួន​បណ្ដោះ​អាសន្ន នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​នគរបាល​ផ្សារ​ដើម​ថ្កូវ ដើម្បី​សមត្ថកិច្ច​ធ្វើ​ការ​អប់រំ និង​រង់​ចាំ​អាណាព្យាបាល​មក​ធ្វើ​កិច្ចសន្យា​ទទួល​យក​កូន​ទៅ​អប់រំ​បន្ថែម​ឡើង​វិញ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ករណី​ខាង​លើ​នេះ សំណាង​ដែរ​ដែល កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​អន្តរាគមន៍​ឃាត់​ខ្លួន​សិស្ស​ទំនើង​ខាង​លើ​ទាន់​ពេល​វេលា បើ​ពុំ​ដូច្នេះ​ទេ មិន​ដឹង​ថា ពួក​គេ​នឹង​បង្ក​រឿង​ហេតុ​អោយ​ធំ​ឡើង រហូត​ឈាន​ដល់​មាន​ហិង្សា​កាប់​ចាក់​សម្លាប់​បង្ក​អោយ​មាន​មនុស្ស​រង​របួស ឬ​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​ប៉ុណ្ណា​ឡើយ ៕