សិស្ស​ថ្នាក់​ទី ៧-៩ នឹង​ចេះ​ក្បាច់​គុន​ល្បុក្កតោ

រាជធានី​ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង កីឡា បាន​សម្រេច​បញ្ចូល​ក្បាច់​គុណ​ល្បុក្កតោ ​ក្នុង​កម្មវិធី​ក្នុង​កម្មវិធី​អប់រំ​កាយ​និង​កីឡា​កម្រិត​មធ្យម​សិក្សា​បឋម​ភូមិ​ជា​ផ្លូវការ​ហើយ។

លោក រ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា បាន​ឲ្យ​ដឹង​តាម​រយៈ​សារ​អេឡិចត្រូនិក​កាល​ពី​ថ្ងៃ​ទី ១៧ ខែឧសភា ឆ្នាំ២០១៧​ថា ការ​បញ្ចូល​គុន​ល្បុក្កតោ​ក្នុង​កម្មវិធី​អប់រំ​កាយ​និង​កីឡា​នេះ គឺ​បញ្ចូល​ក្បាច់​និង​ស្នៀត​មូលដ្ឋាន រួម​ទាំង​ទ្រឹស្ដី​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​មួយ​ចំនួន ឲ្យ​សិស្សានុសិស្ស​បាន​សិក្សា​ស្វែងយល់ ដើម្បី​ចូលរួម​អភិរក្ស​និង​អភិវឌ្ឍន៍ ព្រលឹង​ក្បាច់គុន​នេះ ដែល​ជា​វប្បធម៌​ខ្មែរ ឲ្យ​កាន់តែ​រីក​ចម្រើន។ យ៉ាងណា​មិញ ការ​អនុវត្ត​សៀវភៅ​អប់រំ​កាយ​ ដែល​ដាក់​បញ្ចូល​ក្បាច់គុន​ល្បុក្កតោ​នេះ នៅ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​ច្បាស់លាស់​នៅ​ឡើយ​ទេ រង់​ចាំ​ការ​រៀប​ចំ​គ្រូ​បង្គោល​រៀបរយ​សិន។