ជិះ​ដល់​ផ្លូវ​កែង​មិន​ប្រយ័ត្ន ក៏ បុក​គ្នា​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​របួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់

ភ្នំពេញ៖ បុរស​ម្នាក់​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ ហើយ​ម្នាក់​ទៀត​បាន​របួស​ស្រាល ខណៈ​ដែរ​ពួក​គាត់​ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​បាន​បុក​គ្នា​ត្រង់​ចំណុច​ផ្លូវ​កែង ។

គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង១១​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​៣៣៦ កែង​ផ្លូវ​២៥១ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​វី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AV.7671 បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៣៦ ទិស​ដៅ​ពី​កើត​ទៅ​លិច បំរុង​មក​ផ្លូវ​២៥១​ហើយ​បត់​ឆ្វេង ខណៈ​ពេល​មក​ដល់​ផ្លូវ​កែង​បត់​បាន​ពាក់​កណ្ដាល​ផ្លូវ ក៏​ត្រូវ​បាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​វីវ៉ា​ដូច​គ្នា ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BS.1590 បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៥១ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ហើយ​មិន​ប្រយ័ត្ន​ដូច​គ្នា​ក៏​បុក​ម៉ូតូ​វីវ៉ា​ដែល​រៀប​និង​បត់ ចំ​ពី​ចំហៀង​ខាង​មុខ​ពេញ​ទំហឹង បណ្ដាល​ឲ្យ​ភាគី​ខាង​បុក​រង​របួស​ធ្ងន់ ឯ​ភាគី​ខាង​ជិះ​ម៉ូតូ​បត់​រង​របួស​ស្រាល ដោយ​ឡែក​ម៉ូតូ​រង​ការ​ខូច​ខាត​ទាំង​២​គ្រឿង ។

ក្រោយ​កើត​ហេតុ​ភ្លាម​ៗ បុរស​ម្នាក់​ដែល​រង​របួស​ធ្ងន់ ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ឯក​ជន​ភ្លាមៗ ហើយ​សមត្ថកិច្ច​មូល​ដ្ឋាន​ដែល​ទទួល​ផ្នែក​ចរាចរណ៍ ក៏​បាន​ចុះ​មក​ធ្វើ​ការ​វាស់​វែង យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក រង​ចាំ​ភាគី​ទាំង​សង​ខាង​ចូល​ខ្លួន​មក ដោះ​ស្រាយ​តាម​ក្រោយ ៕