ឡាន​ដឹក​ត្រី ចូល​ក្រុង​ទាំង​យប់ ទាំង​ថ្ងៃ តែ​ម្ដង​ដោយ​មិន​ខ្វល់​ពី​បញ្ហា​អ្វី​ឡើយ

ភ្នំពេញ៖ រថយន្ត ហ៊ីយ៉ាន់ដាយ មួយ​គ្រឿង បាន​បើក​ដឹក​ត្រី​មក​ពី​អ្នក​លឿង ហើយ​មក​ដាច់​ចង្កូត​ជ្រុល​ទៅ​បុក​សួន​ឡើង​​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​និង​ចាក់​ត្រី​ចោល​ពេញ​ផ្លូវ ។ គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​បាន​បង្ក​ឡើង​កាល​ពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​សង្កាត់​ឬស្សី​កែវ ខណ្ឌ​ឬស្សីកែវ រាជធានី​ភ្នំពេញ។

បើ​តាម​សម្ដី​អ្នក​បើក​បរ​រថយន្ត​បង្ក​ខាង​លើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​បើក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B.5080 ដឹក​ត្រី​មក​ពី​អ្នក​លឿង បំណង​មក​ដាក់​នៅ​ម្ដុំ​គីឡូ​ម៉ែត្រ​លេខ​៩ ក្នុង​ខណ្ឌ​ឬស្សី​កែវ ខណៈ​ពេល​ដែល​ធ្វើ​ដំណើរ​មក​ដល់​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ និង​ដល់​កន្លែង​កើត​ហេតុ រថយន្ត​បង្ក​ក៏​បាន​ដាច់​ចង្កូត​រេ​ទៅ​បុក​សួន​និង​ឡើង​ពី​លើ​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​សួន​យ៉ាង​ដំណំ ហើយ​ពេល​នោះ​ទូ​ដាក់​ត្រី​ក៏​បាន​ដាច់​ខ្សែ​ធ្លាក់​មក​ផ្លូវ​ចេញ​ត្រី​វា​ពេញ​ផ្លូវ​តែ​ម្ដង ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​នៅ​ក្បែ​ទី​កន្លែង​នោះ​នាំ​គ្នា​មក​ចាប់​ទុក​ធ្វើ​ម្ហូប​គ្រប់​ៗ​គ្នា ។

ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​ដែរ គឺ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ គឺ​គ្រន់​តែ​ខូច​ខាត​ដល់​សួន​ទ្រូង​ផ្លូវ​របស់​សម្បត្តិ​រដ្ឋ និង​ខូច​ខាត​រថយន្ត​បង្ក​តែ​ប៉ុណ្ណោះ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ និង​ឲ្យ​ម្ចាស់​រថយន្ត​បង្ក​សាង​ត្រី​ដាក់​ទៅ​រថយន្ត​ផ្សេង ដើម្បី​យក​ទៅ​លក់​ដូច​ធម្មតា ដោយ​ឡែក​រថយន្ត​បង្ក​វិញ​ត្រូវ​បាន​ជំនាញ​ផ្នែក​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ចុះ​ទៅ​ស្ទូច​យក​ទៅ​រក្សា​ទុក រង់​ចាំ​ម្ចាស់​ចូល​ទៅ​ដោះ​ស្រាយ​តាម​នីតិ​វិធី​ច្បាប់ ៕