យីស! អង្គុយ​ផឹក​ទឹក​ត្នោត​ជួរ​កំពុងតែ​ឆ្ងាញ់ ស្រាប់តែ​មក កាប់​យក​ៗ​តែ​ម្ដង បាន​ដេរ​២០​ថ្នេរ​ទៅ

រាជ​ធានី​ភ្នំពេញ៖ យុវជន​វ័យ​ជំទង់ ៣​នាក់ ត្រូវ​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​៥​នាក់​កាប់ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ម្នាក់ (ដេរ​២០​ថ្នេរ) ខណៈ​ដែល​ពួក​គេ​កំពុង​អង្គុយ​ផឹក​ទឹក​ត្នោត​ជូរ​មួយ​កន្លែង នៅ​ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅ​ថ្ងៃទី ១៦ ឧសភា ២០១៧។


ជន​សង្ស័យ​ទាំង ២​នាក់​មាន​៖ ១. ឈ្មោះ ស្ដី ទីណា អាយុ ១៩​ឆ្នាំ ២. ឈ្មោះ អូន ឡន អាយុ​១៩​ឆ្នាំ។ ចំណែក​ជន​រងគ្រោះ ឈ្មោះ វេង សុធារ៉ា អាយុ ១៦​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។​

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ ជនរងគ្រោះ​បាន​សុំ​ម្ដាយ​ទៅ​ទិញ​សម្លៀកបំពាក់​នៅ​ផ្សារ​ដំបូលខៀវ ដោយ​ជិះ​ម៉ូតូ​មួយ​ឌុប​គ្នា​ពីរ​នាក់ លុះ​មក​ដល់​ម្ដុំ​កន្លែង​កើតហេតុ​ក៏បាន​នាំ​គ្នាឆ្លៀត​​ចូល​ផឹក​ទឹក​ត្នោត​ជូរ​សិន។​ ពេល​អង្គុយ​ផឹក​ស៊ី​បាន​មួយ​សន្ទុះ ស្រាប់តែ​លេច​មុខ​ជន​សង្ស័យ មាន​គ្នា​៥​នាក់ ជិះ​មូតូ​២​គ្រឿង ចូល​មក​កាប់​ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ត្រូវ​មួយ​ដាវ​​របួស​ធ្ងន់ បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។​ ភ្លាម​ៗ​នោះ​​សមត្ថកិច្ច ចុះ​មក​អន្តរាគម និង​ឃាត់ខ្លួន​ជន​សង្ស័យ​បាន ២​នាក់។​

ក្រោយ​កើតហេតុ​សមត្ថកិច​បាន​នាំ​ខ្លួន​ជន​សង្ស័យ​មក​ប៉ុស្តិ៍​នគរបាល​ចោមចៅ ដើម្បី​សួរនាំ​និង​ចាត់ការ​បន្ត​តាម​នីតិវិធី។​