ឆក់​ទូរស័ព្ទ​បាន​សម្រេច មិន​រំខាន​ដល់​សមត្ថកិច្ច

ភ្នំពេញ៖ ជន​សង្ស័យ​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​ឌុប​គ្នា​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ ដៃ ពី​បុរស​ជន​ជាតិ​កូរ៉េ​ម្នាក់​បាន​សម្រេច កាល​ពី​វេ​លា​ម៉ោង​៩និង​១០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​១៩២៨ ហៅ​ផ្លូវ​ឧកញ្ញា ម៉ុង រិទ្ធី ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សីកែវ ខណៈ​ពេល​ដែរ​ជន​រងគ្រោះ​កាន់​​ទូរស័ព្ទ​និយាយ​ដើរ​តាម​ដង​ផ្លូវ។

តាម​សម្ដី​ពី​លោក​ពូ​រត់​ម៉ូតូ​ឌុប​ម្នាក់​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​នោះ​គឺ បុរស​ជន​ជាតិ​កូរ៉េ​ម្នាក់ ដោយ​មិន​ស្គាល់​អត្ត​សញ្ញាណ បាន​ដើរ​តាម​ចញ្ចើម​ផ្លូវ​ឧកញ្ញា ម៉ុង រិទ្ធី ពី​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​ហូស​ពី​រង្វង់​មូល​កាំ​កូ​សុី​ធី​ប្រហែល​៥០០​ម៉ែត្រ​បន្តិច ក៏​មាន​ជន​សង្ស័យ​២​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាក់ មិន​ចាំ​ស្លាក​លេខ បាន​ឌុប​គ្នា​មក​ពី​ក្រោយ ហើយ​ធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​ដៃ​របស់​ជន​ជាតិ​បរទេស​ដែល​កំពុង​កាន់​និយាយ​តាមច​ញ្ចើម​ផ្លូវ​បាន​សម្រេច រួច​ហើយ​ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅ​មុខ​យ៉ាង​លឿន​គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើត​ហេតុ​ភ្លាមៗ ជន​បរទេស​បាន​ត្រឹម​តែ​រត់​ដេញ​តាម​ពី​ក្រោយ ហើយ​ស្រែក​ខ្លាំង​ៗ​ជា​ភាសា​បរទេស ដោយ​គ្មាន​អ្នក​ជួយ និង​បាន​ពឹង​ប្រជា​ពល​រដ្ឋ​ទំនាក់​ទំនង​ទៅ​សមត្ថកិច្ច​មូល​ដ្ឋាន​ឲ្យ​ចុះ​ជួយ​អន្ដរាគមន៍​តាម​ចាប់​ជន​សង្ស័យ​ខាង​លើ និង​ដឹក​រូបគាត់​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល ទួល​សង្កែ ដើម្បី កំណត់​មុខ​សញ្ញា​តាម​ចាប់​ជន​សង្ស័យ​ខាង​លើ ៕