បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​អគ្គីភ័យ​ឆាប​ឆេះ​ផ្ទះ​ប្រជាពល​រដ្ឋ​១​ខ្នង​គ្មាន​សល់

ខេត្តកណ្ដាល៖ ហេតុការណ៍​គ្រោះ​ថ្នាក់​អគ្គីភ័យ​បាន​ឆាប​ឆេះ​ផ្ទះ​១​ខ្នង​គ្មាន​សល់ និង​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោច​អាធ័ម ។

ដែល​ហេតុ​ការណ៍​ខាង​លើ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១.៣៥​នាទី​ថ្ងៃ​ទី ១៧​.០៥.​២០១៧ នៅ​ចំណុច​ផ្ទះ ឈ្មោះ​ហេង សួរ​(ផ្ទះ​ចំការ)​ចុង​ព្រែក​តា​ឃុត ស្ថិត​ភូមិ​ពោធិតាប៉ាង ឃុំស្វាយប្រទាល​ស្រុកស្អាង​ខេត្ដកណ្ដាល ។

ជន​រង​គ្រោះ​ដែល​បាត់​បង់​ជីវិត មាន​ឈ្មោះ សោម សំបូរភេទ ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ ចាំ​ចំការ​(ត្រូវ​ជា​បង​ថ្លៃ​ម្ចាស់​ផ្ទះ)​បច្ចុប្បន្ន នៅ​ភូមិ ឃុំ កើត​ហេតុ។

ដោយ​ឡែក​សម្ភារៈ​ដែល​ខូច​ខាត​រួម​មាន៖
១.ផ្ទះ​០១​ខ្នង​ធ្វើ​អំពី​ឈើ (លើ)​ថ្ម​ក្រោម​ទំហំ​៦​ម៉ែត្រ​×​៨​ម៉ែត្រ​ប្រក​ហ្វី​ប្រ៉ូ​ស៊ី​ម៉ងត៍​មាន ត​តាក​សង្ក័សី​ខាង​មុខ។
២-ម៉ូតូ​០១​គ្រឿង​ម៉ាក វ៉េវ ។
៣-ម៉ាស៊ីន​បូម​ទឹក​០៤​គ្រឿង​និង​ម៉ាស៊ីន ភ្លើង​០១​គ្រឿង។
៤-ប្រេង​ម៉ាស៊ូត​០៦​កាន​និង​សម្ភារៈ​មួយ​ចំនួន
ទៀត​ត្រូវ​ខូច​ខាត​ទាំង​ស្រុង ។

បើ​តាម​ប្រភព​ពី​ប្រជា​ពលរដ្ឋ ដែល​នៅ​ថ្ងៃ​កើត​ហេតុ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពល​រដ្ឋ​បាន​ប្រទះ​ឃើញ​ភ្លើង​ឆេះ​ផ្ទះ​ខាង​លើ​ពេល​នោះ​ប្រជា​ពលរដ្ឋ បាន​រាយ​ការណ៍​មក សមត្ថកិច្ច​នគរបាល និង​មេ​ភូមិ​មេ​ឃុំ​ស្វាយ​ប្រទាល​បាន​នាំ​គ្នា​បូម​ទឹក​ពន្លត់​ប្រហែល​១ ម៉ោង​ទើប​ភ្លើង
រលត់ ។ ចំណែក​ជន​រងគ្រោះ​នៅ​ក្នុង​ផ្ទះ​ផ្នែក​ខាង​ក្រោម ក្នុង​បន្ទប់​ទឹក ចេញ​ក្រៅ​ផ្ទះ​មិន​រួច​ក៏​ត្រូវ​បាន​ភ្លើង​ឆេះ​ស្លាប់​នៅ​តែ​ម្តង ។

បើ​តាម​ការ​អះ​អាង​របស់​ប្រជា​ពលរដ្ឋ​ឈ្មោះ ស៊ុយ សេងហ៊ន (ហៅវែង) ភេទ​ប្រុស​អាយុ​៤០ ឆ្នាំ (អ្នក​ជិត​ខាង រាប់​អាន ធ្លាប់​ចេញ​ចូល​ផ្ទះ​ជន​រង​គ្រោះ)​ បញ្ចាក់​ថា រយៈ​ពេល​៥​ថ្ងៃ​កន្លង​មក​គាត់​បាន​ឃើញ​ឆ្លង​ចរន្ត​អគ្គិសនី​(បារ៉ែត)​ត្រង់​ទ្វារ​ផ្ទះ​ខាង​ក្រោម​ធ្លាប់​បាន​ប្រាប់​ជន​រងគ្រោះ​ដូរ​ចេញ​ខ្លាច​ឆេះ​ផ្ទះ​តែ​ជន​រងគ្រោះ​ថា ចាំ​រក​ពេល​ដូរ ហើយ នៅ​ក្នុង​ផ្ទះ​នោះ​មាន​ប្រេង​សាំង ហ្គាស់​នៅ​ក្បែរ​បារ៉ែត​ភ្លើង​នោះ​ទៀត។

ក្រោយ​ពេល​សមត្ថកិច្ច​ពិនិត្យ​កន្លែង​កើត​ហេតុ​និង​បាន​ពិនិត្យ​សាក​សព ចប់​សព្វ​គ្រប់​ក៏​បាន​ប្រគល់​សព​ទៅ​ក្រុម​គ្រួសារ ​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕