ខណៈទាមទារ​កាត់​ទោស​​អ្នក​សម្លាប់​ទ័ព​មួក​​ខៀវ​កម្ពុជា​​ ក្រុម​ឧទ្ទាម​វាយ​ប្រហារ​ជុំរំ UN ២​​យប់​ជាប់ៗ​គ្នា

អង្គការ​សហ​ប្រជាជាតិ និង​​អាជ្ញាធរ​​របស់​​ប្រទេស​​អាហ្វ្រិក​​កណ្ដាល ប្រើប្រាស់​​គ្រប់​មធ្យោបាយ​ណា​​ក៏​ដោយ ឲ្យ​តែ​នាំ​ខ្លួន​ឧក្រិដ្ឋ​ជន​​យក​​មក កាត់​ទោស​បាន ទាំង​នេះ​​ជា​​ការ​​ទាមទារ​សាជា​ថ្មី ដែល​​ត្រូវ​បាន​​ធ្វើ ឡើង​នៅ​ចំពោះ​សព​ទាហាន​មួក​ខៀវ​ពលី​ទាំង​៥​រូប (​កម្ពុជា​៤​រូប និង​ម៉ា​រុក​១​រូប​) ក្នុង​ពិធី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ឧទ្ទិស​ដល់​ពួក​គេ កាលពី​រសៀល​ថ្ងៃ​ទី​១២ ឧសភា ២០១៧ ក្រោម​វត្តមាន​របស់​លោក ហ្ស​ង់​ព្យែ ឡា​ក្រ័​រ អគ្គលេខាធិការ​រង អង្គការសហប្រជាជាតិ។

ការ​លើក​ឡើង​របស់​អគ្គលេខាធិការ​រង​អង្គការសហប្រជាជាតិ​លោក ហ្ស​ង់​ព្យែ ឡា​ក្រ័​រ នៅ​ចំពោះ​សព​ទាហាន​មួក​ខៀវ​ពលី​ទាំង​ប្រាំ​រូប (កម្ពុជា​៤​រូប និង​ម៉ា​រ៉ុ​ក​១​រូប​) ក្នុង​ពិធី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ឧទ្ទិស​ដល់​ពួក​គេ ដែល​បាន​ពលី​ជីវិត​កាលពី​រសៀល​ស​ប្តា​ហ៍​មុន នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​ទីចាត់ការ​បេសកកម្ម អ​.​ស​.​ប នៅ​អាហ្វ្រិក​កណ្តាល MINUSCA។ ពិធី​នេះ ក៏​មានការ​ចូលរួម​ផង​ដែរ ពី​សំណាក់​សមាជិក​រដ្ឋាភិបាល នៃ​ប្រទេស​អាហ្វ្រិក​កណ្ដាល មន្ត្រី​ការទូត​បរទេស និង​មន្ត្រី​ទទួលខុសត្រូវ​ក្នុង Minusca ជា​ច្រើន​នាក់។

ស្របពេលជាមួយគ្នានេះ ពួក​ជីវពល​គ្រឹ​ស្ត​ប្រឆាំង BALAKA មានការ​វាយប្រហារ​លើ​ជុំរំ​មួយ​របស់ អ​.​ស​.​ប នៅ​អាហ្វ្រិក​កណ្តាល​២​យប់​ជាប់​ៗ​គ្នា កាលពី​ថ្ងៃ​ទី​១៤ ឧសភា បណ្តាល​ឱ្យ​មនុស្ស​ច្រើន​នាក់​ត្រូវ​ស្លាប់ ក្រោយ​មួ​យស​ប្តា​ហ៍ នៃ​អំពើ​ហិង្សា​ដែល​បណ្តាល​ឱ្យ​ស្លាប់​ទាហាន​មួក​ខៀវ អ​.​ស​.​ប ៥​នាក់ ហើយ​ក្នុង​នោះ​មាន​ទាហាន​មួក​ខៀវ​មក​ពី​កម្ពុជា​៤​នាក់ ។ ជន​ស៊ី​វិល​ពី​២០​ទៅ​៣០​នាក់ ត្រូវ​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​មួយ​ចំនួន​លើ​ប្រជាជន​កាន់សាសនា​អ៊ិ​ស្លា​ម​នៅ​ទីក្រុង BANGASSOU ជាទី​ក្រុង​មួយ​នា​ភាគ​អាគ្នេយ៍​ប្រទេស។

យោង​តាម​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន MSF ថា គេ​នៅ​តែ​ពុំ​ទាន់​អាច​ចូល​ក្នុង​ក្រុង BANGASSOU ដើម្បី​នាំ​អ្នក​របួស និង​អ្នក​ស្លាប់​ចេញ ទោះបី​អ្នក​របួស​២៤​នាក់​អាច​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជិតខាង​មួយ​ក្តី យើង​គ្រោង​ពី​តួលេខ​មួយ​ដែល​អ្នក​ស្លាប់​អាច​មាន​រវាង​ពី​២០​ទៅ​៣០​នាក់។ សភាពការណ៍​នៅ​ក្រុង​មួយ​នៅ​ជាប់​ព្រំដែន​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ធ្លាប់តែ​គេច​ផុត​ពី​អំពើ​ហិង្សា ដែល​អាហ្វ្រិក​កណ្តាល​ប្រឈម​មុខ​ចាប់តាំងពី​ឆ្នាំ​២០១៣​មក។​