តើ​ប្រិយមិត្ត​គាំទ្រ​ទេ បើ​អ្នកនាង​ឃ្មឹប​វិល​ចូល​វិស្ស័យ​សិល្បៈ​វិញ?​

រាជធានី​ភ្នំពេញ៖ បើ​មាន ខាង​ក្រុម​ហ៊ុន ផលិតកម្ម ឬ​ភោជនីយដ្ឋាន​ណា​មួយ​អញ្ជើញ​អ្នក​នាង​ទៅ លេង​កំប្លែង​ឬ​ច្រៀង​វិញ​តើ​អ្នក​នាង​ទៅ​ទេ? នេះ​ជា​សំណួរ​មួយ​ដែល​ត្រូវ​បាន​ចោទ​សួរ​អ្ន្កនាង ឃ្មឹប ពេល​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ កាល​ពី​យប់​ថ្ងៃ​ទី ១៥ ខែឧសភា នេះ។

អ្នកនាង រ៉េ សុធារី ហៅ​នាង ឃ្មឹប ត្រូវ​ជា​ប្រពន្ធ​ដើម​របស់​នាយ ហុងដា និង​ត្រូវជា​ម្ដាយ​បង្កើត​របស់​យុវជន អឿន សុខខេន ដែល​ជាប់​សង្ស័យ​ថា​បាន​សម្លាប់​ម្ដាយ​ចុង​ខ្លួន បាន​ធ្វើ​ដំណើរ​ពី​ខេត្តបន្ទាយមានជ័យ​មក​ដល់​ភ្នំពេញ នៅ​ព្រលប់​ថ្ងៃ​ទី​១៥ ខែឧសភានេះ ក្នុង​គោល​បំណង​មក​ជួប​កូន មុន​ពេល​ចូល​ពន្ធនាគារ។ ដំណើរ​ផ្លូវ​វែង​ឆ្ងាយ​ពី​ខេត្តបន្ទាយមានជ័យ​មក អ្នក​នាង​ឃ្មឹប​ពុះពារ​ដោយ​ក្ដី​អត់ធ្មត់​បំផុត ដោយ​បាន​ខ្ចី​លុយ​អ្នក​ជិត​ខាង​បាន ៥០០​បាត​ប៉ុណ្ណោះ​ហើយ​ធ្វើ​ដុំណើរ​មក។​

ពេល​មក​ដល់​ភ្នំពេញ ក្នុង​សភាព​រូប​រាង​ដែល​មិន​នឹក​ស្មាន​ដល់​និង​ស្ទើរ​តែ​មិន​ជឿ បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​រួម​ទាំង​អ្នក​សារព័ត៌មាន​ផង។ ក្រោយ​មក​អ្នក​នាង​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ ហើយ​សំណួរ​ខាង​លើ​ត្រូវបាន​ចោទ​សួរ​ចំពោះ​អ្នក​នាង។​

អ្នក​នាង​ឃ្មឹប​បាន​ឆ្លើយ​ថា «បើ​ពុកម៉ែ​បងប្អូន​ទាំង​អស់​នៅតែ​គាំទ្រ ខ្ញុំ​នឹង​វិល​ចូល​ពិភព​សិល្បៈ​វិញ លេង​កំប្លែង និង​ច្រៀង​ជូន​ពុកម៉ែ​បង​ប្អូន​កម្សាន្ត​ដូច​មុន​អញ្ចឹង​ដែរ»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​នាង​ឃ្មឹប​តាំង​ពី​លែងលះ​គ្នា​ជាមួយនាយ ហុងដា​មក អ្នក​នាង​បាន​ទៅ​រស់​នៅ​ជាមួយ​ឪពុក គឺ​នាយ ជីវ៉ាន់ស៊ុយ នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ។ ក្រោយ​មក​លោក ជីវ៉ាន់ស៊ុយ​បាន​លា​ចាក​លោក​ទៅ អ្នក​នាង​ក៏​រស់​នៅ​ជាមួយ​ពូ។ នាង​បន្ត​ទាំង​ទឹក​ភ្នែក​ថា ជីវភាព​របស់​អ្នក​នាង​លំបាកលំបិន​ណាស់ រស់​នៅ​ក្នុង​ខ្ទម ដើរ​ស៊ីឈ្នួល​គេ បាន​កម្រៃ​បន្តិច​បន្តួច មាន​ពេល​ខ្លះ​រក​ម្ហូប​ហូប​បាយ​មិន​បាន​ផង គឺ​ហូប​បាយ​ជាមួយ​ទឹក​ស៊ីអ៊ីវ​ក៏មាន។​