កុមារី​អាយុ ១២​ឆ្នាំ ជា​អ្នក​ស៊ីឈ្នួល​លាង​ចាន ត្រូវ​យុវជន​ស្ទាវ​ចាប់​រំលោភ

ខេត្តកណ្តាល៖ យោង​តាម​សេចក្តី​រាយការណ៍​មក​ថា៖មាន​យុវជន​ស្ទាវ​មួយ​រូប ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​កំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល និង​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​រំលោភ អនីតិ​ជន​កាល​ពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ២០១៧ នៅ​វេលា​ម៉ោង ២២.៣០នាទី នៅ​ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជន​​សង្ស័យ​មាន​ឈ្មោះ រិន ផានិត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​ជាកសិករ មាន​ទីលំនៅ​ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) និង ក្មេង​ស្រី​រងគ្រោះ ឈ្មោះ អ ន ស ខ អាយុ ១២​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​ជា​សិស្ស មានទី​លំនៅ នៅ​​ស្រុកកៀនស្វាយ។

លោក នៅ នឿន នាយ​ប៉ុស្តិ៍​កំពង់ស្វាយ ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កន្លង​មក​ក្មេង​ស្រី​រងគ្រោះ​និង​ជន​សង្ស័យ មាន​ទំនាក់ទំនង​ជា​គូរ​សង្សារ​នឹង​គ្នា លុះ​ដល់​ថ្ងៃខែឆ្នាំ វេលា​ម៉ោង កើតហេតុ​ខាង​លើ ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក គុបជ្រុង ពណ៌​ទឺកប្រាក់ មិន​ចាំ​ស្លាកលេខ ចេញ​ពី​ផ្ទះ​មក​កន្លែង​រោងការ មួយ​កន្លែង នៅ​ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ដើម្បី​មក​មើល​គេ​រាំ​លេង ពេល​នោះ​ក្មេង​ស្រី​រងគ្រោះ ដែល​នៅ​ស៊ី​ឈ្នួល​លាង​ចាន ឲ្យ​គេ​នៅ​ក្នុង​រង្វង់​ពីធីការ​នោះ បាន​តេ​ទូរសព្ទ ឲ្យ​ជន​សង្ស័យ​មក​យក​សាច់​ក្លែម​នៅ​ក្បែរ​រោងការ រួច​ហើយ​ជន​សង្ស័យ​ក៏​ឃាត់​ក្មេងស្រី​រងគ្រោះ ឲ្យ​នៅ​និយាយ​គ្នា​លេង​សិន កុំ​អាល​ទៅ​វិញ លុះ​ក្រោយ​មក​ជន​សង្ស័យ​ឃើញ​ឱកាស​ស្ងាត់​ល្អ ក៏​បាន​ឲ្ប​ថើប​ក្មេងស្រី​រងគ្រោះ​ហើយ​ចាប់​រំលោភ​នៅ​កន្លែង​ស្ងាត់​ ក្បែរ​រោង​ពិធី​ខាង​លើ រហូត​បាន​សម្រេច​ដូច​បំណង។

ក្រោយ​ពី​រួមភេទ​ហើយ ស្រាប់តែ​មាន​ឈ្មោះ ណីត ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ និង​ឈ្មោះ លី ភេទ​ប្រុស អាយុ ២១​ឆ្នាំ បាន​មក​ឃើញ​ពេល នោះ​ក្មេងស្រី​រងគ្រោះ​ភ័យ​បាន​រត់​មក ជួប​ម្តាយ​នៅ​ក្នុង​រោងការ បន្ទាប់មក ម្តាយ​នាង​បាន​នាំ​នាង​មក​ប៉ុស្តិ៍​ឈើទាល ហើយ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ ចុះ​ទៅ​ឃាត់​ខ្លួន​ជន​សង្ស័យ​មក​សួរនាំ ហើយ​ជន​សង្ស័យ​សារភាព​ថា ខ្លួន​ពិត​ជា​បាន ធ្វើ​សកម្មភាព​ដូច​ខាង​លើ​ពិត​ប្រាកដ​មែន។ យោង​តាម​ចម្លើយ​សារភាព សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កំពង់ស្វាយ ​បាន​បញ្ជូន​ខ្លួន​ជន​សង្ស័យ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់​ការ​បន្ត​នីតិវិធី​ច្បាប់៕