ទី​តាំង​ស្តុក​ឈើ​ដ៏​ធំ​មួយ​កន្លែង ត្រូវ​បាន​អាជ្ញា​ធរ​រឹប​អូស

ស្ទឹងត្រែង ៖ អាជ្ញាធរ​ចំរុះ​ខេត្ត​ស្ទឹង​ត្រែង​បាន​ចុះ​ឡោម​ព័ទ្ធ​ផ្ទះ​ជួល​ស្តុក​ឈើ​ខុស​ច្បាប់​មួយ​កន្លែង កាល​ពី​ព្រលប់​ថ្ងៃ​ទី​១៥​ខែ​ឧសភា​ឆ្នាំ​២០១៧​នៅ​ចំណុច​ភូមិ​កណ្តាល សង្កាត់ ក្រុង​ស្ទឹងត្រែង និង​បាន​ធ្វើការ​រឹប​អូស​ឈើ​ប្រភេទ​ធ្នង់​ប្រមាណ​២០​តោន រថយន្ត​សាំងយ៉ុង​៣​គ្រឿង និង​រថយន្ត​ឆ្លាម​មួយ​គ្រឿង។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ទី​តាំង​ស្តុក​ឈើ​ខុស​ច្បាប់​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​នេះ ត្រូវ​បាន​ក្រុម​ឈ្មួញ​មួយ​ក្រុម​មក​ជួល​ទិញ​លក់​ឈើ ពី​រថយន្ត​ដឹក​អ្នក​ដំណើរ​ដែល​ប្រមូល​ទិញ ពី​ស្រុក​សៀម​ប៉ាង​យក​មក​លក់​ឱ្យ​ពួក​គេ ហើយ​បាន​ដឹក​ជញ្ជូន​ចេញ​តាម​រថយន្ត​សាំយ៉ុង​ជា​ច្រើន​គ្រឿង បន្ត​ឆ្ពោះ​ទៅ​កាន់​ខេត្ត​រតន​គីរី។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្នុង​មួយ​យប់​មួយ​យប់ ក្រុម​ឈ្មួញ​ដែល​មាន​គ្នា​ប្រមាន​ជាង​១០​អ្នក តែង​តែ​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​យ៉ាង​សកម្ម តាម​រថយន្ត​សាំង​យ៉ុង​ចាប់​ពី​៣​គ្រឿង ទៅ​៥​គ្រឿង​ចេញ​ពី​ទី​តាំង​ខាង​លើ​និង​មាន​រថយន្ត បា​ឡែន ហាយ​លែន​ឌឺ ស៊ី​ណា ឆ្លាម​តាម​មើល​ផ្លូវ និង​រថយន្ត​សម្រាប់​ការពារ​បិទ​គូថ​រថយន្ត​ដឹក​ឈើ​របស់​ពួក​គេ​ថែម​ទៀត។

បច្ចុប្បន្ន​ឈើ​ដែល​បង្ក្រាប​បាន​ប្រមាណ​២០​តោន រួម​ទាំង​រថយន្ត​សាំយ៉ុង​៣​គ្រឿង រថយន្ត​ឆ្លាម​មួយ​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើ​កំណត់​ហេតុ​ដក​ហូត យក​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្ត ដើម្បី​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​នីតិ​វិធី ។​តាម​សេចក្តី​រាយ​ការណ៍​ពិសេស​មួយ​បាន​ឲ្យ​ដឹង​ថា​ទី​តាំង​ខាង​លើ​នេះ​កើត​មាន​យូរ​ណាស់​មក​ហើយ​ទើប​តែ​បង្រ្កាប​ដោយ​មិន​ដឹង​ថា បណ្តាល​មក​ពី​ហេតុ​ផល​អ្វី​ឡើយ ៕