នាយ​ហុង ដា ប្រតិកម្ម​នឹង​សម្ដី​នាង​ឃ្មឹ​ប ថា ការ​លែងលះ​ព្រោះ មាន​ស្រី និង​ញៀន​ល្បែង

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មាន​វត្តមាន​ជា​ថ្មី​របស់​អ្នក​នាង រ៉េន សុធារី ហៅ​ឃ្មឹប ដែល​ជា​តារា​កំប្លែង​ជើង​ចាស់​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​យប់​ថ្ងៃទី ១៥ ខែឧសភា​ថ្មី​ៗ​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​មហាជន និង​អ្នក​សារព័ត៌មាន​ជា​ខ្លាំង ទើប​ធ្វើ​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​អញ្ជើញ​អ្នក​នាង​ទៅ​សម្ភាស​ទាំង​យប់ នា​វេលា​ម៉ាង​ប្រមាណ ១១​យប់។

ក្នុង​សភាព​គួរឲ្យ​ខ្លោចចិត្ត ដែល​អ្នក​នាង ឃ្មឹប ធ្លាប់​ជា​មនុស្ស​មាន​រូប​សម្បត្តិ ល្អ​សោភា​មួយ​រូប​ដែរ​នោះ បែរ​ជា​មាន​សម្បុរ​ខ្មៅ​អាប់ មុខ​ជាំ ស្លៀក​ពាក់​ធម្មតា តាម​បែប​អ្នក​ស្រែក​ចម្ការ​បាន​កិច្ច​សម្ភាស​ទាំង​ទឹក​ភ្នែក ដែល​ពាក់ព័ន្ធ​រឿង​ស្នេហា​អតីត​របស់​អ្នកនាង​ជាមួយ​លោក អឿន សុខា ហៅ​នាយ ហុងដា ថា​មូលហេតុ​ ដែល​បាន​លះលែង​គ្នា​ជាមួយ​នាយ ហុង​ដា ព្រោះ​តែ​ការ​រស់​នៅ​មុន​ចុះ​សម្រុង​នឹង​គ្នា ពោះ​លោក ហុង​ដា ជា​មនុស្ស​មាន​ស្រី និង​ញៀន​ល្បែង និយាយ​មិនស្ដាប់។ អ្នក​នាង​បន្ត​ថា «នាង​ខ្ញុំ​ធ្លាប់​និយាយ​ជាមួយ​គាត់​ដែរ ថា បើ​គាត់​មាន​ស្រី​ក៏​មាន​ចុះ បើ​ត្រូវ​ការ យើង​ស៊ី​នំ​ឲ្យ​លុយ​ទៅ តែ​កុំ​លេង​ល្បែង»។ តែ​នាយ ហុង​ដា​មិន​តាម​អ្នកនាង​ឡើយ។

លោក អឿ​ន សុខា ហៅ​នាយ ហុងដា ក្នុង​វ័យ​៤៥​ឆ្នាំ លោក​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ដំណឹង​យប់មិញ​ឲ្យ​ដឹង​ថា «​យើង​និយាយ​អី​យើង​គួរ​គិត​(​សំដៅលើ​នាង​ឃ្មឹ​ប​) ធ្វើ​ជា​មនុស្ស​យើង​អាច​កុហក​អ្នក​ដទៃ​​បាន តែ​យើង​មិន​អាច​កុហក​ខ្លួនឯង​បាន​ទេ​… អញ្ចឹង​យើង​ធ្វើ​អី ខ្លួន​យើង​ៗ​ដឹង​ហើយ​…​ណា លទ្ធផល​យើង​ទទួល​បាន​ម៉េច​យើង​ដឹង​ហើយ​» ។ លោក​ហុង ដា សុំ​ថា «អញ្ចឹង​ខ្ញុំ​សុំ​បវរ​ណា យើង​ណា​!… ទុក​ផ្លូវ​ខ្លួន​សម្រាប់​ខ្លួនឯង​ទៅ​.. កុំ​ព្យាយាម​បំផ្លាញ​អ្នក​ដទៃ​ ដើម្បី​សេចក្តី​សុខ​របស់​ខ្លួនឯង.. ហ្នឹង​ខ្ញុំ​ទុក្ខ​ទុក​ឱកាស​ឲ្យ​កែខ្លួន​ទៀត.. ហើយ​អូន​ឈប់ ឈប់ និយាយ​ពាក្យ​ដែល​មិន​បាន​ការ អ្វី​ដែល​បំផ្លាញ​អ្នក​ដទៃ​ដើម្បី​ខ្លួន​ឯង​ណា៎!» ។

សូម​បញ្ជាក់​ថា អ្នក​នាង​ឃ្មឹប ដែល​មានមុខ​ជាំ​ស្បែក​ខ្មៅ ប្រែជា​មនុស្ស​មើល​មិន​ស្គាល់​ បាន​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ពេល​នាង​បាន​ធ្វើ​ដំណើរ​មក​ភ្នំពេញ​ព្រោះ​ចង់​ជួប​កូនប្រុស ក្រោយ​ពេល​ដឹង​ដំណឹង​ថា កូន​បាន​សម្លាប់​ប្រពន្ធ​ក្រោយ​របស់​ លោក ហុងដា អតីត​ប្ដី​ខ្លួន។ កូនប្រុស​នាង​ត្រូវ​សង្គម​មិន​ឱ្យ​តម្លៃ​ដោយ​នាង​និយាយ​ថា កូនប្រុស​នាង​ត្រូវ​បាន​នាយ​ហុង ដា អះអាង​ថា យក​ទៅ​ចិញ្ចឹម មិន​ឲ្យ​នាង​យក​ទៅ​ចិញ្ចឹម​ឡើយ​តាំងពី​លែង​គ្នា។ កូនប្រុស​ដែល​ក្លាយជា​ឃាតក​នោះ កាលពី​តូច​គឺ​រៀន​ពូកែ និង​ស្តាប់​បង្គាប់​ឪពុក​ម្តាយ តែ​ដល់​បែក​ពី​នាង​រាប់​ខែ​ឆ្នាំ បែរជា​ធ្លាក់ខ្លួន​ទៅ​ជា​ញៀន​ថ្នាំ​បែប​នេះ នាង​ពិតជា​ភ្ញាក់ផ្អើល​មិន​នឹក​ស្មាន​នោះ​ឡើយ។

អ្នក​នាង រ៉េន សុធារី ហៅ​ឃ្មឹប បាន​ប្រសាសន៍​បែប​នេះ ទាំង​ទឹកភ្នែក នឹង​អួល​ដើម​ក​ផង ពេល​ដែល​នាង​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​សារព័ត៌មាន​ក្នុងស្រុក​មួយ កាលពី​ម៉ោង​ជិត​១១​យប់​ថ្ងៃ​១៥ ខែឧសភា ឆ្នាំ​២០១៧ ។ នាង​ឃ្មឹ​ប​ថា ខ្ញុំ​បានដឹង​ដំណឹង​ថា​កូន បាន​សម្លាប់​ប្រពន្ធ​ក្រោយ​របស់​លោក ហុងដា គ្រាន់តែ​ដឹង​ភ្លាម ខ្ញុំ​ចង់​មក​ទាំង​យប់​ភ្លាម​ៗ តែ​ដោយ​ជីវភាព​ខ្វះខាត ទម្រាំ​ខ្ចី​លុយ​គេ​បាន​៥០០​បាត ទើប​មាន​សោ​ហ៊ុ​ធ្វើ​ដំណើរ​មក​ដល់​ភ្នំពេញ​យប់​ហើយ ដូច្នេះ​រង់ចាំ​ស្អែក​សឹម​ទៅ​ជួប​កូន ។

ស្រប​ពេល​ដែល​នាង​ត្រូវ​គេ​ចោទ​ថា យក​ប្តី​គេ យក​ប្តី​ឯកឧត្តម ឬ​ប្តី​នៅ​អាមេរិក ទៅ​នៅ​ទីនោះ​ដែល​ធាតុ​ពិត​នាង​ទៅ​បន្ទាយ​មាន​ជ័យ នៅ​ជាមួយ​លោកឪពុក គឺ​លោកតា ជីវ៉ាន់ស៊ុយ ហើយ​បួន​ឆ្នាំ​ក្រោយ​បាន​ជ្រើស​យក​ប្ដី​មួយទៀត ព្រោះ​នាង​គិត​ថា ខ្លួន​ជា​ស្ត្រី​នៅ​ម្នាក់​ឯង​មិន​ល្អ។ រាល់ថ្ងៃ​នាង​បាន​ទៅ​នៅ​ឯ​ខេត្តបន្ទាយមានជ័យ សុខចិត្ត​ទៅ​ធ្វើស្រែ​បេះ​បន្លែ និង​រាវ​ខ្យង​ខ្ចៅ​លក់ ដើម្បី​បិទ​រឿងរ៉ាវ​មិន​ឲ្យ​គេ​ដឹង​ឡើយ ៕