នាយ ពែកមី កំពុង​ធ្វើឲ្យ​ខូច​ចម្រៀង​មរតក​ដើម ក្នុង​កម្មវិធី​ទស្សន៍ទាយ​បទ​ចម្រៀង​ពីដើម

រាជធានី​ភ្នំពេញ៖ កាល​ពី​ពេល​ថ្មី​ៗ​នេះ គឺ​ថ្ងៃ​ទី ១៣ ខែឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង ៨ និង ៣៧​នាទី​យប់ តារា​កំប្លែង​ផង ជា​តារា​ចម្រៀង​ផង និង ជា​តារា​សម្ដែង​ផង ដែល​កំពុង​ពេញ​និយម ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស បាន​បង្កើត​កម្មវិធី​ទស្សន៍ទាយ​ចំណងជើង​បទ​ចម្រៀង​មរតក​ដើម តាម​រយៈ​ខំម៉ិន ក្នុង​ហ្វេសប៊ុក Live។

កម្មវិធី​នោះ ត្រូវ​បាន​ផ្សាយ​ផ្ទាល់​ពី​ក្នុង​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ Perk Mi CBS ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន បាកាស។ បើ​តាម​ប្រសាសន៍​របស់​នាយ​ក្នុង​វីដេអូ​ដែល​មាន​រូប​លោក​ជា​ពិធីករ និង​មាន​តាំង​ភេសជ្ជៈ​បាកាស​នៅ​ពី​មុខ​ផង ថា កម្មវិធី​នេះ​នឹង​ធ្វើ​ឡើង​បាន​ពីរ​សប្ដាហ៍​ហើយ ក្នុង​មួយ​យប់​ខ្ញុំ​នឹង​ចាក់​ចម្រៀង​មរតក​ដើម​ចំនួន ១០​បទ ហើយ​បើ​បងប្អូន​ទាយ​ចំណងជើង​ត្រូវ​នឹង​ឈ្នះ​កាត​ទូរសព្ទ​ស្មាត​ចំនួន ១០​ដុល្លារ​ភ្លាម​ៗ។ បង​ប្អូន​ចូល​រួម​សប្បាយ​ក្នុង​កម្មវិធី​ជាមួយ​ខ្ញុំ គឺ​បាន​ឈ្នះ​កាត​ទូរសព្ទ​ពី​បាកាស​ហើយ នឹង​បាន​យល់​ដឹង​ពី​បទ​ចម្រៀង​មរតក​ដើម​ទៀត។ បងប្អូន​មួយ​ចំនួន​ស្ដាប់​បទ​ចម្រៀង​មរតក​ដើម​ហើយ​ច្រឡំ​ចំណង​ជើង ដោយ​គាត់​មិន​ដឹង​ចំណងជើង​ពិតប្រាកដ​ចំណង​ជើង​អ្វី​ទេ

បងប្អូន​ប្រិយមិត្ត​ជាទី​រាប់អាន តែ​អ្វី​ដែល​យើង​ខ្ញុំ​កត់​សម្គាល់​នោះ គឺ​ម្ចាស់​កម្មវិធី​នេះ​ស្គាល់​បទ​ចម្រៀង​ពី​ដើម​ច្រើន តែ​ក៏​ឆក​ល្វែង ច្រឡំ​ចំណង​ជើង​បទ​មួយ​ចំនួន​ដែរ។ នៅ​ពេល​ចាក់​បទ​ចម្រៀង លោក ពែកមី តែងតែ​បង្ហើរ​សំនៀង​របស់​លោក លាយឡំ​នឹង​សំឡេង​របស់​លោកតា ស៊ីន ស៊ីសាមុត​ផង។ មាន​ប្រិយមិត្ត​ជា​ចូលរួម​ទស្សន៍ទាយ​កម្សាន្ត​ក្នុង​កម្មវិធី ជា​ច្រើន។ មាន​បងប្អូន​មួយ​ចំនួន ទាយ​ចំណង​ជើង​ត្រូវ​ហើយ តែ​នាយ​បែរ​ជា​ថា​ខុស​ទៅ​វិញ។

ដូច​បទ​ដែល​ច្រៀង​ថា “រសៀល​គង​ភ្នំ​ចិត្ត​យំ​មិន​ចេញ ចិត្ត​បង​ទន្ទេញ តែ​ឈ្មោះ​បុប្ផា​…” ដែល​បទ​នេះ​មាន​ចំណងជើង​ពិត​ថា “បុប្ផា​មាស​ស្នេហ៍” តែ​នាយ ពែកមី​ថា បទ “បុប្ផា​ម្ចាស់​ស្នេហ៍” ទៅ​វិញ។ យើង​ខ្ញុំ​មិន​ចេះ​តែ​ថា នាយ​ពែកមី​ខុស​ដោយ​គ្មាន​មូលដ្ឋាន​ទេ សូម​ស្ដាប់​លោក សេង តារា ដែល​ជា​អ្នក​ស្រាវជ្រាវ​បទ​មរតក​ដើម​មាន​ប្រសាសន៍​ក្នុង​វីដេអូ​នេះ

បទ​ខាង​លើ​នេះ​គាត់​ខុស​គ្រាន់តែ​ល្អៀង​ៗ​ប៉ុណ្ណោះ។ បទ​ទី ២ ដែល​នាយ ពែកមី ច្រឡំ គឺ​បទ “សាយណ្ហ​ទោច​យំ” ទៅ​ជា​បទ “សំនៀង​ទោច​យំ” ទៅ​វិញ។ បើ​តាម​ប្រសាសន៍​របស់​លោក ម៉េង តារា បាន​ប្រាប់​ដំណឹង​យប់មិញ​តាម​ទូរសព្ទ​ថា “បទ សំនៀងទោចយំ នេះ​មាន មែន តែ​បាត់​បង់​ទៅ​ហើយ នៅ​សល់​តែ ​បទ សាយណ្ហទោចយំ ប៉ុណ្ណោះ”។ លោក​បាន​បន្ត​ទៀត​ថា បទ សំនៀង​ទោច​យំ ជា​បទ​ដែល​លោកតា ស៊ីន ស៊ីសាមុត ច្រៀង​មុន លុះ​ក្រោយ​មក អ្នកស្រី ឌីសាវ៉េត បាន​ឃើញ​បទ​នេះ​ពីរោះ ក៏​ទិញ​បទ​នេះ​ពី​លោកតា ស៊ីន ស៊ីសាមុត ដើម្បី​បញ្ចូល​ក្នុង​ខ្សែភាពយន្ត​រឿង សាយណ្ហទោចយំ ក្នុង​ផលិតកម្ម សុវណ្ណគីរី​ភាពយន្ត ដោយ​ឲ្យ​លោកតា កែ​ទំនុកច្រៀង​ខ្លះ​ត្រូវ​ខ្សែភាពយន្ត។ លោក​តារា បញ្ជាក់​ថា លោក​បាន​ដឹង​រឿង​នេះ​តាម​រយៈ លោក សំអាត ដែល​ជា​អ្នក​អភិរក្ស​មរតក​ដើម​មួយ​រូប​ដែរ។ យើង​ពុំ​អាច​ទាក់ទង​លោក សំ អាត ដើម្បី​បំភ្លឺ​បាន​ទេ។


សូម​រីករាយ​ស្ដាប់​បទ សាយណ្ហ​ទោចយំ

មាន​បទ​មួយ​ទៀត​ដែល​នាយ​ច្រឡំ​ធំ​តែ​ម្ដង ដែល​ច្រៀង​ថា “ចង់​ក្រសោប ស្ទុះ​អោប​អូន​ឥឡូវ សំឡឹង​យូរ​ៗ​ទៅ ឃើញ​ពៅ​ល្អ​ដូច​ផ្កា រូប​សែន​ស្រស់​…”។ នាយ​ថា ចំណងជើង​ពិត​ប្រាកដ​នៃ​បទ​នេះ​គឺ​បទ “យូរ​ឆ្នាំ​ដែល​ចាំ​ស្នេហ៍” ទៅ​វិញ។

នាយ ពែក​មី និង​សហការី​ពិត​ជា​ច្រឡំ​ធំ ហើយ​ធ្វើ​ឲ្យ​ប្រិយមិត្ត​បងប្អូន​ច្រឡំ​តាម និង​ប្រិយមិត្ត​ដែល​ចូលចិត្ត​ចម្រៀង​មរតក​ដើម​មួយ​ចំនួន មិន​ពេញ​ចិត្ត​ខ្លាំង​ណាស់ ដែល​តាម​ពិត​បទ​នេះ មាន​ចំណង​ពិត​ថា “រូប​ស្រី​ជា​ដួង​ចិត្ត​បង”។ បទ រូបស្រីជាដួងចិត្តបង នេះ​និង​បទ “យូរ​ឆ្នាំ​ដែល​ចាំ​អូន” នៅ​ក្នុង​ថាស​តែ​មួយ ដែល​បទ យូរឆ្នាំដែលចាំអូន ច្រៀង​ថា “រៀម​ចង់​ជួប​ចរចា បញ្ជាក់​ប្រាប់​អូន​ថា ស្នេហា​បង​ស្មោះ​លើ​ស្រី​…”

ខាង​ក្រោម​នេះ​ជា​បទ រូបស្រីជាដួងចិត្តបង សូម​រីករាយ​ស្ដាប់ និង​ពិចារណា​ទាំងអស់​គ្នា ថា​បទ​ណា​ច្រៀង​ថា​ម៉េច

បងប្អូន​ប្រិយមិត្ត​ជាទី​រាប់អាន ក្នុង​នាម​យើង​ទាំងអស់គ្នា​ជា​អ្នក​ស្រឡាញ់​និង​ថែ​រក្សា​មរតក​ដើម យើង​ចង់​ឃើញ​មាន​ឯកសារ​និង​អំណះអំណាង​ត្រឹមត្រូវ​ពី​នាយ ពែកមី ដែល​លោក​ហ៊ាន​អះអាង​ចំណងជើង​ដូច​ខាង​លើ​នេះ ឬ​ក៏​លោក​ខុស​ដោយ​អចេតនា សូម​លោក​មេត្តា​បកស្រាយ និង​កែ​តម្រូវ​ឡើងវិញ។ ហេតុអ្វី​ក៏​លោក​មិន​សហការ​ជាមួយ​លោក សេង តារា ដែល​ជា​អ្នក​ស្រាវជ្រាវ​ចម្រៀង​មរតក​ដើម​មួយ​រូប​ដ៏​ល្បីល្បាញ​ដែរ?