ស្លាប់​ម្នាក់ ​របួស​ធ្ងន់​៣​នាក់ គួរ​ឲ្យ​រន្ធត់

ពោធិ៍សាត់៖ រថយន្ត សាំយ៉ុង១២​កៅ​អី បើក​លឿន​ប្រយ័ត្ន​ជ្រុល​បុក​ម៉ូតូ​ស៊ី​រ៉ស់ ខណៈ​ឆ្លង​ផ្លូវ ពី​មុខ​ពេញ​ទំហឹង បណ្តាល​អោយ​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​៣​នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួស​ធ្ងន់ កាល​ពី​វេលា​ល្ងាច​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៧ ក្នុង​ភូមិ​អា​រ៉ង​ព្រួច ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ។

ជន​រងគ្រោះ​ទាំង​៤​នាក់​មាន​ឈ្មោះទី១​ឈ្មោះ ហ៊ុល វាសនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ( អ្នក​បើក​ម៉ូតូ ) រស់​នៅ​ភូមិ​ថ្កោល​ធំ ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ រង​របួស​ធ្ងន់។ ទី២​ឈ្មោះ ឈឹម ចាន់​អេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រង​របួស​ធ្ងន់ ។ទី៣​ឈ្មោះ ឈឹម ចាន់​ហុង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ( ស្លាប់ )។ ទី៤ ឈ្មោះ គា កុយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រង​របួស​ធ្ងន់ អ្នក​ទាំង​៣ រស់​នៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ គេ​សង្គេត ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាយ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2N-2498 បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត លុះ​មក​ដល់​ចំណុច​កើត​ហេតុ​បាន​បុក​ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ី​រ៉ស់ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បម្រុង​បត់​ឆ្វេង បណ្តាល​អោយ​បើក​បុក​ចំ​ពី​មុខ​ពេញ​ទំហឹង បង្ក​អោយ​ស្លាប់​ម្នាក់ និង​៣​នាក់​ត្រូវ​របួស​ធ្ងន់ ។

ភ្លាម​ៗនោះ អ្នក​បើកបរ​រថយន្ត​បង្ក​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើត​ហេតុ ចំណែក​ជន​រង​គ្រោះ​ត្រូវ​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។

ក្រោយ​កើត​ហេតុ សមត្ថកិច្ច​មូល​ដ្ឋាន ចុះ​អន្តរាគមន៍​ធ្វើ​ការ​វាស់​វែង អូស​យក​ទាំង​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រងគ្រោះ ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក រង់​ចាំ​បន្ត​នីតិ​វិធី ។ ចំណែក​សព​ត្រូវ​បាន​ទំនាក់​ទំនង​ទៅ​សាច់​ញាតិ​អោយ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕