រន្ធត់​ណាស់​ស្លាប់​ទៀត​ហើយ .! មនុស្ស​៤​នាក់​បាន​ស្លាប់ និង ​ជាង​២០​នាក់​រង​របួស​ធ្ងន់​ស្រាល ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​៣​គ្រឿង​បើក​បុក​គ្នា​

កំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​៤​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ហ្នឹង​កន្លែង​ភ្លាម​ៗ និង​ជាង​២០​នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួស​ធ្ងន់​ស្រាល ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍ រថយន្ត​៣​គ្រឿង​បើក​បុក​គ្នា​ពេញ​ទំហឹង នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ ៤០-៤១ ស្ថិត​នៅ​ភូមិ​រំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៧​នេះ។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង ដោយ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក ហ៊ីយ៉ានដាយ ពណ៌ស (ឡាន​បែន) ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-2933 មិន​ស្គាល់​អ្នក​បើកបរ ( ចុះ​រត់​គេច​ខ្លួន​បាត់ ) បើកបរ​ពី​លិច​ទៅ​កើត​មក​ដល់​ចំណុច​ខាង​លើ បាន​បុក​រថយន្ត​មួយ​គ្រឿង ម៉ាក ហ៊ីយ៉ានដាយ ពណ៌​ខៀវ ( ឡាន​ការ៉េ ) ពាក់​ស្លាក​លេខ​ភ្នំពេញ 2J-0849 បើកបរ​ដោយ​ឈ្មោះ រឹត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់​នៅ​ភូមិ​ត្បែ​ស ឃុំវល្លិសរ ស្រុក​សំរោងទង បើកបរ​បញ្ច្រាស​ទិស​គ្នា​បណ្ដា​ឲ្យ​ក្រឡាប់​ផ្ងា​ជើង រួច​រថយន្ត​បែន​ក៏​រេ​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក សាំយ៉ុង ( ប្រភេទ​ទេស​ចរណ៍ ) ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-4362 បើកបរ​ពី​កើត​មក​លិច បណ្ដាល​ឲ្យ​ស្លាប់​៤​នាក់ និង​របួស​២១​នាក់ ក្នុង​នោះ​ស្រី​១០​នាក់។

លោក វិន ឡេងហួង មេ​បញ្ជា​ការ​អាវុធ​ហត្ថ​ស្រុក​សំរោង​ទង ចំនួន​អ្នក​ស្លាប់​អាច​បន្ត​កើន​ឡើង​ទៀត ព្រោះ​អ្នក​របួស​ខ្លះ​មាន ស្ថាន​ភាព​ធ្ងន់​ធ្ងរ ។

ក្រោយ​កើត​ហេតុ កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍ ធ្វើការ​វាស់​វែង​អូស​យក​រថយន្ត​ទាំង​៣​គ្រឿង​យក​មក​រក្សា​ទុក នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ដើម្បី​រង់​ចាំ​ដោះ​ស្រាយ​តាម​នីតិ​វិធី​ច្បាប់។

គិត​មក​ដល់​ម៉ោង​ប្រមាណ​៩ និង​២០​នាទី ព្រឹក​ថ្ងៃ​ខែ​ដ​ដែល បញ្ហា​ការ​កក​ស្ទះ​ចរាចរណ៍​បាន​កើត​ឡើង​យ៉ាង​ខ្លាំង​ នៅ​ចំណុច​កើត​ហេតុ ដោយ​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ បាន​ទៅ​ជួយ​អន្តរាគមន៍​ជា​បន្ត​បន្ទាប់ ៕