ជន​ជាតិ​ឡាវ ២​នាក់​ ជា​​មេក្លោង​​ជួញ​ដូរ​គ្រឿង​ញៀន ជិត​១​គីឡូ​ក្រាម

ស្ទឹង​ត្រែង៖ នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៧​នេះ កម្លាំង​នគរបាល​ខេត្ត​ស្ទឹង​ត្រែងបាន​ឃាត់​ខ្លួន ជន​ជាតិ​ឡាវ២​នាក់ ដែល​ជា​មេក្លោង​​ជួញ​ដូរ​គ្រឿង​ញៀន ប្រភេទ មេ​តំហ្វេ​តា​មីន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (ICE) ទម្ងន់​ជិត​១​​គីឡូ​ក្រាម នៅ​ចំណុច​ស្ពាន​ទី​២ ស្ថិត​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ឡាបរីវ៉ាត់ ខេត្ត​ស្ទឹងត្រែង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ទី១​ឈ្មោះ សៀន ខន អាយុ ៤៧ឆ្នាំ ជន​ជាតិ​ឡាវ មុខ​របរ​កសិករ រស់​នៅ​​ភូមិ​ឃី​ណាក់ ស្រុក ខូង ខេត្ត​ចំប៉ា​សាក់ និង​ជន​សង្ស័យ​ទី​២​ឈ្មោះ វង្ស សក្តិ ដាវ៉ាត់ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជន​ជាតិ​ឡាវ មុខ​របរ​មេ​ផ្ទះ រស់​នៅ​ភូមិ​ថាត​លួង ស្រ្ក​សៃសេ​ថា ក្រុង​វៀង​ចាន់ ប្រទេស​ឡាវ។

វត្ថុ​តាង​ដក​ហូត​បាន​រួម​មានៈ ថ្នាំ​ញៀន​ប្រភេទ មេតំ​ហ្វេ​តា​មីន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (ICE) ទម្ងន់​៩៧៦,៨ ក្រាម និង​ទូរសព្ទ​ដៃ​២​គ្រឿង។

បច្ចុប្បន្ន​ជន​សង្ស័យ ត្រូវ​មន្ត្រី​អនុវត្ត​ច្បាប់ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន កំពុង​រៀប​ចំ​សំណុំ​ឯក​សារ បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត និង​ស្វែង​រក​មុខ​សញ្ញា ពាក់​ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី ៕