កញ្ញា លឹម មួយហ្គិច ផុង​ក្នុង​រឿង​ដណ្ដើម​ប្តី​គេ ហើយ​ថា “យល់​ច្បាស់​ពី​ស្នេហា​ត្រីកោណ”

រាជធានី​ភ្នំពេញ៖ តារា​សម្ដែង​និង​ពិធីការិនី លឹម មួយហ្គិច ហៅ PiPiហ្គិច ស្រាប់តែ​សុខៗ​បែរ​ជា​រង​សម្ពាធ​រឿងរ៉ាវ​មួយ ដែល​ប៉ះ​នឹង​ពាក្យ​ថា “ដណ្ដើម​ប្តី​គេ” ធ្វើ​ឲ្យ​សាមីខ្លួន​ស្រឡាំងកាំង ហើយ​មិន​អាច​នៅ​ស្ងៀម​បាន គ្រា​ដែល​ក្នុង​គណនី​ហ្វេសប៊ុក របស់​នាង​មាន​គេ​ដៀល​កប់ៗ​មាត់។

ការ​រង​សម្ពាធ​ពាក្យ ដណ្ដើម​ប្ដី​គេ នេះ​ជា​ការ​ភាន់ច្រឡំ​ដ៏​ធំ​មួយ​សម្រាប់​ពិធីការិនី​វ័យ​ក្មេង​កំពុង​តែ​ឡើង​កូដ​ក្នុង​វិថី​សិល្បៈ​រហូត​ត្រូវ​បាន​នាង​ប្រញាប់​រត់​ចេញ​មក​ស្រែក​រក​ភាព​ត្រឹមត្រូវ ដែល​មហាជន​មួយ​ចំនួន​កំពុងតែ​មាន​ការ​ភ័ន្តច្រឡំ មិន​ដឹង​រឿង​ពិត។

កញ្ញា លឹម មួយហ្គិច ពិធីការិនី​ស្រស់​ស្អាត​និង​ជា​តារា​សម្ដែង ឆ្លង​កាត់​ស្នាដៃ​ជា​ច្រើន​រឿង​បាន​ឲ្យ​ដឹង​ថា ខ្ញុំ​ពិត​ជា​ស្រឡាំងកាំង​ខ្លាំង​មែនទែន ដែល​នៅ​ក្នុង​ហ្វេសប៊ុក ម្ចាស់​គណនី​ឈ្មោះ Rith Sky បាន​ប្រើ​ពាក្យ​មិន​សមរម្យ ឈ្លើយ​មែនទែន​ ខំម៉ិន (Comment) លើ​ហ្វេសប៊ុក​របស់​នាង​ថា «យក​ប្តី​គេ​ហើយ​ធ្វើ​ឲ្យ​គេ​បែកបាក់​គ្រួសារ​ទៀត មី​សំផឹង»

មួយហ្គិច បន្ត​ថា គាត់​បាន​ឃើញ​នាង​ឈរ​ថតរូប​ជាមួយ​តារា​ស្រី​ម្នាក់ ដែល​មាន​រឿង​ជាមួយ​ភាគី​ខាង​នោះ ដោយ​នាង​អត់​ដឹង​ថា គេ​មាន​បញ្ហា​អ្វី​នោះ​ទេ។ប៉ុន្តែ​ម្ចាស់​ហ្វេសប៊ុក​នោះ​លែង​ជា​ហ្វ្រែន (friend) ជាមួយ​គ្នា ដល់​ឃើញ​នាង​ឈរ​ជិត បែរ​ជា​មក​ផុស​ជេរ​ដាក់​លើ​ហ្វេសប៊ុក​នាង ឲ្យ​ផ្ដាំ​តារា​ស្រី​រូប​នោះ កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ទៀត។

នាង​ទទូច​ឲ្យ​ម្ចាស់​ខាងលើ​ឈប់​ប្រើ​ពាក្យ​អញ្ចឹង​ទៀត ហើយ​ប្រើ​ពាក្យ​ឲ្យ​បាន​គួរសម​នៅ​ក្នុង​គណនី (Account) ខ្ញុំ​ផង ខ្ញុំ​មិន​ដឹង​ថា​មាន​បញ្ហា​អ្វី​ទេ សំខាន់​នេះ​ជា​គណនី​ផ្ទាល់ខ្លួន​របស់​ខ្ញុំ ខ្ញុំ​គ្មាន​បាន​ធ្វើ​អំពើ​បែប​នេះ​ជាមួយ​អ្នកណា​ទេ ហើយ​ក៏​យល់​ពី​ស្នេហា​ត្រីកោណ​នេះ​ដែរ អត់​ប៉ះពាល់​តែម្តង។