លោក​ ខេមរៈ​​សិរី​មន្ត ដាច់​​កុង​​ត្រាជា​​មួយ ផលិត​​កម្ម សាន់​​ដេ មាន​​គម្រោង​​បើក​​ផលិត​កម្ម​​ផ្ទាល់​​ខ្លួន

រាជធានីភ្នំពេញ៖  មិន​ធម្មតា​នោះ​ទេ​ដែល​តារា​ចម្រៀង​ ខេមរៈ​សិរីមន្ត​ ស្រាប់​តែ​បន្ត​គោល​ដៅ​បើក​ផលិត​កម្ម​ចម្រៀង​ផ្ទាល់​ខ្លួន​ក្រោយ​គេ​លេច​ឮ​ក្នុង​សង្គម​សិល្បៈ ។

យ៉ាង​ណា​សម្រាប់​អ្នក​គាំ​ទ្រ​តារា​កំពូល​រូប​នេះ​សម្តែង​ការ​គាំ​ទ្រ​ដោយ​នៅ​ចាំ​មើល​ថា​តើ​ការងារ​ថ្មី​របស់​តារា​ត្រូវ​ចិត្ត​មហា​ជន​នេះ​ល្អ​ដល់​កម្រិត​ណា​ក្នុង​ជំហាន​ល្អ​នេះ។

តារា​ចម្រៀង​លោក ខេមរៈ សិរីមន្ត មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ ដោយ​ទូរសព្ទ​របស់​លោក មិន​អាច​ទាក់​ទង​បាន។

យ៉ាង​ណា​លោក ខេមរៈ ភារុណ ត្រូវ​ជា​បង​ប្រុស និង​ជា​អ្នក​និពន្ធ​ល្បី​ឈ្មោះ​ម្នាក់​លើក​ឡើង​ថា ការ​បើក​ផលិត​កម្ម​ថ្មី​នេះ​មិន​ទាន់​ដឹង​ច្បាស់​យ៉ាង​ណា​ទេ ដោយ​រង់​ចាំ​ផុត​កុង​ត្រា​ជា​មួយ សាន់ដេ សិន ។

អ្នក​និពន្ធ​រូប​នេះ​បញ្ជាក់​ថា “រឿង​ប្អូន​ប្រុស​ខ្ញុំ​គាត់​បើក​ផលិត​កម្ម​ផ្ទាល់​ខ្លួន​ហ្នឹង​នៅ​វែង​ឆ្ងាយ​ទៀត ខ្ញុំ​មិន​អាច​បញ្ជាក់​ពេល​នេះ​បាន​ទេ។ អ្វី​ៗ​យើង​រង់​ចាំ​មើល​ការ​ផុត​កុង​ត្រា​ជា​មួយ សាន់​ដេ សិន “។

លោក ខេមរៈ ភារុណ បន្ត​ថា នេះ​ជា​រឿង​ដ៏​ធំ​និង​ស្មុគ្រ​ស្មាញ​បំផុត​សម្រាប់​ការ​បើក​ផលិត​កម្ម ដូច្នេះ​ហើយ​លោក​ក៏​ដូច​ជា​ប្អូន​ប្រុស មិន​មែន​ចេះ​តែ​អាច​ធ្វើ​ឡើង​ភ្លាម​ៗ​បាន​នោះ​ទេ។

បន្ថែម​ពី​នេះ​លោក​បាន​អះ​អាង​ថា ដំណឹង​លេច​លឺ​ថា​លោក និង​ប្អូន​ប្រុស​ត្រៀម​បើក​ផលិតកម្ម​ថ្មី​ដោយ​មាន​ទំនាស់​ជា​មួយ​ម្ចាស់​ផលិត​កម្ម សាន់​ដេ គឺ​មិន​ពិត​ឡើយ។

អ្នក​និពន្ធ​រូប​នេះ​ថា ត្រកូល​ខេមរៈ ជា​មួយ​ផលិត​កម្ម សាន់​ដេ នៅ​តែ​ល្អូក​ល្អិន​ជា​មួយ​គ្នា​ដដែល​បើ​ទោះ​ជា​កុង​ត្រា​ជិត​បំផុត​កំណត់​ហើយ​ក្ដី។

បើ​ទោះ​ជា​បែប​នេះ​ក្ដី​យោង​ទៅ​តាម​ប្រភព​អាច​ទុក​ចិត្ត​បាន​មួយ​បញ្ជាក់​ថា ត្រកូល​ខេមរៈ ជា​ពិសេស​លោក ខេមរៈ សិរីមន្ត ផ្ទាល់​តែ​ម្ដង ត្រៀម​នឹង​បើក​ផលិត​កម្ម ថ្មី​ក្នុង​ពេល​ឆាប់​ៗ ក្រោយ​ចប់​កុង​ត្រា​ជា​មួយ សាន់​ដេ។

ការ​ត្រៀម​បើក​ផលិត​កម្ម ផ្ទាល់​ខ្លួន​នេះ​ក៏​ព្រោះ​តែ​មួយ​រយៈ​ចុង​ក្រោយ​ទី​ផ្សារ​ចម្រៀង​របស់​លោក ហាក់​ស្ងប់​ស្ងាត់ ដោយ សាន់ដេ មិន​សូវ​ជា​ផ្ដល់​ចម្រៀង​ឱ្យ រួម​នឹង​ជំហរ​ច្បាស់​លាស់​ដូច​ពេល​មុន​ៗ។ ប៉ុន្តែ​ដំណឹង​ទាំង​នេះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​លោក ខេមរៈ សិរីមន្ត។

លោក ខេមរៈសិរីមន្ត រួម​នឹង​បង​ប្រុស និង​ប្អូន​ស្រី បាន​ជ្រក​ក្រោម​ទ្រនំ សាន់​ដេ ដោយ​គិត​មក​ទល់​នឹង​ពេល​នេះ​មាន​រយៈ​ពេល​៩ ទៅ​១០​ឆ្នាំ​ហើយ។

ក្នុង​រយៈ​ពេល​ដ៏​យូរ​នេះ​លោក​បាន​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​ខ្លាំង​ក្នុង​ពិភព​សិល្បៈ។ អ្នក​គាំ​ទ្រ​កំពុង​តែ រង់​ចាំ​មើល​ថា តើ​តារា​ចម្រៀង​រូប​នេះ​មិន​បន្ត​កុង​ត្រា​ថ្មី​ជា​មួយ សាន់​ដេ ហើយ​ឈាន​ទៅ​បើក​ផលិត​កម្ម​ផ្ទាល់​ខ្លួន​មែន​នោះ អាច​នឹង​ល្បី​ឈ្មោះ​ដូច​នៅ សាន់ដេ ឬ​ធ្លាក់​ចុះ​ជាង​មុន ៕