រន្ធត់​ណាស់ .! កិន​ស្លាប់​ទាំង​៣នាក់ ជិះ​ម៉ូតូ​ឌុប​គ្នា​រេ​ចង្កូត​ចូល​ពី​មុខ​ឡាន FUSO នៅ​ថ្មគោល

បាត់ដំបង៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរឲ្យ​រន្ធត់​មួយ បាន​ឆក់​យក​ជីវិត​មនុស្ស​៣​នាក់​ភ្លាមៗ ដែល​បង្ក​ឡើង​រវាង​ម៉ូតូ​បើក​បុក​គ្នា​ជាមួយ​រថយន្ត FUSO ធុន​ធំ​មួយ​គ្រឿង បណ្ដាលឲ្យ​កិន​ស្លាប់​ទាំង​៣​នាក់​មួយ​រំពេច បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង​កាល​ពី​វេលា​ម៉ោង ៩ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិត​ក្នុង​ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ជន​រងគ្រោះ​ទាំង​៣​នាក់​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ។ ពួកគេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក វ៉េវ ពណ៌ក្រហម ឌុប​គ្នា​ដោយ​មាន​ឥវ៉ាន់​ដាក់​ពីមុខ​ផង។ ដោយឡែក​រថយន្ត​ម៉ាក FUSO ពាក់​ស្លាក​លេខ ភ្នំពេញ 3B-1898 ។

ប្រភព​ព័ត៌មាន ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​សង្កេត​ឃើញ​ជន​រងគ្រោះ​ទាំង​៣​ជិះ​ម៉ូតូ​ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​ខាងលើ លុះ​មក​ដល់​ចំណុច​កើតហេតុ មិន​ដឹង​មាន​បញ្ហា​អ្វី ក៏​បាន​រេ​ចង្កូត​ចូល​មក​ខាង​មុខ​រថយន្ត FUSO ដែល​កំពុង​បើកបរ​បញ្ច្រាស​ទិស​គ្នា បណ្ដាល​ឲ្យ​រថយន្ត​បើក​បុក និង​កិន​អូស​ជាង ១០ម៉ែត្រ ស្លាប់​យ៉ាង​អាណោចអាធ័ម ទាំង​៣​នាក់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​តែម្តង។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​ជំនាញ ចុះ​អន្តរាគមន៍​វាស់វែង អូស​យក​ទាំង​រថយន្ត និង​ម៉ូតូ​ជន​រងគ្រោះ ទៅ​កាន់ ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រង់ចាំ​បន្ត​នីតិវិធី​ច្បាប់​នៅ​ពេលក្រោយ៕