ដឹង​មូលហេតុ​ពិត​ហើយ គឺ​រំលោភ ហើយ​ខ្លាច​​បែកការណ៍ ក៏​សម្លាប់​ម្ដាយ​ចុង​បំបិទ​មាត់

រាជធានី​ភ្នំពេញ៖ ឃាត​កម្ម​ដ៏​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ ដែល​មហា​ជន​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នោះ គឺ​ឃាតកម្ម​កូន​ដើម​សម្លាប់​ម្ដាយ​ចុង។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​ថ្ងៃ​ទី ១១ ខែឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង ១១ និង ៤១​នាទី​ថ្ងៃត្រង់។

នារី​រងគ្រោះ​ជា​ប្រពន្ធ​ទី​២​របស់​តារា​កំប្លែង​ជើងចាស់ នាយ ហុងដា ឈ្មោះ ស៊ឹម ចន្ទី ហៅ ស្រីកា អាយុ ១៩​ឆ្នាំ និង ជនសង្ស័យ គឺ​ជា​កូន​បង្កើត​របស់​ប្រពន្ធ​មុន​របស់​លោក ឈ្មោះ អឿន សុខខេន អាយុ​១៧​ឆ្នាំ។

ជន​សង្ស័យ និង​ប្រពន្ធ​ខ្លួន ឈ្មោះ នេត រស្មីកន្និដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​កាល​ពី​ថ្ងៃទី​១២ ខែឧសភា ម្សិលមិញ​នេះ នៅ​ម្ដុំ​វត្តចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

បន្ទាប់​ពី​ចាប់​ខ្លួន​បាន​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ទៅ​សួរ​នាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៣ ឧសភា​នេះ និង​បាន​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ថា ករណី​ឃាតកម្ម​រវាង​ម្ដាយចុង​និង​កូន​ដើម​នេះ មិន​មែន​ត្រឹមតែ​ករណី​ប្លន់​យក​ទ្រព្យ និង​គ្រឿង​ញៀន​ទេ ថែម​ទាំង​ជា​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ទៀត តែ​មិន​បាន​សម្រេច​ទេ ក៏​សម្លាប់​បំបិទ​មាត់​តែ​ម្ដង​ទៅ។

តាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​១០ ​ឧសភា ​កន្លងមក ខ្លួន​និង​ស្ត្រី​រង​គ្រោះ​បាន​ស្ថិត​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា ចំណែកប្រពន្ធ​ខ្លួន​មិន​បាន​នៅទេ ព្រោះ​ជាប់រវល់​ទៅ​​ធ្វើការ។ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​​កំពុង​ដេក​លក់ ដោយ​ស្លៀក​ពាក់​ស្ដើង​ៗ​នោះ ខ្លួន​មាន​អារ​ម្ម​ណ៏​ចង់​រួម​ភេទ ក៏​បាន​យក​កន្ត្រៃ​កាត់​ខោ​ជន​រងគ្រោះ​ចំ​ត្រង់​ប្រដាប់​ភេទ ពី​ខាង​មុខ​មួយ​ប្រឡោះ បន្ទាប់​​មក​ខ្លួន​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​តែ​ម្ដង ប៉ុន្តែ​មិន​បាន​សម្រេច​​​ទេ ដោយ​ជន​រង​គ្រោះ​បាន​ភ្ញាក់​ដឹងខ្លួន ហើយ​ក៏​មាន​ការ​ប្រតាយប្រតប់​គ្នា​កើតឡើង។

មួយសន្ទុះ​ក្រោយមក ទើប​ប្រពន្ធ​​​ខ្លួន​​ត្រឡប់​មក​ពី​ធ្វើការ​វិញ បាន​គោះ​ទ្វារ​ពី​ខាងក្រៅ ពេល​នោះ​ម្ដាយចុង​បាន​ប្រាប់​ខ្លួន​ថា “ទៅ​បើក​ទ្វារ​សិន​ទៅ”។ ហើយ​ខ្លួន​ក៏​បាន​ដើរ​ចេញ​ទៅ​បម្រុង​បើកទ្វារ​ឲ្យ​ប្រពន្ធ​ចូល ស្រាប់តែ​ម្ដាយចុង (​ជន​រង​គ្រោះ​) បាន​ស្ទុះ​ចូល​បន្ទប់​វិញ ហើយ​បិទ​ទ្វារ​បន្ទប់ដេក​​យ៉ាង​តក់ក្រហល់។ មិនតែប៉ុណ្ណោះ បាន​លើក​ទូរស័ព្ទ​បម្រុង​និយាយ​ទៀត ពេល​នោះ​ខ្លួន​ខ្លាច​បែក​ការណ៍ រឿង​ដែល​ខ្លួន​ចាប់រំលោភ​នោះ ក៏​បាន​ផ្លោះ​តាម​បង្អួច​ចូល​ទៅ​ក្នុង​បន្ទប់​នោះ​វិញ ​ហើយ​ចាប់​ច្របាច់.ក​ជន​រង​គ្រោះ រហូត​ដល់​សន្លប់ បន្ទាប់​មក​បាន​ដោះ​យក​គ្រឿងអលង្ការ ​ព្រមទាំង​យក​ខ្សែ​ឆ្នាំងអ៊ុត​រឹត​.ក​បន្ថែម​ឲ្យ​​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង។

សម្លាប់​រួច​ហើយ​ ​ទើប​បើកទ្វារ​ឲ្យ​ប្រពន្ធ​ចូល ពេល​នោះ​ប្រពន្ធ​ក៏​បាន​សួរ​ថា “បង​ឯង​ធ្វើ​អ្វី?” ខ្លួន​ឆ្លើយ​ថា “មាន​ទំនាស់​ជាមួយ​ម្តាយចុង ហើយ​បាន​សម្លាប់​គាត់​បាត់​ទៅ​ហើយ”។ បន្ទាប់​មក​ខ្លួន​បាន​ប្រាប់​ឲ្យ​ប្រពន្ធ​រៀបចំ​ខោអាវ​ ដើម្បី​រត់គេច​ខ្លួន បន្ទាប់​មក​ក៏​បាន​យក​ភួយ​ទៅ​រុំ​សព​​​​ជន​រងគ្រោះ និង​បាន​អូស​សព​​ទៅ​លាក់​ទុក​ក្នុង​បន្ទប់ទឹក ក្នុង​បន្ទប់​មួយ​ទៀត​នៅ​ទល់មុខ​បន្ទប់​ស្នាក់​នៅ​នោះ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយមក​បាន​នាំ​ប្រពន្ធ គេចខ្លួន​ទៅ​ដេក​នៅផ្ទះ​របស់​ម្តាយក្មេក (​ម្ដាយបង្កើត នេត រស្មីកន្និកា) មួយ​យប់ លុះដល់​វេលា​ម៉ោង​១១​ និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១១ ​ឧសភា ខ្លួន​និង​ប្រពន្ធ​បាន​យក​កងដៃ ចិញ្ចៀន និង​ម៉ូតូ​ម៉ាក ស៊ុយហ្ស៊ុយគីស្មាស់ ឲ្យ​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ង៉ែត យក​ទៅ​លក់ ដោយ​ឈ្មោះ ងែតនោះ បាន​យក​ម៉ូតូ​ទៅ​បញ្ចាំ​នៅ​ផ្សារ​ឃ្លាំង​រំសេវ ខណ្ឌទួលគោក បាន​លុយ​ចំនួន​១០០​ដុល្លារ​, ចិញ្ចៀន​លក់​បាន​៣០.​០០០​រៀល, កងដៃ​មិន​បាន​លក់​ទេ ដោយ​ឈ្មោះ ង៉ែត ប្រាប់​ថា ជា​របស់​កាឡៃ។

ចំណែក​ទូរស័ព្ទ ណូគា​ចុច​ពិល ខ្លួន​បាន​បិទ​ម៉ាស៊ីន​ចោល រហូត​អត់​បើក​ទេ លុះ​ដល់​វេលា​ម៉ោង​ប្រហែល​១៤​និង​៣០​នាទី ថ្ងៃ​ទី​១២ ​ឧសភា​ ខ្លួន​បាន​ដើរ​ទៅ​ខាងក្រោយ​វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ទៅ​ជក់​ថ្នាំ​ញៀន ហើយ​ក្នុង​ខណៈ​ពេល​កំពុង​តែ​ជក់​គ្រឿងញៀន ក៏​ស្រាប់តែ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ទៅ​ដល់ ឃាត់ខ្លួន​តែ​ម្តង។

បងប្អូន​ប្រិយមិត្ត​ជា​ទី​រាប់អាន បើ​តាម​ចម្លើយ​សារភាព​របស់​កូន​ប្រុស​នាយ ហុង ដា ខាង​លើ​នេះ ហុច​ន័យ​ឲ្យ​ថា នាយ ហុង ដា ពិត​ជា​អភព្វ​ណាស់ មិន​គួរ​ណា​មាន​កូន​ចង្រៃ​តិរច្ឆាន​យ៉ាង​នេះ​ទេ។ បើ​គិត​ទៅ នាយ​ហុងដា អភព្វ​ជាង លោក រិន សាវ៉េត ដែល​ប្រពន្ធ​ទើប​ស្លាប់​ចោល​ទៅ​ទៀត។ គឺ​លោក ហុង ដា​មាន​ទុក្ខ​ជាន់​លើ​ទុក្ខ ហើយ​មាន​តែ​លោក​ម្នាក់​គត់​ដែល​យល់​អារម្មណ៍​នេះ​ច្បាស់​ជាង​គេ។

មុន​នឹង​ប្រព្រឹត្តិ​អំពើ​ឃោរឃៅ​បែប​នេះ តើ​គេ (ជន​ល្មើស) បាន​គិត​ពី​លទ្ធផល​ចុង​ក្រោយ​ទេ? តើ​កូន​នោះ​មាន​បេះដូង​ក្នុង​ទ្រូង​ទេ? ទើប​បាន​គ្មាន​អាសូរ​ដល់​ទ្រូង​ឪពុក​ខ្លួន ដែល​ខំ​បីបាច់​ថែ​រក្សា ខ្លួន​តាំង​ពី​បាត​ជើង​ក្រហម​រងាល រហូត​ដល់​ធំ​ក្បាល​ប៉ុន​បាត​លោក បែរ​ជា​ធ្វើ​ឲ្យ​ឪពុក​គ្រាំ​ឈាម រង​ទុក្ខ​ធំ ឈឺផ្សា​គ្មាន​ថ្ងៃ​ល្ហែ​បែប​នេះ។ សូម​បងប្អូន​ប្រិយមិត្ត​កុំ​យក​តាម​គំរូ​អាក្រក់​បែប​នេះ​ឲ្យ​សោះ។