អង្គ​ភាព​ចុះ​បញ្ជី​យានយន្ត​និង​ច្រក​ចេញ​ចូល​តែ​មួយ​តាម​ខណ្ឌ​ដណ្ដើម​គ្នា​រឿង​គ្រប់គ្រង​បញ្ជី​យានយន្ត

រាជ​ធានី​ភ្នំពេញ៖ បន្ទាប់​ពី​មាន​ការ​ផ្លាស់​ប្ដូរ​ការ​ចុះ​បញ្ជី​ទោ​ចក្រ​យាន​យន្ត និង​ត្រី​ចក្រ​យាន​យន្ត​ពី​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ឲ្យ​ទៅ​ចុះ​បញ្ជី​នៅ​កា​រិ​យា​ល័យ​ច្រក​ចេញ​ចូល​តែ​មួយ​តាម​បណ្ដា​ខណ្ឌ​នានា​រួច​មក បាន​ធ្វើ​ឲ្យ​មាន​ភាព​ស្មុគ​ស្មាញ និង​បង្ក​ការ​ថ្នាំង​ថ្នាក់​ដល់​ប្រជាពលរដ្ឋ ពិសេស​ការ​ផ្ទេរ ប្តូរ ទុ​តី​យ​តា ចំពោះ​ស្លាក​លេខ​ម៉ូតូ​ដែល​បុក​បាក់​បែក និង​បាត់​ដែល​តម្រូវ​ឲ្យ​ធ្វើ​ថ្មី នៅ​ពេល​ប្រជាពលរដ្ឋ​ទៅ​ស្នើ​សុំ​ធ្វើ​ថ្មី​ត្រូវ​បាន​មន្ត្រី​ជំនាញ​ទាំង​នោះ​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មិន​ទទួល​ខុស​ត្រូវ ព្រម​ទាំង​បាន​បដិសេធន៍​មិន​ទទួល​ធ្វើ​តែ​ម្តង ។

នៅ​ខាង​មុខ​អង្គ​ភាព​ចុះ​បញ្ជី​ទោ​ចក្រ​យាន​យន្ត នៃ​មន្ទីរ​សាធារណការ​រាជ​ធានី​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗ​នេះ គេ​សង្កេត​ឃើញ មាន​ប្រជាពលរដ្ឋ​ប្រមាណ​៥នាក់​បាន​ឈរ​ជជែក​គ្នា ឆ្កា​ដៃ​ឆ្កា​ជើង មាន​សំឡេង​លឺៗ ដោយ​បញ្ចេញ​អាកប្បកិរិយា​ហាក់​មិន​សប្បាយ​ចិត្ត​ជា​មួយ​មន្ត្រី​ចុះ​បញ្ជី​របស់​អង្គភាព​ចុះ​បញ្ជី​ទោ​ចក្រ​យាន​យន្ត​នោះ​ទេ ។

ប្រជាពលរដ្ឋ​មា្នក់ ដែល​បាត់​បណ្ណ​សំគាល់​ម៉ូតូ​(កាតគ្រី)​សុំ​ធ្វើ​ថ្មី និង​ម្នាក់​ទៀត បាន​លក់ និង​ផ្ទេរ កាត់​ទៅ​ឲ្យ​ឈ្មោះ​ម្នាក់​ទៀត បាន​និយាយ​ថា នៅ​ពេល​ពួក​គាត់​ទៅ​សុំ​ធ្វើ​នៅ ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ឬ​សាលា​ខណ្ឌ មន្ត្រី​នៅ​ទី​នោះ​បាន​ឆ្លើយ​ឲ្យ​ទៅ​ចុះ​បញ្ជី​នៅ​អង្គភាព​ចុះ​បញ្ជី​ទោ​ចក្រ​យាន​យន្ត​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ​វិញ ព្រោះ​នៅ​ទី​នោះ មាន​ឯក​សារ​គ្រប់​គ្រាន់ ជា​ពិសេស​ឯកសារ​ដើម ដែល​បាន​ចង​ក្រង​ជា​ឯកសារ​ពី​មុន​មក ប៉ុន្តែ​នៅ​ពេល​ទៅ​អង្គភាព​ចុះ​បញ្ជី​ទោ​ចក្រ​យាន​យន្ត​មន្ទីរ​សាធារណការ មន្ត្រី​នៅ​ទីនោះ បាន​ឆ្លើយ​ថា រាល់​ការ​ចុះ​បញ្ជី​ទោ​ចក្រ​យាន​យន្ត និង​ត្រី​ចក្រ​យាន​យន្ត​នេះ ត្រូវ​បាន​បញ្ឈប់​ទាំង​ស្រុង​នៅ​ត្រឹម​ថ្ងៃ​ទី២៧​ខែមីនា​ ឆ្នាំ២០១៧​មក​ម្លេះ សម្រាប់​ការ​ផ្ទេរ ប្តូរ និង​ទុ​តី​យ​តា ឯ​ការ​ចុះ​បញ្ជី​ស្នើ​សុំ​ធ្វើ​ស្លាក​លេខ​ម៉ូតូ​ថ្មី ត្រូវ​បាន​ផ្ទេរ​ឲ្យ​ទៅ​ធ្វើ​នៅ​ខណ្ឌ​ជា​យូ​មក​ហើយ ដោយ​មិន​តម្រូវ​ឲ្យ​ធ្វើ​នៅ​ទីនោះ​ទៀត​ទេ ។

ប្រជាពលរដ្ឋ ដដែល​បាន​លើក​ឡើង​ជា​សំនួរ​ត្រង់ៗ​ទៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ថា តើ​ក្រសួង​ឲ្យ​ទៅ​ខាង​ណា​ធ្វើ​ឲ្យ​ពិត​ប្រាកដ ? ចំពោះ​ការ​ផ្លាស់​ប្តូរ​បែប​នេះ លុះ​ត្រា​ណា​តែ​មាន​ការ​រៀប​ចំ​ប្រព័ន្ធ​ឬ​មាន​ឧបករណ៍​គ្រប់គ្រាន់​ឲ្យ​បាន​ស្រួល​បួល​ជា​មិន​សិន មិន​មែន​ចេះ​តែ​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ធ្វើ​ឆៅៗ និង​មិន​មាន​ភាព​ច្បាស់​លាស់ ទើប​បណ្ដាល​ឲ្យ​មាន​ការ​រុញ​ដាក់​គ្នា ដោយ​មិន​ទទួល​ខុស​ត្រូវ​បែប​នេះ​នោះ​ ។

ទាក់​ទិន្ន​បញ្ហា​ខាង​លើ​នេះ​ លោក ជា ប៊ុនធឿន ប្រធាន​អង្គភាព​ចុះ​បញ្ជី​ទោ​ចក្រ​យាន​យន្ត និង​ត្រី​ចក្រ​យាន​យន្ត នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ សុំ​មិន​ធ្វើ​អត្ថា​ធិបាយ​នោះ​ទេ ដោយ​លោក បាន​បញ្ជាក់​ថា ការ​រៀប​ចំ​ឬ​ទំលាក់​ការងារ​ចុះ​បញ្ជី​ទោ​ចក្រ​យាន​យន្ត និង​ត្រី​ចក្រ​យាន​យន្ត​ឲ្យ​ទៅ​កា​រិ​យា​ល័យ​ច្រក​ចេញ​ចូល​តែ​មួយ​នៅ​តាម​ខណ្ឌ​នោះ គឺ​ជា​ការ​យល់​ឃើញ​របស់​ក្រសួង​ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំ​ខាងលើ លោក​មិន​មាន​យោបល់​ឬ​ក៏​ជំទាស់​អ្វី​ទាំង​អស់ ។

គួរ​រំលឹក​ថា មាន​រយៈ​ពេល​ជិត​២ឆ្នាំ​កន្លង​មក​ហើយ ដែល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ ការ​ចុះ​បញ្ជី​ទោ​ចក្រ​យាន​យន្ត (ម៉ូតូ​ឬ​ម៉ូតូ​កង់​បី) ការ​ចុះ​បញ្ជី​យាន​យន្ត​(ឡាន)និង​ការ​ងារ​ផ្តល់​បណ្ណ​បើក​បរ ឲ្យ​ចុះ​បញ្ជី​តាម​រយៈ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម (អន​ឡាញ) ដែល​ផ្នែក​ខ្លះ​បាន​ប្រគល់​សិទ្ធិ​ឲ្យ​ទៅ​វិស័យ​ឯក​ជន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ជុំនួស​ទៅ​វិញ ដូច​ជា​ការ​ចុះ​បញ្ជី​រថយន្ត និង​លក់​លេខ​រថយន្ត​តែ​ម្តង ដែល​មាន​ចំណុច​ខ្លះ​មាន​ភាព​ស្មុគ​ស្មាញ និង​បង្ក​ការ​ថ្នាំង​ថ្នាក់​ពី​ប្រជាពលរដ្ឋ​ផង​ដែរ ៕

រូបភាព