កំណាព្យពីរោះ! ពី​ប្រិយមិត្ត ចូលរួម​រំលែក​ទុក្ខ​នាយ ហុង ដា

ប្រិយមិត្ត​ជា​ទី​រាប់​អាន មនុស្សយើង​កើត​មក​ហើយ​តែងតែ​ស្លាប់​ទៅ​វិញ​ជា​ធម្មតា ពុំ​មាន​អ្នក​ណា​ម្នាក់​ជៀស​រួច​ពី​ក្រញាំ​មច្ចុ​រាជ​បាន​ឡើយ​ គ្រាន់តែ​ការ​ស្លាប់​មាន​មូលហេតុ​ ផ្សេង​ៗ គ្នា។ ករណី​ដូច​ប្រពន្ធ​ទី​ពីរ​របស់​នាយ ហុង ដា ជា​ករណី​ពិសេស​មួយ​ដែល​កម្រ​ជួប គឺ​កូន​ដើម​សម្លាប់​ម្ដាយ​ចុង។ យើង​ទាំង​អស់​គ្នា​ច្បាស់​ជា​ដឹង​ហើយ​ថា អ្នក​រង​ទុក្ខ​ធំ​ជាង​គេ​គឺ នាយ ហុង ដា ដែល​គាត់​បាត់បង់​ប្រពន្ធ​វ័យ​ក្មេង​កំពុង​ពេញ​ស្រឡាញ់ ហើយ​កូន​ប្រុស​ត្រូវ​ជាប់​ពន្ធនាគារ ព្រមទាំង​ត្រូវ​បីបាច់​ទារិកា​អាយុ​ទើប​បាន​៦​ខែ​ម្នាក់​ទៀត​ផង។ ណ្ហើយ​កុំ​បាច់​រៀបរាប់​ច្រើន​នាំ​ទឹក​ភ្នែក​ទេ ពេល​​វេលា​នឹង​ជា​ឱសថ​ទិព្វ​ក្នុង​ការ​ជួយ​ព្យាបាល​ដួងចិត្ត ក្រុម​គ្រួសារ​នៃ​សព​។

ដំណឹង​យប់មិញ​សូម​លើក​យក​កំណាព្យ​របស់​ប្រិយមិត្ត​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ កវីសម្បូរស្នេហ៍ ថាងភួហួរ ដែល​បាន​បង្ហោះ​ក្នុង​គណនី​របស់​ខ្លួន ថ្លែង​ពី​ទុក្ខ​សោក​ក្រៀមក្រំ ដែល​នាយ ហុង ដា បាន​ព្រាត់​ភរិយា​រហូត គ្មាន​ថ្ងៃ​វិល​វិញ និង​ដោយ​ការ​គោរព​ស្រឡាញ់ និង​ចូលរួម​​រំលែកទុក្ខ​នាយ ហុង ដា ផង។

អូន​អើយ​ក្រោក​មក រក​ប្ដី​ណា​អូន
កុំ​គេង​ស្ងាត់សូន្យ កូន​យើង​យំ​ហើយ
អូន​សន្យា​ថា មិន​ចោល​បង​ឡើយ
ចុះ​ម្ដេច​ត្រាណត្រើយ មិន​ឆ្លើយ​នឹង​បង…។

ផែនដី​លម្អៀង ផ្អៀង​ទៅ​ម្ខាង​ទៀត
លោកា​ចង្អៀត ជ្រៀត​យក​នួនល្អង
សល់​ត្រឹម​​រូបកាយ វិញ្ញាណ​ឆ្ងាយ​បង
ដូច​ចាក់​បេះដូង បង​ឱ្យ​មរណា។

ផ្សែង​ធូប​ខ្មួលខ្មាញ់ ផ្ចាញ់​ទឹកភ្នែក​បង
ហូរ​ស្រក់​ម្តងៗ មួហ្មង​ឱរា
ដូច​មច្ចុរាជ កំណាច​ឫស្យា
ផ្ដន្ទា​ប្រហារ រៀម​រ៉ា​ឱ្យ​សូន្យ។

បើ​មាន​ជាតិ​​ក្រោយ ឱ្យ​ជួប​ម្តង​ទៀត
សូម​ផ្សង​គ្រប់​ជាតិ មិន​ឃ្លាត​ពី​អូន
ផ្តល់​ស្នាមញញឹម គ្មាន​ថ្ងៃ​ស្រពោន
ថែ​អូន​និង​កូន លុះ​សូន្យ​ជីវិត។

ថាងភួហួរ
១២ ឧសភា ២០១៧
១១:១១ យប់