កម្មករ​សំណង់​ម្នាក់​ ត្រូវ​ដែក​ទ្រេល​សង្កត់​ស្លាប់​យ៉ាង​អាណោច​អាធ័ម

រាជធានី​ភ្នំពេញ៖កម្មករ​សំណង់​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត​មួយ​រំពេច​ដោយ​ជួប​ឧប្បត្ដិ​ហេតុ​ដែក​ទ្រេល​សង្កត់​ស្លាប់​យ៉ាង​អាណោច​អាធ័ម​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១២​ខែ​ឧសភា​ឆ្នាំ​២០១៧ ដែល​នៅ​ជាប់​និង​របង​ផ្សារ​ទំនើប«អ៊ីអន» ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ។

យោង​តាម​សាក្សី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​បុរស​ម្នាក់​ដែល​ស្លាប់​បាត់​បង់​ជីវិត​ខាង​លើ​នេះ បាន​ទៅ​ស្ទូច​ដែក​ដើម្បី​យក​មក​ធ្វើ​អាគារ​តែ​គាត់​បាន​ជ្រុះ​មួក​រួច​ក៏​ចុះ​ទៅ​រើស ប៉ុន្ដែ​ជា​អកុសល ក៏​ត្រូវ​បាន​ដែក​ទ្រេល​ធ្លាក់​សង្កត់​ស្លាប់​ភ្លាមៗ​មួយ​រំពេច ។
ប្រភព​ដដែល​បាន​បន្ដ​ថា ជន​រងគ្រោះ​ដែល​ស្លាប់​ជា​កូន​កំព្រា​ឪពុក​ម្ដាយ​មាន​តែ​២​នាក់​បង​ប្អូន ទើប​បាន​នាំ​គ្នា​មក​ធ្វើ​ជា​កម្មករ​សំណង់​តែ ក៏​បាន​ជួប​ឧប្បត្ដិ​ហេតុ​អាក្រក់​បណ្ដាល​ឲ្យ​គាត់​បាត់​បង់​ជីវិត។

ជន​រងគ្រោះ​មាន​ឈ្មោះ ចែម ចក អាយុ២៨​ឆ្នាំ​ស្នាក់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ មាន​ស្រុក​កំណើត​នៅ​ឯ​ភូមិ អង្គ​ព្រិច ស្រុក អង្គស្នួល ខេត្ត​កណ្ដាល ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ដល់​កន្លែង​និង​ទំនាក់​ទំនង​ទៅ​មន្ដ្រី​ជំនាញ​មក​ធ្វើ​កោសល្យវិច័យ​លើ​សាក​សព និង​បាន​ស្ទូច​ដែក​ដែល​សង្កត់​លើ​ខ្លួន​បុរស​ម្នាក់​នោះ​ចេញ ចំណែក​សាក​សព​ត្រូវ​បាន​បង​ប្អូន​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕