រថយន្ត​សេរី​ទំនើប​ម៉ាក PORSCHE(ផច) បើក​បុក​​ទ្រូង​​ផ្លូវ

ភ្នំពេញ៖ របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​មួយ​កង់​បាន​ខ្ទាត​ចេញ​ពី​គ្នា​ប្រហែល​៣​ម៉ែត្រ​ដោយ​សារ ​តែ​រថយន្ដ​សេរី​ទំនើប​មួយ​គ្រឿង​បើក​បុក​យ៉ាង​ពេញ​ទំហឹង​ចំណែក​រថយន្ដ​ដាច់​កាឡេ​កង់​ខាង​មុខ​ផ្នែក​ខាង​ឆ្វេង​ទៅ​មុខ​លែង​រួច។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​០១​និង​៤៥​នាទី​រំលង​អាធ្រាត ឈាន​ចូល​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ខាង​មុខ​មន្ទីរ​ពេទ្យ​វិសាល​សុខ តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ (ផ្លូូវ​ព្រះ​មុន្នី​រ៉េត )ក្នុង​សង្កាត់ ផ្សារ​ដើម​គរ ខណ្ឌ​ទួល​គោក ។

រថយន្ដ​បង្ក​ម៉ាក Porsche ពណ៍សរ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z-2299 ជិះ​ដោយ​បុរស​នារី​បួន​នាក់​នៅ​ក្នុង​រថយន្ដ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ដ​បង្ក​ជិះ​ដោយ​បុរស​នារី​បួន​នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧​(ផ្លូវ​ព្រះ​មុន្នី​រ៉េត )ទិស​ដៅ​ពី​កើត​ទៅ​លិច ពេល​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​រេ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​អោយ​របាំង​ថ្ម​ចំនួន​មួយ​កង់​ខ្ទាត​ចេញ​ពី​គ្នា​ប្រហែល​៣​ម៉ែត្រ ចំណែក​រថយន្ដ​បែក​កង់​និង​ដាច់​កាឡេ​កង់​ខាង​មុខ​ផ្នែក​ខាង​ឆ្វេង​បន្ត​ដំណើរ​ទៅ​មុខ​លែង​រួច។

ប្រភព​បាន​បន្ត​ថា ​ក្រោយ​ពី​កើត​ហេតុ​អ្នក​ជិះ​ក្នុង​រថយន្ដ​ទាំង​អស់​បាន​ចុះ​ពី​រថយន្ដ​ហើយ​ដោយ​ឃើញ​រថយន្ដ​បើក​ទៅ​មុខ​មិន​កើត​ទើប​នាំ​គ្នា​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​ដោយ​ទុក​រថយន្ដ​នៅ​កន្លែង​កើត​ហេតុ។

ក្រោយ​មក​ទើប​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់​ទំនង​ទៅ​កម្លាំង​ចរាចរណ៍​ធ្វើការ​វាស់​វែង​ស្ទួច​យក​រថយន្ដ​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់៕