កុំ​តែ​លោត​ចុះ​ពី​ម៉ូតូ​ទាន់ កុំ​អី..

រាជធានី​ភ្នំពេញ: រថយន្ត​កូរ៉េដឹក​ទំនិញ​មួយ​គ្រឿង បើក​លឿន​រេ​ចង្កូត​ជ្រុល​ក្រឡាប់​ផ្ងារ​ជើង​ច្រងាង និង ​សង្កត់​ម៉ូតូ​គុប​ជ្រុង​មួយ​គ្រឿង ពេល​ជិះ​ធ្វើ​ដំណើរ​ស្រប​គ្នា​បណ្តាល​អោយ​រង​ការ​ខូច​ខាត ទាំង​រថយន្ត និងម៉ូតូ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ជើង​ឯក ខណ្ឌ​ដង្កោរ កាល​ពី​វេលា​ម៉ោង ១០ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៧ ។


រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​កូរ៉េ​ដឹក​ទំនិញ​ធុន​ធំ​ល្មម​មួយ​គ្រឿង ពណ៌ស ពាក​ស្លាក​លេខ ភ្នំពេញ 3D : 3132 ។ ចំណែក​ម៉ូតូ​ជន​រងគ្រោះ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹក​ប៊ិច ។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា រថយន្ត​បង្ក​បើកបរ​ដោយ​​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ល្មម ។ ​លុះ​មក​ដល់​ចំណុច​ខាង​លើ មិន​ដឹង​ជា​មាន​បញ្ហា​អ្វី រថយន្ត​ស្រាប់​តែ​រេ​ចង្កូត​ក្រឡាប់​ទៅ​ម្ខាង​ផ្លូវ​ដួល​សង្កត់​ម៉ូតូ​ជន​រងគ្រោះ បណ្តាល​អោយ​រង​ការ​ខូច​ខាត ។ កំឡុង​ពេល​មុន​រថយន្ត​ក្រឡាប់​សង្កត់​លើ​ម៉ូតូ ជន​រងគ្រោះ​ប្រុស​ស្រី​២​នាក់​បាន​លោត ​ចុះ​ពី​ម៉ូតូ​ទាន់​ពេល ទើប​មិន​បណ្តាល​គ្រោះ​ថ្នាក់​រង​របួស ឬ​ប៉ះ​​​​​ពាល់​ដល់​អាយុ​ជីវិត ។

ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិន​បាន​បណ្តាល​អោយ​ប៉ះ​ពាល់​ដល់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ឡើយ ។ ក្រោយ​កើត​ហេតុ សមត្ថកិច្ច​ចុះ​អន្តរាគមន៍​វាស់​វែង​ស្ទូច​យក​ទាំង​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រងគ្រោះ ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោរ រង់​ចាំ​ភាគី​ទាំង​២​ទៅ​ដោះ​ស្រាយ​គ្នា​នៅ​ទី​នោះ ៕