គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​រំលែក​មរណ​ទុក្ខ​ចំពោះ​គ្រួសារ​យោធិន​ពលី

រាជធានី​ភ្នំពេញ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី ១១ ខែឧសភា ឆ្នាំ​២០១៧ នេះ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​សារ ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដើម្បី​រំលែក​មរណ​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​នៃ​សព​យោធិន​កម្ពុជា ៤​រូប ដែល​បាន​ពលី​ជីវិត​ក្នុង​បេសកកម្ម​របស់​ខ្លួន​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល។

លោក​បាន​បញ្ជាក់​ក្នុង​សារ​នោះ​ថា៖ លោក​មាន​សេចក្ដី​រន្ធត់​ក្រៀមក្រំ និង​សោកស្ដាយ​យ៉ាង​ក្រៃលែង​ដែល​បាន​ទទួល​ដំណឹង អំពី​មរណភាព​របស់​ទាហាន​មួក​ខៀវ​កម្ពុជា​ទាំង​៤​រូប។ លោក​បាន​បន្ត​ទៀត​ថា មរណភាព​នៃ​យោធិន​កម្ពុជា​នេះ​ជា​ការ​បាត់បង់​យ៉ាង​ធំធេង​នូវ ស្វាមី ឪពុក និង​សមាជិក​គ្រួសារ ជាទី គោរព ស្រឡាញ់ នៃ​គ្រួសារ​សព ហើយ​ក៏​ជា​ការ​បាត់បង់​នូវ​យោធិន​កម្ពុជា​ដ៏​អង់អាច​ក្លាហាន ដែល​បាន​លះបង់​កម្លាំង​កាយ កម្លាំង​ចិត្ត ដើម្បី​ការពារ​ជាតិ មាតុភូមិ និង​ស្ថិរភាព សន្តិភាព​សកល ក្នុង​បេសកកម្ម​អង្គការ​សហ​ប្រជាជាតិ។

ជា​ចុង​ក្រោយ​លោក សូម​ឧទ្ទិស​បួងសួង​ជូន​ដួង​វិញ្ញាណក្ខន្ធ​យោធិន​ទាំង​៤​រូប សូម​បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ។