ចិន​ចូល​ម៉ស្សាៈ ពេល​ចូល “ដុល្លារ​មនុស្ស” ចេញ​វិញ “ដុល្លារ​សែន​ខ្មោច”

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់​ចូល​ហាង​ម៉ាស្សា​មួយ​កន្លែង ត្រូវ​នារី​ៗ​ម៉ាស្សា​លួច​យក​លុយ​អស់​១៣៥​ដុល្លារ រួច​ដាក់​លុយ​ដុល្លារ​សែនខ្មោច​១​សន្លឹក​មក​ឲ្យ​វិញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៧ នេះ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

បើ​តាម​ជន​រង​គ្រោះ ឈ្មោះ ZHANG JIANAN អាយុ​២៦​ឆ្នាំ ជា​ជនជាតិ​ចិន ស្នាក់​នៅ​ក្នុង​ខណ្ឌ​សែន​សុខ បាន​រៀបរាប់​ពី​ហេតុការណ៍​អោយ​ដឹង​ថា នៅ​មុន​កើតហេតុ ខ្លួន​បាន​មក​រក​ម៉ាស្សា​នៅ​កន្លែង​ដូច​ខាងលើ នៅ​ពេល​ដែល​រូប​គាត់​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ហើយ​នោះ នារី​ម៉ាស្សា តម្រូវ​ឲ្យ​ជន​រង​គ្រោះ​ដោះ​សំលៀក​បំពាក់​ចេញ​ទាំងអស់​រួច​ក៏​ម៉ាស្សា​ជា​ធម្មតា។ គាត់​បាន​បន្ត​ថា ក្រោយ​ពេល​ម៉ាស្សា​ចប់​ហើយ ក៏​បាន​ឲ្យ​លុយ​ថ្លៃ​សេវា រួច​ហើយ​ក៏​បាន​ចេញ​ទៅ​រក​ទិញ​អី​ញាំ ស្រាប់តែ​ពេល​ដក​កាបូប​ដើម្បី​ឲ្យ​ថ្លៃ​ទំនិញ​គេ ក៏​ឃើញ​ក​ប្រាក់​១០០​ដុល្លារ​ក្លែងក្លាយ (​លុយ​សែនខ្មោច​) ទៅ​វិញ ហើយ​លុយ​ក្នុង​កាបូប​ចំនួន​១៣៥​ដុល្លារ បាត់​អស់​គ្មាន​សល់ ទើប​ជន​រង​គ្រោះ​បានដឹង​ថា ខ្លួន​បាន​បាត់​លុយ ក្នុង​កន្លែង​ម៉ាស្សា ហើយ​ធ្វើ​ដំណើរ​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​កាកាប ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ។

ក្រោយ​ពី​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ជន​រង​គ្រោះ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​សង្កាត់​កា​កាប បាន​ចេញ​កម្លាំង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ប៉ុន្តែ​ពេល​ទៅ​ដល់ ក្រុម​នារី​ម៉ាស្សា​ខាងលើ បាន​ចាក់​សោ​ហាង​រត់គេច​ខ្លួន​បាត់​អស់​ស្រមោល៕