រន្ទះ​បាញ់​ដើម​ដូង​របស់​អនុ​ប្រធាន​រដ្ឋ​សភា សង្កត់​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​បាក់​ខ្ទេច​រស់​នៅ​លែង​កើត សង​៥០០$

រាជធានី​ភ្នំពេញ៖ ឧប្បត្តិ​ហេតុ​នៃ​គ្រោះ​ធម្មជាតិ​មួយ​ដែល​នឹក​ស្មាន​មិន​ដល់​បង្ក​ឡើង​ដោយ​រន្ទះ​បាញ់​ដាច់​ដើម​ដូង​មួយ​ដើម​នៅ​ក្នុង​បរិវេន​ភូមិ​គ្រឹះ​លោក ងួន ញិល អនុ​ប្រធាន​រដ្ឋសភា​ដែល​មាន​ទី​តាំង​ស្ថិត​ក្នុង​ភូមិ​អូរអណ្ដូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ កាល​ពី​វេលា​ម៉ោង​៣​ទាប​ភ្លឺ​ថ្ងៃ​ទី០៥​ខែ​ឧសភា​ឆ្នាំ​២០១៧ បណ្ដាល​ឲ្យ​បាក់​សង្កត់​លំ​នៅ​ដ្ឋាន​អ្នក​រស់​នៅ​ជាប់​របង​ខូច​ខាត​ទាំង​ស្រុង​រស់​នៅ​លែង​កើត​តែ​សំណាង​ល្អ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​ឬ​គ្រោះ​ថ្នាក់​អ្វី​ឡើយ ។

18361445_266101140466085_330876908_n

អ្វី​ជា​ការ​កត់​សម្គាល់​ជុំ​វិញ​ហេតុការណ៍​ខាង​លើ​នេះ គឺ​ប្រភព​ព័ត៌មាន​ពី​គ្រួសារ​រង​គ្រោះ​ក៏​ដូច​ជា​អាជ្ញាធរ​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា លោក ងួន ញិល ដែល​មាន​ទ្រព្យ​មហា​សាល​បាន​សង​ប្រាក់​ថ្លៃ​ជួស​ជុល​លំ​នៅ​ដ្ឋាន​របស់​អ្នក​រង​គ្រោះ​ជា ស្រ្ដី​មេ​ម៉ាយ​ទុរគត​ត្រឹម​៥០០​ដុល្លារ​ប៉ុណ្ណោះ​ដែល​សំណង​នេះ មិន​អាច​ឲ្យ​ម្ចាស់​ផ្ទះ​រង​គ្រោះ​ជួស​ជុល​ផ្ទះ​ ដើម្បី​រស់​នៅ​ជុំ​កូន​ចៅ​បាន​ឡើយ។

18009985_266101153799417_463569661_n

ជា​មួយ​គ្នា​នេះ​ដែរ ស្ដ្រី​ជា​ម្ចាស់​ផ្ទះ​បាន​ទទូច​អង្វរ​ក​សុំ​រក​ជំនួយ​ឧបត្ថម្ភ​បន្ថែម​ដល់​គ្រួសារ​គាត់ ពី​សំណាក់​បណ្ដាញ​សង្គម ហ្វេស​ប៊ុក ដើម្បី​គាត់​សាង​សង់​ជំរក​ស្នាក់​នៅ​ជុំ​កូន​ចៅ​ត​ទៅ​ថ្ងៃ​មុខ។ដោយ​ក្ដី​អាណិត​អាសូរ​ដល់​គ្រួសារ​ទុរគត​ជន​ដែល​ជួប​គ្រោះ​ធម្មជាតិ​ដ៏​ចង្រៃ​នេះ​លោក ម៉ម វ៉ាន បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​១០$(ដប់​ដុល្លារ)​ដើម្បី​ជា​ការ​ចូល​រួម​រំលែក​នូវ​ទុក្ខ​លំបាក​ជាក់​ស្ដែង​ជា​មួយ​គ្រួសារ​ខាង​លើ​នេះ។

18361547_266101150466084_2032375180_n

តាម​ការ​រៀប​រាប់​របស់​ស្ដ្រី​ម្ចាស់​ផ្ទះ​រង​គ្រោះ​ឈ្មោះ ម៉ែន យ៉ាន ដែល​ជា​ម្ចាស់​ផ្ទះ​រង​ការ​ខូច​ខាត បាន​និយាយ​ថា គ្រួសារ​គាត់​រក​ស៊ី​បាន​ព្រឹក​ខ្វះ​ល្ងាច​បាន​ល្ងាច​ខ្វះ​ព្រឹក ហើយ​ជួប​គ្រោះ​មហន្ដរាយ​បែប​នេះ​ទៀត​គាត់​ពិត​ជា​គ្មាន​អ្វី​ទី​ពឹង​ក្រៅ​ពី​លើក​ម្រាម​ដៃ​ដប់​សុំ​ក្ដី​អាណិត​អាសូរ​ពី​បង​ប្អូន​សប្បុរស​ជន​គ្រប់​ទិស​ទី​មេត្តា​ជួយ​ដល់​គ្រួសារ​គាត់​ផង។

18386602_266101180466081_165708404_n

ស្ដ្រី​ដដែល​បាន​រៀប​រាប់​បន្ដ​ថា សំណង់​ផ្ទះ​សំបែង​របស់​គាត់​ដែល​រងគ្រោះ​ខាង​លើ​នេះ​គឺ សាង​សង់​ឡើង​មិន​ទាន់​សង​លុយ​ថ្លៃ​ជាង​អស់​ផង ឥឡូវ​ជួប​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​បែប​នេះ​គឺ គ្រួសារ​គាត់​ពិត​ជា​វេទនា​ខ្លាំង​ណាស់។ ម្យ៉ាង​ទៀត​ដី​ដែល​គាត់​សង់​ជំរក​ស្នាក់​នៅ​ជា​មួយ​កូន​ចៅ​គឺ បាន​មក​ពី​ខ្ចី​លុយ​ធនាគារ ទិញ​បង់​រំលស់​រាល់​ខែ ក៏​មិន​ទាន់​សង​ធនាគារ​រួច​នៅ​ឡើយ​ទេ។

18386823_266101167132749_1425273266_n

គួរ​រំលឹក​ថា កាល​ពី​វេលា​ទាប​ភ្លឺ​ថ្ងៃ​កើត​ហេតុ​ក្រុម​គ្រួសារ​រង​គ្រោះ​កំពុង​សំ រាន​លង់​លក់​ក្នុង​ដំណេក ស្រាប់​តែ​រន្ទះ​បាញ់​ដើម​ដូង​នៅ​ក្នុង​បរិវេន​ដី​ឡូត៍​របស់​លោក ងួន ញិល បណ្ដាល​ឲ្យ​ដាច់​ត្រឹម​ក​ដូង​ខ្ទាត​ធ្លាក់​មក​លើ លំ​នៅ​ដ្ឋាន​របស់​គ្រួសារ​រង​គ្រោះ​តែ​សំណាង​ល្អ​ណាស់​មិន​បណ្ដាល​ឲ្យ​មាន​នរណា​ម្នាក់​រងគ្រោះ​ថ្នាក់​ឡើយ។ សង្ឃឹម​ថា និង​មាន​បង​ប្អូន​ប្រិយមិត្ត​សប្បុរស​ជន​គ្រប់​ទិស​ទី​និង​ជួយ​ឧបត្ថម្ភ​តាម​កម្លាំង​សទ្ធា​ជា​ការ​ចូល​រួម​រំលែក​នូវ​ទុក្ខ​លំបាក​ជាក់​ស្ដែង​ជា​មួយ​គ្រួសារ​ខាង​លើ​នេះ​ជាក់​ជា​ពុំ​ខាន​ឡើយ។

18424532_266101183799414_886198643_n

ជុំ​វិញ​ឧប្បត្តិ​ហេតុ​ខាង​លើ​នេះ លោក ងួន ញិល មិន​អាច​ទំនាក់​ទំនង​សុំ​ការ​បំភ្លឺ​បាន​ឡើយ​នៅ​ថ្ងៃ​ទី​៩​ខែ​ឧសភា នេះ៕

110