ប្រធាន​គយ​ច្រក​ទ្វា​អន្ត​ជាតិ​ប៉ោយ​ប៉ែត បើក​ដៃ​ឲ្យ​លោក ឃឹម សូ​ម៉ា​លី ប្រមូល​លុយ​ពី​អាជីវ​ករ​ដឹក​ទំនិញ​ចេញ​ពី ប្រទេស​ថៃ​យ៉ាង​សប្បាយ

បន្ទាយមានជ័យ៖  អាជីវ​ករ​រក​ស៊ី​ដឹក​ទំនិញ​នាំ​ចេញ​ពី​ថៃ​តាម​រទេះ​បាន​និយាយ​តៗ​គ្នា​ចោត​ទៅ​លើ​លោក ហ៊ុយ សុជាតិ ប្រធាន​គយ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​ថា​លោក បាន​កំពុង​បើក​ភ្លើង​ខៀវ​ឲ្យ​លោក ឃឹម សូម៉ាលី ប្រធាន​ទទួល​បន្ទុក​ពិនិត្យ​រទេះ​ដឹក​ទំនិញ​ចេញ​ពី​ថៃ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដើម្បី​ប្រមូល​លុយ​ចិញ្ចឹម​មេ បើ​ថា​មិន​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​លោក ហ៊ុយ សុជាតិ ទេ​នោះ​ក៏​លោក ឃឹម សូម៉ាលី មិន​ហ៊ាន​ប្រព្រិត្ត​អំពើ​ពុក​រលួយ​ជា​ចំហរ​ដូច​នេះ​ដែរ។

លោក ឃឹម សូម៉ាលី​ បាន​ប្រើ​បុគ្គលិក​ត្រួត​ពិនិត្យ​រទេះ​ដឹក​ទំនិញ​ចេញ​ពី​ផ្សារ​ថៃ​ជា​បុគ្គលិក​ស៊ីវិល​ដែល​គេ​និយម​ហៅ​ថា​ចៃ​គយ  មិន​មែន​ជា​មន្ត្រី​គយ ដែល​ស្លៀក​ពាក់​ខោ​អាវ​ឈុត​អង្គ​រក្ស​ចាំ​នៅ​ត្រួត​ពិនិត្យ​រទេះ​និង​រាយ​ការណ៍​ឲ្យ​ស្នាក់​ការ​ត្រួត​ពិនិត្យ​រទេះ​នៅ​ឯ​ផ្សារ​មង្គល​ហៅ​ថា​(ផ្សារ​រ៉ា​ថ្មី) ហើយ​ធ្វើ​ឲ្យ​មហា​ជន​ឆ្ងល់​ថា កិច្ច​ការ​ទាំង​អស់​នេះ​ជា​កិច្ចការ​របស់​រដ្ឋ ហេតុ​អ្វី​ក៏​លោក ឃឹម សូម៉ាលី ក្លាហាន​បំពាន​ច្បាប់​ហ៊ាន​ប្រើ​ចៃ​គយ​ក្រៅ​ក្រប​ខ័ណ្ឌ​រដ្ឋ ឲ្យ​ត្រួត​ពិនិត្យ​រទេះ​ដឹក​ទំនិញ​ទៅ​វិញ​បញ្ហា​មិន​ប្រក្រតី​នេះ គេ​ជឿ​ជាក់​ថា  លោក​ហ៊ុយ សុជាតិ ប្រធាន​គយ ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ច្បាស់​ជា​បាន​ដឹង​តែ​ធ្វើ​មិន​​ដឹង អាច​ថា​លោក ឃឹម សូម៉ាលី ជា​អ្នក​រក​ស្រូវ​អង្ករ​ចិញ្ចឹម​មេ​ទៀត​ផង។

បើ​តាម​ប្រជា​ពលរដ្ឋ​ដែល​ជា​អាជីវ​ករ​បាន​ឲ្យ​ដឹង​ទៀត​ថា មន្ត្រី​គយ​ក្រោម​ឱ​វាទ​លោក ឃឹម សូម៉ាលី មិន​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​រាល់​ទំនិញ​ទាំង​អស់​នៅ​ក្នុង​រទេះ​ឲ្យ​បាន​ម៉ត់​ចត់​នោះ​ទេ ព្រោះ​តែ​អ្នក​រក​ស៊ី​ជ្រែ​អី​វ៉ាន់​គេច​ពន្ធ​ពួក​គាត់​បាន​សម្រប​សម្រួល​ជា​មួយ​លោក ឃឹម សូម៉ាលី ជា​មុន​រួច​រាល់​អស់​ហើយ គឺ​ដោយ​តម្រូវ​ឲ្យ​ពួក​គាត់​បង់​ខែ​ឬ​បង់​ប្រចាំ​ថ្ងៃ​ក៏​បាន​ដូច​ជា​ក្នុង​រទេះ​មាន​ជ្រែ​បង្កប់​ទំនិញ​គ្រឿង​ប្រណិត​ត្រូវ​បង់​ពន្ធ​ខ្ពស់​តែ​ដោយ​សារ​មាន​ការ​សម្រប​សម្រួល​គ្នា​រវាង​មន្ត្រី​គយ និង​ឈ្មួញ​ខិល​ខូច ទើប​ពុំ​មាន​បង់​ពន្ធ​ទំនិញ​ប្រណិត​ខាង​លើ​បណ្តាល​ឲ្យ​រដ្ឋ​ត្រូវ​បាត់​បង់​ថវិកា​ដែល​បាន​មក​ពី​ចំណូល​ពន្ធ​ជា​ច្រើន។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​មាន​ការ​ពុក​រលួយ​ចេះ​សម្រប​សម្រួល​គ្នា​ស៊ី​សង្វាក់ ទើប​មាន​ការ​បង់​លុយ​គិត​តាម​រទេះ​គ្មាន​ការ​ត្រួត​ពិនិត្យ​ក្នុង​មួយ​រទេះ​ត្រូវ​បង់​ពី​១០​ទៅ​២០​ម៉ឺន​រៀល​តាម​រទេះ​មាន​ទំនិញ​តិច​ឬ​ច្រើន​និង​មិន​មាន​ចេញ​វិកយ័​បត្រ​នោះ​ទេ ដែល​ជា​ទង្វើរ​បុគ្គលិក​ផ្ទុយ​ពី​បទ​បញ្ជា​របស់ ក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ​និង អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

ម្យ៉ាង​ទៀត​នោះ​លោក ឃឹម សូម៉ាលី បាន​ទទួល​ម៉ៅ​ផែន​ការ​ប្រមូល​លុយ​ពី​រទេះ​ដើម្បី​បង់​ឲ្យ​ទី​ស្នាក់​ការ​គយ​ច្រក​ទ្វារ​ប៉ោយ​ប៉ែត​ជា​រៀង​រាល់​ខែ​ហេតុ​ដូច្នេះ​ហើយ​ទើប​មន្ត្រី​គយ​រូប​នេះ​ជិះ​សេះ​លែង​ដៃ​ក្នុង​ការ​ប្រមូល​លុយ​ពីរ​ទេះ​ធ្វើ​ការ​សម្រប​សម្រួល​និង​ឃុប​ឃិត​ជា​មួយ​ឈ្មួញ​រក​ស៊ី​ជ្រែ​ទំនិញ​គេច​ពន្ធ​ដោយ​ប្រមូល​លុយ​គ្មាន​ការ​ត្រួត​ពិនិត្យ​និង​គ្មាន​វិក័យ​បត្រ ទើប​ធ្វើ​ឲ្យ​រដ្ឋ​ខាត​បង់​ចំណូល​ពន្ធ​យ៉ាង​ច្រើន។

ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ខាង​លើក​នេះ​ភ្នាក់​ងារ​”ដំណឹងយប់មិញ”មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ឃឹម សូម៉ាលី ប្រធាន​ត្រួត​ពិនិត្យ​រទេះ​ដឹក​ទំនិញ​ចេញ​ពី​ថៃ​បាន​ឡើយ ចំណែក​លោក ហ៊ុយ សុជាតិ មេ​គយ​ធំ​ច្រក​ទ្វារ​ប៉ោយ​ប៉ែត យើង​ពុំ​មាន​លេខ​ទូរសព្ទ័​ទំនាក់​ទំនង​ទេ​ភ្នាក់​ងារ”ដំណឹងយប់មិញ”រង់​ចាំ​រាល់​ការ​បំភ្លឺ​ពី​លោក  ហ៊ុយ សុជាតិ​នឹង​លោក ឃឹម ​សូម៉ាលី រាង​រាល់​ម៉ោង​ធ្វើ​ការ។

អំពើ​ពុក​រលួយ​របស់​គយ​ត្រួត​ពិនិត្យ​រទេះ​នៅ​ច្រក​ប៉ោយ​ប៉ែត​ដែល​ត្រូវ​បាន​លោក ឃឹម សូម៉ាលី ប្រព្រឹត្តិ​យ៉ាង​រលូន​គឺ​ជា​ដំបៅ​មហា​រីក​គួរ​តែ​ក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ​រួម​ទាំង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចុះ​ត្រួត​ពិនិត្យ​ដើម្បី​ទប់​ស្កាត់​ការ​បាត់​បង់​ចំណូល​ពន្ធ​របស់​រដ្ឋ​៕


IMG_20170508_135053IMG_20170508_135146